ដោយៈ រ៉ាណេត
ភ្នំពេញៈ ផ្សារទំនើបថ្មីមួយដែលមានកម្ពស់៥ជាន់ នឹងបង្ហាញវត្តមានជាលើកដំបូងនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមការបណ្តាក់ និងអភិវឌ្ឍន៍ឡើងដោយអ្នកវិនិយោគក្នុងស្រុក។
បើមិនមានអ្វីប្រែប្រួលនោះ ទេនៅត្រឹមដើមឆមាសទី២ ឆ្នាំ២០២១នេះ គម្រោងផ្សារទំនើបលើកដំបូង ស្ថិតនៅក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការ ដែលជាការនាំយកនូវបទពិសោធន៍ថ្មីនៃការរស់នៅបែបទាន់សម័យ ជូនដល់ប្រជាជននៅក្នុងតំបន់ ខណៈដែលកំណើននៃកម្រិតជីវភាពកាន់តែមានភាពល្អប្រសើរ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ានួន រិទ្ធី ដែលជាអ្នកអភិវឌ្ឍន៍បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះថា គម្រោងអភិវឌ្ឍន៍ផ្សារទំនើបមួយនេះ នឹងនាំមកជូនបទពិសោធន៍ថ្មីនៃជីវិតរស់នៅបែបទាន់សម័យ ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ ដែលក្រៅពីមានការផ្គត់ផ្គង់នូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ចំណីអាហារគ្រប់ប្រភេទ ក៏មានការផ្តល់ជូននូវទីតាំងសម្រាប់កម្សាន្តផងដែរ។
លោកឧកញ៉ាបន្តថា “ផ្សារទំនើបនេះ ស្ថិតនៅក្នុងគម្រោងបុរីកៀនស្វាយផាកកំពុងពន្លឿនការសាងសង់ ដែលមានទុនវិនិយោគសរុបប្រមាណ១០លានដុល្លារ។ ផ្សារនេះមានកម្ពុជា៥ជាន់ ដោយជាន់នីមួយៗមានការបែងចែកដាច់ដោយឡែកពីគ្នា រវាងទីតាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទីតាំងសម្រាប់លក់សម្ភារៈអេឡិចត្រូនិក ទីតាំងសម្រាប់លក់ចំណីអាហារ ទីតាំងសម្រាប់លក់គ្រឿងអង្ការ ក៏ដូចជាទីតាំងសម្រាប់កម្សាន្តទូទៅជាដើម”។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ពេលនេះទីតាំងដែលត្រូវសាងសង់ ត្រូវបានរៀបចំឈូសឆាយ និងចាក់ដីបំពេញរួចរាល់ហើយ ដើយនៅរង់ចាំតែសរសរគ្រឹះតែប៉ុណ្ណោះ។ រាល់ផលិតផល ដែលត្រូវបានដាក់លក់នៅក្នុងផ្សារទំនើបមួយនេះ ត្រូវបានធានានូវគុណភាព ស្របច្បាប់ត្រឹមត្រូវ ដោយឡែកចំណីអាហារត្រូវប្រាកដថា មិនមានសារជាតិគីមី ហើយក៏មានផលិតផលក្នុងស្រុកផងដែរ។
លោកឧកញ៉ានួន រិទ្ធី បានមានប្រសាសន៍បញ្ជាក់ថា ស្រុកកៀនស្វាយនៅពេលបច្ចុប្បន្នបានក្លាយទៅជាតំបន់ជាយរាជធានីភ្នំពេញ ដែលមានភាពទាក់ទាញលើគម្រោងវិនិយោគ និងអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការផ្គត់ផ្គង់ក្នុងវិស័យលំនៅដ្ឋានកម្រិតមធ្យមដូចជាគ្នា ទៅនឹងតំបន់ប៉ែកខាងលិចក្រុងផងដែរ។ ជាក់ស្ដែងបច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍បណ្តុំលំនៅដ្ឋាន គម្រោងបុរីជាច្រើនកំពុង តែមានសកម្មភាពសាងសង់យ៉ាងមមាញឹក រួមជាមួយនឹងកំណើនប្រជាជនចូលទៅរស់នៅកាន់តែច្រើនឡើង៕