គម្រោង “ភូមិកីឡា” ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបម្រើដល់អត្តពលិករាប់ពាន់នាក់នៅស៊ីហ្គេមឆ្នាំ២០២៣

0

ដោយៈ ប៊ី

ភ្នំពេញៈ គម្រោងសាងសង់ភូមិកីឡា ដែលត្រូវសាងសង់ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នឹងជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី រាបពាន់នាក់ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣។

ភូមិកីឡា ឬដែលគេនិយមហៅថា បុរីកីឡា ជាតម្រូវការក្នុងការសាងសង់ក្នុងកីឡដ្ឋានជាតិមរតកតេជោ ខណៈវាគឺជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី ក្នុងអំឡុងពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។

តាមការបញ្ជាក់នៅលើទំព័រ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គម្រោងសាងសង់ភូមិកីឡា ឬបុរីកីឡា គឺជាការសហការជាមួយក្រុមហ៊ុនឯកជន World Bridge Sport Village ដោយនៅក្នុងគម្រោងសាងសង់ភូមិកីឡានេះ ឃើញថាមានសោភ័ណ្ឌភាព រចនាបទល្អ និងគោរពទៅតាមបទដ្ឋាននិយាមនៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវសាងសង់លើផ្ទៃដីទំហំប្រមាណ ៨ហិកតា ស្ថិតនៅផ្នែកខាងក្រោយពហុកីឡដ្ឋានជាតិមរតកតេជោ។

ភូមិកីឡា គឺជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី ក្នុងពេលស៊ីហ្គេម ដែលអាចរក្សានូវសុវត្ថិភាព ការគ្រប់គ្រងជាដើម។ ភូមិកីឡានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ឲ្យក្រុមហ៊ុន World Bridge Sport Village ដែលជាក្រុមហ៊ុនធ្លាប់មានស្នាដៃកសាងអគារខ្ពស់ៗ ក្នុងរាជធានីភ្នំពេញ។

នៅក្នុងភូមិកីឡានេះ នឹងរៀបចំឲ្យមានសារមន្ទីរស៊ីហ្គេម ដែលនឹងអាចផ្ទុកអនុស្សាវរីយ៍ទាំងឡាយនៅក្នុងសារមន្ទីរស៊ីហ្គេម សម្រាប់ការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស និស្សិត ក៏ដូជាមហាជនទូទៅជំនាន់ក្រោយៗ អាចស្វែងរកការស្រាវជ្រាវនៅទីនោះបាន។

ភូមិកីឡានេះ នឹងត្រូវប្រគល់ជូន CAMSOC នាចុងឆ្នាំ២០២២ សម្រាប់ការរៀបចំប្រើប្រាស់ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលតាមការគ្រោងទុក នឹងអាចមានអត្តពលិកប្រមាណ ៧០០០នាក់ រួមទាំងប្រតិភូ មន្ត្រី គ្រូបង្វឹក ប្រមាណ ៣០០០នាក់ទៀត សរុបប្រមាណ១ម៉ឺននាក់ នៅក្នុងភូមិកីឡាតែមួយនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ថែរក្សាសុវត្ថិភាព ក៏ដូចជាអាចហូបចុក ស្នាក់នៅជុំគ្នា ព្រមទាំងងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម – SEA Games) លើកទី៣២ ដែលកម្ពុជា ត្រៀមទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ នឹងធ្វើឡើងនៅចន្លោះថ្ងៃទី០៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here