ដោយ ៖ រ៉ាណេត
កំពង់ឆ្នាំង ៖ នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២១ សប្ដាហ៍ក្រោយនេះ បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (បណ្ណស្លាបមាន់) មួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះនឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ដែលតម្រូវឱ្យម្ចាស់អចលនវត្ថុដែលពាក់ព័ន្ធជូនដំណឹងទៅមន្ត្រីរដ្ឋបាលសូរិយោដី ដើម្បីទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២១ ជាកំហិត។
រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ បានជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិម៉ុងបារាំង និងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
អភិបាលខេត្តកំពង់ឆ្នាំង មានកិតិ្តយស សូមជម្រាបជូនម្ចាស់ដីនៃក្បាលដីស្ថិតក្នុងតំបន់វិនិច្ឆ័យ នៅភូមិម៉ុងបារាំង និងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ឱ្យបានជ្រាបថាៈ ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង នឹងធ្វើការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដី ដែលស្ថិតក្នុងភូមិម៉ុងបារាំង និងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅបរិវេណនៅបរិវេណវត្តកាសេមរតនារាម (ហៅវត្តធម្មយុត្តិ) ស្ថិតក្នុងភូមិភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី(ប័ណ្ណស្លាប់មាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចនវត្ថុ ខាងលើនេះតទៅ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើ ដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ កន្លងមកមេត្តាយកប័ណ្ណទាំងនោះមកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសូរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២១ ជាកំហិត។
ចំពោះម្ចាស់បំណុលដែលបានបញ្ចាំ ឬហ៊ីប៉ូតែកពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកប័ណ្ណទាំងនោះមកជូនមន្ត្រីរដ្ឋបាលសូរិយោដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក៕