ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើតអំពីបេតុងចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍកោះនរាក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សោភ័ណភាព ការពារការបាក់ច្រាំងទន្លេ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះបានឱ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាព ការពារការបាក់ច្រាំងទន្លេ ដោះស្រាយលំហូរចរាចរ និងរៀបចំសណ្តាប់ធ្នាប់ នៅតាមច្រាំងទន្លេត្រើយខាងកើត ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមស្ថាបនាផ្លូវ និងច្រាំងទន្លេត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១តទៅ។
សេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថា ដើម្បីឱ្យការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈខាងលើ ដំណើរការទៅដោយរលូន ស្របតាមប្រតិទិនការងារដែលបានគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ ស្នើបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធនឹងដីចំណីទន្លេ ត្រង់ទីតាំងអនុវត្តគម្រោង ត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការល្អ ដល់ក្រុមមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះអនុវត្តការងារខាងលើ។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងដីចំណីទន្លេ ត្រង់ទីតាំងអនុវត្តគម្រោងខាងលើ នឹងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យការអនុវត្តការងារស្ថាបនាផ្លូវ និងច្រាំងទន្លេនេះ ទទួលបានជោគជ័យ។
បន្ថែមពីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌច្បារអំពៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អង្គភាពពាក់ព័ន្ធនានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាប និងចូលរួមអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់៕