ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គម្រោងស្ថាបនា និងកែលម្អផ្លូវទាំង៣៨ខ្សែនៅទូទាំងក្រុងសៀមរាបដែលកំពុងដំណើរការយ៉ាងសកម្មនៅពេលបច្ចុប្បន្នកមពុងត្រូវបានក្រុមការងារជំនាញបច្ចេកទេសសិក្សាលម្អិត និងឈានទៅរកការសម្រួលបញ្ជីប៉ាន់ស្មានតម្លៃនៃគម្រោងទាំងមូល។
លោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១បានដឹកនាំកិច្ចប្រជុំក្រុមការងារជំនាញបច្ចេកទេសក្រសួងដើម្បីពិនិត្យនិងកែសម្រួលបញ្ជីប៉ាន់តម្លៃនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ឱ្យបានចប់សព្វគ្រប់នៅចុងខែមីនានេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពាក់ព័ន្ធធ្វើការពិនិត្យសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងដំណាក់ដំបូង កាលពីចុងឆ្នាំ២០២០កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិកាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ប្រវែងសរុប៩៨,៣៤គីឡូម៉ែត្រ ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភ័ណភាពទីក្រុងឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ ស្រយាលនៅជាយក្រុង និងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ ដោយគ្រោយចំណាយប្រមាណ១៤០លានដុល្លារ។
គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប ដើម្បី ពិនិត្យលើ លក្ខណៈបច្ចេកទេសសាងសង់ និងការអនុវត្តតាមលក្ខខណ្ឌតម្រូវ នៃស្តង់ដាបច្ចេកទេស ធានា បាននូវ គុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន ប្រសិទ្ធភាពខ្ពស់ និងសម្រេចការងារឱ្យបានទាន់ពេលវេលា ដែលរហូតមកដល់ពេលនេះសម្រេចលទ្ធផលការងារបាន១៨ភាគរយហើយ៕