ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនទូរគមនាគមន៍ចំនួន៤បានសហការគ្នា បង្កើតសមាសមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា (ATOC) ដើម្បីធ្វើការជិតស្និទ្ឋជាមួយរដ្ឋាភិបាល។
សមាគមនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១ ដែលនេះគឺជាការបោះជំហានមួយក្នុងការបង្កើតសំឡេងតែ ១ គត់ ដើម្បីទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធនានា និងរាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍នៅកម្ពុជា។
ATOC ត្រូវបានបង្កើតឡើងដោយសមាជិកស្ថាបនិកចំនួន ៤ រួមមាន ក្រុមហ៊ុន Smart Axiata Co.,Ltd ក្រុមហ៊ុន CAMGSM Co.,Ltd ក្រុមហ៊ុន VIETTEL (Cambodia) Pte, Ltd និងក្រុមហ៊ុន South East Asia Telecom (Cambodia) Co., Ltd)។ ATOC ក៏បើកទទួលក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ផ្សេងទៀតដើម្បីចូលរួមជាសមាជិករបស់ខ្លួនផងដែរ។
សមាគមនេះបង្កើតឡើង មានគោលបំណង និងគោលដៅសំខាន់ៗធ្វើជាអ្នកតំណាងស្របច្បាប់ឱ្យដល់សមាជិករបស់ខ្លួនក្នុងការទាក់ទងជាមួយតួអង្គផ្សេងទៀតនៅក្នុងវិស័យឯកជន និងសាធារណៈ ការចែករំលែក និងការផ្លាស់ប្តូរគំនិត និងព័ត៌មាន ការធ្វើបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិ ការលើកឡើង និងការសម្ដែងមតិពីការបារម្ភរបស់សមាជិកខ្លួន ហើយការផ្ដល់យោបល់ និងការគាំទ្រដល់សមាជិករបស់ខ្លួនសម្រាប់កិច្ចដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា និងដើម្បីចូលរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
លោកលី តៃសេង ប្រធាន ATOC បានឱ្យដឹងថា សមាគមនេះនឹងដើរតួនាទីដ៏សំខាន់ក្នុងការធ្វើការងារជាមួយភាគីពាក់ព័ន្ធ ក្រសួង និងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍឧស្សាហកម្មមួយនេះប្រកបដោយនិរន្តរភាព។
លោកបានថ្លែងថា “វាជាលើកដំបូងហើយ ដែលសមាគមប្រតិបត្តិករទូរគមនាគមន៍មួយនេះ ត្រូវបានបង្កើតឡើងនៅកម្ពុជា។ សមាគមនេះនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតសំឡេង និងតំណាងសម្រាប់សមាជិករបស់ខ្លួន មកពីឧស្សាហកម្មទូរគមនាគមន៍នៅក្នុងវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជន និងក៏ដើរតួនាទីជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរគំនិត និងសហការគ្នាក្នុងចំណោមសមាជិករបស់ខ្លួន និងភាគីពាក់ព័ន្ធផ្សេងៗទៀត ជាមួយទស្សនៈដើម្បីលើកកម្ពស់សុខភាព និងការប្រកួតប្រជែងប្រកបដោយក្រមសីលធម៌ និងសេវាកម្មកាន់តែប្រសើរដល់អតិថិជន”។
ការជាវទូរស័ព្ទចល័តដ៏សកម្មនៅក្នុងប្រតិបត្តិករទាំង ៦ នៅកម្ពុជាមានចំនួន២០, ៤lលាននាក់ គិតត្រឹមចុងខែឧសភា ឆ្នាំ ២០២០ ធ្លាក់ ០,០៨ ភាគរយ ធៀបនឹងកាលពីចុងខែឧសភា ឆ្នាំ ២០១៩។ នេះបើយោងតាមទិន្នន័យបានមកពី TRC៕