ទីផ្សារដីធ្លីនៅតាមផ្លូវជាតិលេខ២ខេត្តតាកែវ កំពុងទាក់ទាញការវិនិយោគ

0

ដោយ ៖ រ៉ាណេត

តាកែវ ៖ ស្ថិតនៅក្នុងផែនការនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាទៅលើការរៀបចំ និងស្ថាបនាផ្លូវជាតិលេខ២ឱ្យមានលក្ខណៈធំទូលាយ និងល្អប្រសើរបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងបម្រើដល់វិស័យដឹកជញ្ជូននោះ បច្ចុប្បន្នបាន និងកំពុងជំរុញឱ្យមានតម្រូវការប្រើប្រាស់ដីនៅសងខាងផ្លូវសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍ជាគម្រោងលំនៅដ្ឋាន និងគម្រោងឧស្សាហកម្មរោងចក្រផងដែរ។

លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ថា ទីផ្សារដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ២ បច្ចុប្បន្នកំពុងបង្ហាញពីសក្តានុពល និងអំណោយផលដល់ការវិនិយោគ អភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋាន ក៏ដូចជាការវិនិយោគក្នុងវិស័យឧស្សាហកម្មផងដែរ។

លោកស្រីបន្តថា “ជាធម្មតានៅពេលដែលមានគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលគឺតែងអនុគ្រោះដល់ការវិនិយោគ និងអភិវឌ្ឍន៍របស់វិស័យឯកជន។ ជាមួយគ្នានេះ សម្រាប់គម្រោងស្ថាបនា និងកែលម្អផ្លូវជាតិលេខ២នៅពេលនេះ ក៏បានជួយធ្វើឱ្យវិសយអចលនទ្រព្យនៅតំបន់នេះមានភាពរីកចម្រើនផងដែរ ព្រោះនៅពេលដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អស្អាត ងាយស្រួលធ្វើដំណើរ វានឹងជំរុញឱ្យមានមនុស្សចូលទៅរស់នៅ ហើយក៏មានរោងចក្រ សហគ្រាសចូលទៅដែរ ព្រោះងាយស្រួលក្នុងការដឹកជញ្ជូន។ អ្វីដែលសំខាន់ គឺនៅពេលមានតម្រូវការប្រើប្រាស់ដី តម្លៃដីគឺនឹងឡើងថ្លៃជាបន្តបន្ទាប់មិនខាន”។

លោកស្រីអាន សុធីតាបានបន្តថា បើគិតពីផ្លូវបំបែកផ្លូវ៦០ម៉ែត្រ មកផ្លូវជាតិលេខ២ តម្លៃដីមានការកើនឡើងថ្លៃពី១០០ ទៅ ៣០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រកការ៉េ ហើយរហូតដល់ផ្លូវបំបែកលេខ២០ ត្រង់រង្វង់មូលគួរស្រូវ គឺឡើងទ្វេងដង បើធៀបនឹង២ឆ្នាំមុន ហើយបន្តិចទៀតអាចនឹងបន្តឡោះងថ្លៃជាងនេះ ព្រោះជាតំបន់សាងសង់លំនៅដ្ឋាន ជាតំបន់ជាយក្រុងងាយស្រួលក្នុងធ្វើដំណើរចូលក្រុង និងងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មខ្នាតតំបន់ផងដែរ។ ដោយឡែកបើគិតពីរង្វង់មូលគួរស្រូវទៅចូលស្រុកកណ្តាលស្ទឹង តម្លៃដីនៅតាមបណ្តោយផ្លូវនេះ មិនមានការរឡើងថ្លៃប៉ុន្មានទេ អាចស្ថិតក្នុងចន្លោះពី ៨០ ទៅ ១០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។ យ៉ាងណាក៏ដោយ តម្លៃដីធ្លីវាអាចនឹងប្រែប្រួលទៅតាមប្រភេទដី និងទីតាំងដែលមានសក្តានុពល។

បច្ចុប្បន្ន ផ្លូវជាតិលេខ២កំពុងតែដំណើរការស្ថាបនា ពង្រីក និងកែលម្អឱ្យកាន់តែល្អប្រសើរ បន្ទាប់បានពីបើកការដ្ឋានសាងសង់កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២២។ ផ្លូវជាតិមួយខ្សែនេះ នឹងដើរតួជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយទៀតរបស់កម្ពុជា ដោយតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ និងជាពិសេសតភ្ជាប់ផ្លូវ៦០ម៉ែត្រ និងផ្លូវលេខ២០ ឆ្ពោះមកកាន់ទីក្រុងភ្នំពេញ ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងចំណាយពេលតិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here