ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន PTT Global Chemical Public Company ប្រកាសថា ខ្លួននឹងពង្រីកអាជីវកម្មគីមីរបស់ខ្លួនទៅកាន់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ដោយមើលឃើញពីសក្តានុពលក្នុងការវិនិយោគក្នុងប្រទេសទាំងនេះ។ នេះបើយោងតាមការកាសែតបាងកកប៉ុស្តិ៍ នៅក្នុងសប្តាហ៍នេះ។
លោកបណ្ឌិត Kongkrapan Intarajang នាយកប្រតិបត្តិក្រុមហ៊ុន PTT Global Chemical Public Company Limited (GC) បានជូនដំណឹងដល់ផ្សារភាគហ៊ុនថៃ (SET) ស្តីពីការទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Vinythai ដើម្បីពង្រឹងខ្លួនជាមួយអាជីវកម្មគីមីឥន្ធនៈ នៅក្នុងវិស័យឧស្សាហកម្មរបស់ប្រទេសថៃ ហើយក៏ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ផងដែរ។
ការវិនិយោគលើភាគហ៊ុននេះ នឹងជំរុញការរីកចម្រើនរបស់ក្រុមហ៊ុន GC នៅក្នុងអាជីវកម្មឥន្ធនៈរបស់ក្រុមហ៊ុន ដោយអនុញ្ញាតឱ្យក្រុមហ៊ុន GC បង្កើនភាគហ៊ុនយ៉ាងច្រើននៅក្នុងអាជីវកម្មក្រុមហ៊ុន PVC និង Chlor-Alkali នៅក្នុងទីផ្សារ ដែលមានកំណើនខ្ពស់ដូចជាប្រទេសថៃ និងប្រទេស CLMV និងដោយបន្ថែមតម្លៃដល់អាជីវកម្មរបស់ GC។
ជាមួយគ្នាដែរ ក្រុមហ៊ុនប្រេងឥន្ធនៈ និងអាជីវកម្មលក់រាយខ្នាតយក្សរបស់ថៃ PTT Oil and Retail Business (PTTOR) ដែលយើងស្គាល់ថា PTT កាលថ្មីៗនេះ ក៏គ្រោងចំណាយដើមទុនរហូតដល់ទៅ ៧៤,៦ពាន់លានបាត (ប្រមាណ២,៥ពាន់លានដុល្លារអាមេរិក) សម្រាប់ផែនការពង្រីកអាជីវកម្មស្នូលទាំង៣ របស់ខ្លួនពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី Jiraphon Kawswat អគ្គនាយិកាស្ដីទីនៃក្រុមហ៊ុននេះ។
សម្រាប់អាជីវកម្មមិនមែនប្រេងឥន្ធនៈរបស់ខ្លួន ក្រុមហ៊ុនមានគម្រោងពង្រីកហាងកាហ្វេ Cafe Amazon ក្នុងប្រទេសថៃ ពីចំនួន ៣.១៨៦ សាខាដល់៥.៨០០ សាខា។ សម្រាប់អាជីវកម្មអន្តរជាតិរបស់ខ្លួន ក្រុមហ៊ុននឹងផ្ដោតលើការពង្រីកស្ថានីយប្រេងឥន្ធនៈ និងសាខាហាងកាហ្វេ Cafe Amazon ក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងហ្វីលីពីន៕