ដោយៈ ប៊ី
ភ្នំពេញៈ ភ្នាក់ងារវាយតម្លៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុ S&P Global Ratings របសសហរដ្ឋអាមេរិកបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកពីវិបត្តិកូវីដ១៩នឹងត្រូវបានជំរុញ ដោយកការដាក់ចេញនូវកញ្ចប់ថវិកាស្តារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងតម្រូវការសកលកាន់តែខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Standard នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
របាយការណ៍ ដែលមានចំណងជើងថា “ទស្សនវិស័យសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកត្រីមាស២ ឆ្នាំ២០២១ បានឱ្យដឹងថា ការចែកចាយវ៉ាក់សាំងកូវីដ១៩នៅក្នុងតំបន់នេះប្រហែលយឺតប្រទេសដទៃទៀត ប៉ុន្តែវានឹងអាចគ្រប់គ្រាន់ក្នុងការជំរុញការចំណាយរបស់អ្នកប្រើប្រាស់ និងតម្រូវការក្នុងស្រុកនៅចុងឆ្នាំឆ្នាំ២០២១នេះ។
ការវាយតម្លៃរបស់ភ្នាក់ងារ S&P Global បានព្យាករឡើងវិញថា កំណើនសេដ្ឋកិនៅអាស៊ីប៉ាស៊ីហ្វិកកើនឡើងដល់៧,៨ភាគរយនៅឆ្នាំ២០២១នេះ ដែលខុសពីការព្យាករណ៍ពីលើកមុន ដែលថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់មាន៦,៨ភាគរយ។
ការចែកចាយវ៉ាក់សាំងសកល ដែលមានល្បឿនលឿនជាងការរំពឹងទុក កញ្ចប់ថវិការស្តារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងការកើនឡើងនៃការដោះដូរពាណិជ្ជកម្ម និងផលិតកម្មបានជំរុញឱ្យការព្យាករណ៍របស់ខ្លួនកើនឡើងខ្ពស់។
លោក Shaun Roache ប្រធានសេដ្ឋវិទូប្រចាំនៅអាស៊ីប៉ាស៊ីហ្វិកនៃភ្នាក់ងារ S&P Global Ratings បានមានប្រសាសន៍ថា “យើងក៏រំពឹងផងដែរអំពីការចាក់វ៉ាក់សាំងជាបណ្តើរៗនៅក្នុងតំបន់ នឹងលើកទឹកចិត្តការចំណាយខ្ពស់លើសេវាកម្ម ការងារកាន់តែច្រើន និងការរកប្រាក់ចំណូលបានកើនឡើង”។
ខណៈពេលដែលការងើបឡើងវិញក្នុងល្បឿនមួយដ៏លឿន បានកើតឡើងនៅអាស៊ីប៉ាស៊ីហ្វិក ភ្នាក់ងារ S&P Global Ratings រំពឹងថាប្រទេសដែលមានកំណើនយឺតយ៉ាវ នឹងមានសន្ទុះឡើងវិញនៅចុងឆ្នាំ២០២១នេះ។
ប្រទេសដែលនៅតែរក្សាកំណើនសេដ្ឋកិច្ច រួមមានចិន នូវែលហ្សេឡង់ កោះតៃវ៉ាន់ និងវៀតណាម៕