អ្នកជំនាញ ៖ យ៉ាងយូរ៥ឆ្នាំទៀតតំបន់ផ្លូវក្រវាត់ក្រុងទី៣ក្នុងខេត្តកណ្តាល និងវិវឌ្ឍន៍ស្រដៀងតំបន់មួយចំនួនក្នុងខណ្ឌដង្កោរ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តំបន់ផ្លូវក្រវាត់ក្រុងទី៣ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលត្រូវបានអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យជាច្រើនអះអាងថា ជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍យ៉ាងសកម្មពីសំណាក់វិស័យឯកជនខណៈមានការព្យាករថាយ៉ាងយូរនៅក្នុងចន្លោះ៣-៥ឆ្នាំខាងមុខទៀត តំបន់ខាងលើនេះអាចនឹងអភិវឌ្ឍន៍ប្រែរូបរាងស្រដៀងគ្នាទៅនឹងតំបន់ផ្លូវក្រវាត់ក្រុងទី៣ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោរ រាជធានីភ្នំពេញ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចនទ្រព្យ Chailin Sear Realty Co.,Ltd លោកស៊ា ឆៃលីន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះថា ទោះជាស្ថិតនៅក្នុងបរិបទដូចពេលបច្ចុប្បន្ន ប៉ុន្តែការទិញលក់ដីធ្លីនៅតំបន់ផ្លូវក្រវាត់ក្រុទី៣ ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនៅតែបន្តមាន ដែលក្នុងនោះការទិញលក់ត្រូវបានបែងចែកចេញជា២ប្រភេទ គឺប្រភេទដីទំហំធំសម្រាប់អភិវឌ្ឍន៍ និងដីទំហំតូចសម្រាប់ប្រើប្រាស់ជាលក្ខណៈឯកជន។

លោកបានបន្តទៀតថា “បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងតែបន្តការសកម្មភាពសាងសង់ និងពង្រីកផ្លូវ ហើយសម្រាប់វិស័យឯកជនក៏កំពុងស្វែងរកទីតាំងសម្រាប់អនុវត្តគម្រោងរបស់ពួកគេ ដែលក្នុងនោះអ្នកខ្លះរកដីទំហំសម្រាប់អភិវឌ្ឍន៍ជាឃ្លាំង ឬសម្រាប់បម្រើឱ្យវិស័យឧស្សាហកម្មដូចជារោងចក្រ សហគ្រាសជាដើម ប៉ុន្តែមិនសូវពុះកញ្ជ្រោលដូចកាលពី១ឆ្នាំ ឬ២ឆ្នាំមុននោះទេ។ ដោយឡែកសម្រាប់ការស្វែងរកទិញដីទំហំតូចល្មមសម្រាប់ប្រើប្រាស់ជាលក្ខណៈឯកជនក៏មានដែរ ហើយពាក់ព័ន្ធទៅនឹងតម្លៃទីផ្សារគឺវាអាស្រ័យទៅតាមតំបន់ដែលមានប្រជាជនរស់នៅស្រាប់ និងតំបន់ដែលមិនមានអ្នករស់នៅ”។

លោកបញ្ជាក់ថា “ផ្អែកតាមល្បឿននៃការអភិវឌ្ឍន៍ និងកំណើនប្រជាជនជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ ខ្ញុំគិតថាយ៉ាងយូរអាចចំណាយពេលប្រមាណចន្លោះ ពី៣-៥ឆ្នាំ នៅតំបន់ផ្លូវក្រវាត់ក្រុងទីនេះក្នុងខេត្តកណ្តាលនេះ នឹងមានការវិវឌ្ឍស្រដៀងគ្នាទៅនឹងតំបន់ផ្លូវក្រវាត់ក្រុងទី៣ស្ថិតនៅក្នុងខណ្ឌដង្កោរ ហើយតម្លៃអចលនវត្ថុទៀតសោតក៏បន្តកើនឡើងបន្ថែមទៀត”។

លោកសៅ សាខុំ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ Cambodian Estate Alliance (CEA) Co.,Ltd បានទទួលស្គាល់នូវសកម្មភាពទិញលក់ដីធ្លីនៅតំបន់ផ្លូវក្រវាត់ទី៣ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ប៉ុន្តែពាក់ព័ន្ធទៅនឹងតម្លៃត្រូវបានលោកអះអាងថា បច្ចុប្បន្នដីនៅតំបន់ខ្លះបានឡើងខ្ពស់រហូតដល់ជាង៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែក៏មានដីនៅទីតាំងខ្លះស្ថិតនៅចន្លោះពី៥០-៦០ដុល្លារក៏មានដែរ។ ថ្វីត្បិតស្ថិតនៅជាប់ផ្លូវក្រវាត់ក្រុងទី៣ដូចគ្នា ប៉ុន្តែតម្លៃមិនដូចគ្នានោះទេ ដែលវាអាស្រ័យទៅតាមតំបន់ដែលមានការអភិវឌ្ឍស្រាប់ និងតំបន់ដែលទើបតែចាប់ផ្តើមមានគម្រោងអភិវឌ្ឍន៍។

លោកបានបញ្ជាក់ថា “ចាប់ពីចំណុចផ្លូវបំបែកចេញពីផ្លូវជាតិលេខត្រង់ចំណុចភូមិស្រែអំពិល បើគិជាមធ្យមតម្លៃដីស្ថិតនៅក្នុងរង្វង់៣០០ដុល្លារ ឬលើសនេះតិចតួច ព្រោះជាតំបន់ដែលមានប្រជុំជនរស់នៅច្រើនស្រាប់ មានផ្សារក្នុងតំបន់ដែលអាចប្រកបអាជីវកម្មបាន ប៉ុន្តែបើស្ថិតនៅត្រង់ចំណុចផ្លូវបំបែករង្វង់មូល តម្លៃដីគិតជាមធ្យមធ្លាក់មកនៅត្រឹម២០០ដុល្លារក្នុងមួយម៉ែត្រ ដែលតម្លៃទាំងនេះសម្រាប់ប្រភេទដីទំហំតូចក្រោម១ហិកតា ប៉ុន្តែបើដីទំហំធំជាងនេះតម្លៃដីធ្លាក់ចុះមកត្រឹម១៥០ ឬក្រោមនេះបន្តិច”។

លោកបន្តថា “ដោយឡែកសម្រាប់ដីដែលស្ថិតនៅក្បែរគម្រោងផ្លូវក្រវាត់ក្រុងទី៣ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ដែលស្ថិតនៅខាងក្នុងតម្លៃដីអាចស្ថិតនៅត្រឹម៥៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃទាំងនេះនឹងបន្តឡើងថ្លៃក្រោយពេលគម្រោងអភិវឌ្ឍន៍នានាត្រូវបានចាប់ផ្តើមលេចចេញជារូបរាងកាន់តែច្បាស់ ជាពិសេសការបង្កើត និងសាងសង់ផ្លូវបន្ថែមក្នុងតំបន់ដែលមានទំហំ១៥ម៉ែត្រ និង៣០ម៉ែត្រជាដើម” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here