ដោយៈគង់ សូរិយា
ភ្នំពេញៈ ទិន្នន័យបណ្តោះអាសន្នពីការសាកល្បង ដំណាក់កាលចុងក្រោយនៅប្រទេសទួរគី បានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន មានប្រសិទ្ធភាព៩១,២៥ភាគរយ។
លទ្ធផលដ៏ប្រសើរនេះ មានភាពល្អប្រសើរជាងការសាកល្បងមួយ ដាច់ដោយឡែក ដែលគេរាយការណ៍នៅក្នុងប្រទេសប្រេស៊ីល។
ក្រុមអ្នកស្រាវជ្រាវទួរគីបាននិយាយថា “មិនមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយ ត្រូវបានគេឃើញក្នុងពេលសាកល្បងទេ ពោលគឺមានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលមានប្រតិកម្មអាឡ័កស៊ី”។ ពួកគេនិយាយថា “ផលប៉ះពាល់ទូទៅដែលបណ្តាលមកពីវ៉ាក់សាំងនេះមានដូចជាគ្រុនក្តៅ ឈឺតិចតួចនិងអស់កម្លាំងបន្តិច”។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការសាកល្បងនៅទួរគី បានចាប់ផ្តើមកាលពីថ្ងៃទី១៤ខែកញ្ញា និងមានការចូលរួមពីអ្នកស្ម័គ្រចិត្តជាង៧,០០០នាក់។ លទ្ធផលដែលប្រកាសនេះ គឺផ្អែកទៅលើទិន្នន័យពីមនុស្សចំនួន១,៣២២នាក់។
Sinovac ជាក្រុមហ៊ុនផលិតវ៉ាក់សាំងចិនដំបូងបង្អស់ ដែលបញ្ចេញព័ត៌មានលម្អិតពីការសាកល្បងដំណាក់កាលចុងក្រោយ បន្ទាប់ពីការបញ្ចេញលទ្ធផលវិជ្ជមានពីផលិតផលជាគូប្រជែង ដែលបង្កើតដោយក្រុមហ៊ុន Pfizer, Moderna និង AstraZeneca កាលពីខែមុន។
ប្រទេសទួរគី បានទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ចំនួន៥០លានដូសរួចទៅហើយ។
នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រភេទ Sinovac របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន១.៥លានដូស ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern។
ពិធីទទួលវ៉ាក់សាំងនេះ នឹងធ្វើឡើងក្រោមវត្តមានរបស់លោក វង្ស៊ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ចំណែកឯភាគីចិន តំណាងដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហើយក៏នឹងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ៕