ទីផ្សារកំពុងប្រែប្រួល! និន្នាការថ្មីនៃទីផ្សារលក់ដីឡូតិ៍នៅពេលបច្ចុប្បន្នកំពុងផ្លាស់ប្ដូរ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទីផ្សារដីឡូតិ៍ដែលត្រូវបានគេមើលឃើញថា កំពុងទទួលរងនូវផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ក្នុងព្រឹត្តិការ២០កុម្ភៈនាពេលនេះ បាននិងកំពុងផ្លាស់ប្ដូរនិន្នាការថ្មីពីការវិនិយោគបន្តទៅឱ្យក្រុមហ៊ុនភ្នាក់ងារ ប្រែមកជាការឈលក់គម្រោង ដោយផ្ទាល់ពីម្ចាស់ដីតែម្ដង។

ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ធី បានប្រាប់ឱ្យដឹងថា និន្នាការថ្មីនេះ បានកើតមានឡើងក្រោយពេលមានក្រុមហ៊ុនភ្នាក់ងារមួយចំនួន ដែលគ្មានវិជ្ជាជីវៈ មិនមានភាពស្មោះត្រង់ ក្នុងការបង្វែរចរន្តសាច់ប្រាក់ដែលលក់បានរហូត កើតមានទំនាស់ប្ដឹងផ្តល់ជាច្រើនគម្រោង។

លោកបន្តថា “”ពេលនេះម្ចាស់ដីភាគច្រើន បានចាប់ផ្តើមអភិវឌ្ឍន៍ដីរបស់ខ្លួនតាមរយៈការពុះដីឡូតិ៍ និងលក់ដោយខ្លួនឯងតែម្ដង ឬជួលបុគ្គលិកផ្ទាល់ ដោយមិនពឹងផ្អែកទៅលើភ្នាក់ងារលក់ទៀតនោះទេ”។

លោកបានបញ្ជាក់ថា ឥឡូវម្ចាស់ដីដែលមានទំហំ២ ឬ៣ហិកតា គឺគាត់អភិវឌ្ឍន៍លក់ដោយខ្លួនឯង ហើយដាក់បុគ្គលិក៣ ទៅ៥នាក់ អាចលក់ប្រមូលលុយបាន។ កាលពីមុន គាត់ឱ្យភ្នាក់ងារលក់ ដល់ពេលលក់បានហើយ មិនយកលុយទៅបង់ឱ្យម្ចាស់ដី មានរឿងរ៉ាវប្តឹងផ្តល់គ្នាជាច្រើន ដូច្នេះវាជាមេរៀនសម្រាប់ពួកគាត់ ក៏ដូចជាម្ចាស់ដីដទៃទៀត ណាមួយឥឡូវពួកគាត់ បានយល់ដឹងបានច្រើនពីទីផ្សារដីឡូតិ៍ ក៏ដូចជារបៀបនៃការរកទីផ្សារ ហើយេពួកគាត់ក៏អាចទទួលបានចំណេញច្រើនពីការលក់ផងដែរ។

ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate លោកវិន ឈុនហ៊ាត បានទទួលស្គាល់នូវការលើកឡើងខាងលើនេះ ប៉ុន្តែករណីបែបនេះកើតមានមិនច្រើននោះទេ ហើយការឈរលក់គម្រោងដោយខ្លួនឯងក៏ត្រូវចំណាយពេលយូរដែរ។

លោកបន្តថា “ម្ចាស់ដីឈរលក់គម្រោងដោយខ្លួនឯង នៅពេលបច្ចុប្បន្នមានមែន ប៉ុន្តែមិនច្រើននោះទេ ហើយក៏នៅតែពឹងទៅលើភ្នាក់ងារដដែល ដោយការផ្តល់កម្រៃជើងសារក្នុងលក់ដដែល”។ លោកបញ្ជាក់ថា “ដីពុះឡូតិ៍ក្នុងទ្រទ្រាយធំ ចាប់ពី៣ហិកតាឡើងទៅ គឺចាំបាច់ត្រូវតែពឹងទៅលើក្រុមហ៊ុនភ្នាក់ងារ ឬក្រុមភ្នាក់ងារ ដែលក្នុងនោះមានទាំងអស់ស្របច្បាប់ចុះបញ្ជី និងអ្នកមិនចុះបញ្ជី”។

លោកបន្តថា ម្ចាស់ដីដែលឈរលក់គម្រោងដោយខ្លួនឯង មិនខ្វល់ទៅលើភ្នាក់ងារចុះបញ្ចី ឬមិនចុះបញ្ជីនោះទេ សំខាន់ឱ្យតែលក់ដីឱ្យគាត់បាន។ ប៉ុន្តែសម្រាប់ម្ចាស់ដីដែលមានទំហំធំចាប់ពី៣ហិកតា ឬ៥ហិកតាឡើងទៅ ពួកគាត់ចាំបាច់ត្រូវការក្រុមហ៊ុនភ្នាក់ងារដែលបញ្ជីត្រឹមត្រូវ ឬមានម្ចាស់ដីខ្លះសហការជាមួយធនាគារ ក្រោមកិច្ចសម្របសម្រួលពីក្រុមហ៊ុនភ្នាក់ងារលក់អនចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here