ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ រហូតមកដល់ចុងត្រីមាសទី១ ឆ្នាំ២០២១នេះ ទីផ្សារ និងតម្រូវការជួលអគារនៅក្នុងក្រុងព្រះសីហនុនៅតែបន្តភាពស្ងប់ស្ងាត់បើទោះជាការវិលត្រឡប់ពីសំណាក់ជនជាតិចិនរាប់រយនាក់បានកើនឡើងជាបន្តបន្ទាប់ក៏ដោយ។
លោកជិន សុផុន ដែលជាម្ចាស់អាផាតម៉ិន និងផ្ទះសំណាក់នៅក្នុងក្រុងព្រះសីហនុបានប្រាប់ឱ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះថា រហូតមកដល់ចុងត្រីមាសទី១ ដើមឆ្នាំ២០២១នេះ ទីផ្សារ និងតម្រូវការជួលអគារក្នុងក្រុងព្រះសីហនុនៅតែបន្តភាពស្ង់ស្ងាត់ដដែល បើទោះជាមានកំណើនជនជាតិចិនវិលត្រឡប់វិញជាបន្តបន្ទាប់ក៏ដោយ។
លោកបានបញ្ជាក់ថា “នៅក្នុងខែមីនានេះ កាន់តែស្ងប់ស្ងាត់ជាងខែមករា និងកុម្ភៈទៀត។ កាលពីដើមឆ្នាំទោះជាចិនមិនមក ក៏មានខ្មែរដែលជាទេសចរមកជួលបន្ទប់(បន្ទប់សំណាក់)ស្នាក់នៅរយៈពេលខ្លីដែរ ប៉ុន្តែចាប់តាំងពីផ្ទុះជំងឺក្នុងសហគមន៍រហូតមកដល់ពេលនេះ ក្នុងមួយសប្ដាហ៍ស្ទើរតែគ្មានអ្នកមកស្នាក់នៅផង”។
លោកបន្តទៀតថា “សម្រាប់តម្លៃជួលអគារពាណិជ្ជកម្ម អាគារការិយាល័យ ឬអគារអាផាតម៉ិននៅក្នុងក្រុងបច្ចុប្បន្នបានធ្លាក់ចុះស្ទើរតែ៦០ភាគរយ ហើយមិនមានអ្នកជួលទៀត ព្រោះអ្នកជួលភាគច្រើនជាជនជាតិចិន ដល់ពេលចិនអត់មាន ការជួលក៏ត្រូវធ្លាក់ចុះតាមហ្នឹងដែរ”។
ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោកគី សេរីវឌ្ឍន៍បានមានប្រសាសន៍ថា ការវិលត្រឡប់របស់ជនជាតិចិននៅដើមឆ្នាំនេះ គឺស្ថិតនៅក្នុងកម្រិតមួយនៅឡើយ ដែលនៅទាន់អាចធ្វើឱ្យទីផ្សារនៃការជួលអគារងើបឡើងវិញនោះទេ។
លោកបន្តថា ភាគច្រើនចិនដែលវិលត្រឡប់មកក្រុងព្រះសីហនុកាលពីពេលថ្មីៗកន្លងទៅនេះជាអ្នកប្រកបការងារ ឬអ្នកវិនិយោគចាស់ៗដែលធ្លាប់រស់នៅក្នុងក្រុងព្រះសីហនុ ដូច្នេះភាគច្រើនអគារដែលពួកគេជួលគឺស្ថិតនៅក្នុងកុងត្រាចាស់មិនទាន់ផុត ដូច្នេះនៅពេលគេមកវិញគឺគេស្នាក់នៅ ឬធ្វើការនៅក្នុងអគារដែលគេបានជួល។ ដោយឡែកសម្រាប់អគារថ្មី ឬទើបសាងសង់រួចនៅដើមឆ្នាំ២០២០ ឬពាក់កណ្តាលឆ្នាំ២០២០ក្នុងគោលដៅដាក់ជួលឱ្យអ្នកវិនិយោគដែលជាជនជាតិបរទេស ឬជនជាតិចិននោះ នៅតែបន្តស្ងប់ស្ងាត់ដដែល៕