ដោយៈវឌ្ឈនៈ
ភ្នំពេញៈ នៅក្នុងពេលដែលវិបត្តិកូវីដ១៩ មិនទាន់មានសញ្ញាធូរស្រាលនៅឡើយ គាប់ជួនកម្ពុជាជួបប្រទះព្រឹត្តិការណ៍ឆ្លងចូលសហគមន៍២០ កុម្ភៈ ២០២១ រដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្ដល់នូវការអនុគ្រោះសម្រាប់អាជីវកម្ម ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក្នុងនោះវិស័យទេសចរណ៍ ជាអ្នកទទួលរងផលប៉ះពាល់ពីវិបត្តិនេះធ្ងន់ជាង ដូច្នេះរដ្ឋាភិបាលក៏បានអនុគ្រោះដល់វិស័យនេះជាអាទិភាពផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលស្ដីពី វិធានការដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច ក្នុងបរិការណ៍នៃវិបត្តិបានឱ្យដឹងថា រដ្ឋាភិបាលបានសម្រេច លើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះផ្ទះសំណាក់ ស ណ្ឋាការ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅតំបន់ចំនួន៧នៅកម្ពុជា។
សេចក្ដីប្រកាសដដែលបានបង្ហាញពីតំបន់ ដែលរដ្ឋាភិបាលបានផ្ដល់ការអនុគ្រោះ ចំពោះការលើកលែងពន្ធក្នុងនោះរួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកែប ក្រុងបាវិតនៃខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិករទេសចរជាច្រើន បានបញ្ចេញទស្សនៈរៀងខ្លួនជុំវិញ ការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងឆ្នាំ២០២១នេះ។
លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ វិស័យទេសចរណ៍មិនងើបឡើងវិញបាននោះទេ ខណៈជំងឺកូវីដ១៩ នៅតែចោទជាបញ្ហា និងបន្តឆ្លងរាលដាលនៅលើពិភពលោក។
លោកបន្តថា “បើទោះបីជាកម្ពុជាអាចទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសបានក្ដី តែនៅលើពិភពលោកនៅតែបន្តឆ្លងដដែលនោះ ភ្ញៀវទេសចរអន្តរជាតិក៏មិនអាចចូលមកកម្ពុជាបានដែរ”។ លោកបន្តថា “គ្មានភ្ញៀវទេសចរណាមកទស្សនានៅកម្ពុជាត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ សិនទើបអាចធ្វើដំណើរបាននោះទេ។ នៅពេលត្រលប់ទៅស្រុកគេវិញក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ទើបមានសេរីភាព ដូច្នេះគេមិនចំណាយធ្វើដំណើរឆ្លងប្រទេសនោះទេ”។
ចំណែកលោកហូ វណ្ឌីទីប្រឹក្សានៃសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា មានតែគោលនយោបាយវ៉ាក់សាំងប៉ុណ្ណោះ ដែលអាចជួយដល់ទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញ។ កម្ពុជាគួរបើកឱ្យទេសចរ ដែលចាក់វ៉ាក់សាំងរួចចូលមកហើយធ្វើចត្តាឡីស័កត្រឹមរយៈពេលខ្លី អាចធ្វើដំណើរទស្សនានៅតំបន់រមណីយដ្ឋាននានាបាន ។
លោកបន្តថា “បើសិនជាប្រទេសណាហ៊ានធ្វើបែបនេះមុនគេ ប្រទេសនោះនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិមុនគេ និងផលប្រយោជន៍មុនគេផងដែរ”៕