កម្ពុជា -សិង្ហបុរី មានកំណើនទំហំពាណិជ្ជកម្មប្រមាណ ៤,២៤ពាន់លានដុល្លារអាមេរិក

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ទោះជាស្ថិតនៅក្នុងកំឡុងពេលនៃវិបត្តិកូវីដ១៩យ៉ាងណាក៏ដោយ សម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី បានកើនឡើងដល់ចំនួន ៤,២៤ពាន់លានដុល្លារអាមេរិក ជាមួយនឹងគម្រោងបង្កើនការវិនិយោគនៅក្នុងវិស័យផ្សេងៗជាច្រើនទៀតនៅក្នុងប្រទេសទាំង២។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជាបានមានប្រសាសន៍ថានៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះថា ទោះបីជាស្ថិតក្នុងវិបតិ្តនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរីមានទំហំ៤,២៤ពាន់លានដុល្លារ ហើយការវិនិយោគរបស់ប្រទេសសិង្ហបុរីនៅព្រះរាជាណាចក្រកម្ពុជាមានទំហំទៅដល់១,២៩ពាន់លានដុល្លារក្នុងរយៈពេល២៦ឆ្នាំកន្លងមកនេះ ពោលគឺចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២០។

ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា លោកស្រីធាវ ឡេ ឈិង (Teo Lay Cheng) បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើនដូចជា៖ វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

វិស័យសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ជាពិសេសអ្នកវិនិយោគសិង្ហបុរីបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកវិនិយោគកម្ពុជាក្នុងការអភិវឌ្ឍលើកកម្ពស់វិស័យបច្ចេកវិទ្យា និងវិស័យឌីជីថល ក្នុងនោះវិស័យដែលលេចធ្លោជាងគេ គឺវិស័យទេសចរណ៍ និងវិស័យបដិសណ្ឋារកិច្ច។

លោកស្រីបានបញ្ជាក់ថា ការហោះហើរត្រង់ពីប្រទេសសិង្ហបុរីមកព្រះរាជាណាចក្រកម្ពុជា គឺមានការកើនឡើង៩ដងក្នុងមួយសប្តាហ៍ ដែលអាចជំរុញលើកកម្ពស់ទំនាក់ទំនង និងការផ្សារភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះលោកស្រីក៏បានសន្យាជួយជំរុញការធ្វើវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងពីរក្រោយដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here