វិស័យឧស្សាហកម្មនៅតែទទួលបានការវិនិយោគថ្មី ប៉ុន្តែតម្រូវការប្រើប្រាស់ទ្រង់ទ្រាយធំនៅមិនទាន់មាននៅឡើយ

0

ដោយ ៖ លក្ខិណា
ភ្នំពេញ៖ ចាប់តាំងពីកម្ពុជាបានជួបនូវការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍២០ កុម្ភៈ ២០២១មក អាជីវកម្ម នៅតាមវិស័យជាច្រើនដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា បានស្ងប់ស្ងាត់ជាបន្តបន្ទាប់ និងធ្វើឱ្យប្រតិបត្តិករនៅក្នុងវិស័យទាំងនោះផ្អាកដំណើរការ ឬបិទអាជីវកម្មតែម្ដង។ យ៉ាងណាក្ដី ក្នុងចំណោមវិស័យសំខាន់ៗ គេឃើញថាមានតែវិស័យ ឧស្សាហកម្ម ជាពិសេសឧស្សាហកម្មកាត់ដេរ នៅតែទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់។

បើតាមលោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ចាប់តាំងពីកម្ពុជា ជួបនឹងប្រទះនឹងរលកទី៣នៃជំងឺកូវីដ១៩ឆ្លងចូលសហគមន៍ គេឃើញថាវិស័យជាច្រើនដែលបានកម្រើកឡើងវិញនៅដើមឆ្នាំ២០២១នោះបានជួបប្រទះនឹងបញ្ហាសាជាថ្មី រហូតបាត់បង់ឱកាសពង្រីកអាជីវកម្ម កាត់បន្ថយបុគ្គលិក ឬផ្អាកដំណើរការតែម្ដងនៅក្នុងដំណាក់កាលដ៏លំបាកមួយនេះ។

លោកបន្តថា ដោយឡែកពាក់ព័ន្ធនឹងការទិញលក់អចលនទ្រព្យ ដូចជាផ្ទះ ខុនដូ និងដីធ្លីសម្រាប់អភិវឌ្ឍន៍ជារោងចក្រធំៗក៏មានភាពស្ងប់ស្ងាត់ដែរ បើទោះជាមានគម្រោងវិនិយោគថ្មីត្រូវបានអនុម័តគាំទ្រដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាបន្តបន្ទាប់ក៏ដោយ។ លោកបន្ថែមថា អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើនៅពេលនេះ គឺត្រូវទប់ស្កាត់ការឆ្លងជំងឺក្នុងសហគមន៍ ជាពិសេសត្រូវទប់ស្កាត់ការឆ្លងចូលក្នុងវិស័យឧស្សាហកម្មរោងចក្រកាត់ដេរ ព្រោះពួកគាត់ភាគច្រើនធ្វើការជាបណ្ដាញ និងមានទំនាក់ទំនងគ្នាជាបន្តបន្ទាប់ ។

លោកអាត់ ធន់ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលត្រូវតែទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងរោងចក្រឱ្យបាន បើសិនជាកម្មករណាមួយមានពាក់ព័ន្ធ គឺត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងត្រូវផ្អាកដំណើរការរោងចក្រនោះដើម្បីស្រាវជ្រាវឱ្យបានច្បាស់លាស់សិន ទើបបើកដំណើរការឡើងវិញ បើពុំនោះទេ នឹងមានផលអាក្រក់កាន់តែខ្លាំងទៅលើវិស័យនេះ ។

យោងតាមរបាយការណ៍កន្លងមកបង្ហាញថានៅក្នុងវិបត្តិកូវីដ១៩ តាំងពីដើមឆ្នាំ ២០២០ ការនាំចេញក្នុងវិស័យកាត់ដេរគិតត្រឹមឆមាសទី៤ឆ្នាំ២០២០ បានរួមចំណែករហូតដល់៧០ភាគរយនៃការនាំចេញសរុប ខណៈវិស័យដែលគាំទ្រសំខាន់សេដ្ឋកិច្ច ដូចជាទេសចរណ៍ជាដើមបានធ្លាក់ចុះយ៉ាងគំហុក ស្ទើរ១០០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here