ដោយៈ រ៉ាណេត
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តជំរុញសកម្មភាព ពិនិត្យផ្តល់ដីសម្បទានសង្គមកិច្ច (SLC-Social Land Concession) ផ្តល់កម្មសិទ្ធិដីដល់សហគមន៍ជនជាតិដើមភាគតិច (ICLT- Indigenous Communal Land Titling) លើកកម្ពស់កម្រិតជីវភាព ដោយចងក្រងជាសហគមន៍ ជួយកសាងសមត្ថភាព ដើម្បីបានចូលរួមនៅក្នុងសកម្មភាពធ្វើពិពិធកម្ម ផលិតកម្មកសិកម្មដែលរាជរដ្ឋាភិបាលកំពុងផ្តោតសំខាន់។
លោកហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសមាជិកគណកម្មការដឹកនាំគំរោងពិនិត្យ និងផ្តល់ដីសម្បទានផងដែរនោះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្នុងកិច្ចប្រជុំប្រជុំ លើកលើកដំបូងជាមួយក្រុមការងារគាំទ្រ ការអនុវត្តគម្រោងរបស់ធានាគាពិភពលោក។
លោកបានបញ្ជាក់ឱ្យដឹងថា “គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិ វឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ មានរយៈពេល៦ឆ្នាំ(២០២១-២០២៦) សំដៅធ្វើឱ្យប្រជាពលរដ្ឋក្រីក្រប្រមាណ១៥ ០០០គ្រួសារ ទទួលបានដីសម្រាប់រស់នៅ និងប្រកបមុខរបរកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់ពួកគេកើនឡើង តាមរយៈការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងការរៀបចំបង្កើត និងគ្រប់គ្រងសហគមន៍កសិកម្ម ដើម្បីនិរន្តរភាពទៅអនាគត”។
លោកបានមានប្រសាសន៍បញ្ជាក់ថា តាមរយៈគម្រោងដ៏ជាក់ច្បាស់ និងមានសារសំខាន់មួយនេះ ពួកគាត់នឹងអាចមានលទ្ធភាពល្អប្រសើរ ទទួលបានធនធានកសិកម្ម ការរៀបចំទៅជាកសិ-ពាណិជ្ជករ និងសេវាសង្គម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងសហគមន៍នៃគម្រោងថែមទៀតផង។
ពាក់ព័ន្ធទៅនឹងគម្រោង នៃការបែងចែកដីសម្បទានសង្គមកិច្ច កាលពីពេលកន្លងទៅថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការក្រើនរំលឹក ទៅដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសស ម្បទានិកដែលទទួលបានដី ពីការផ្តល់ជូនដោយរាជរដ្ឋាភិបាល ត្រូវខិតខំស្វែងរកចំណូលបន្ថែម ដោយការបង្កបង្កើនផល សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារប្រសើរ ជៀសវាងការយកដីទៅលក់ ឬដាក់បញ្ចាំនៅធនាគារឯកជន។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “អចលនវត្ថុ ឬដីធ្លី ដែលរាជរដ្ឋាភិបាលសម្រេចកាត់ប្រគល់ជូន គឺប្រៀបបានទៅនឹងអាយុជីវិតរបស់បងប្អូន ដូច្នេះក្នុងនាមរដ្ឋាភិបាល សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវព្យាយាមស្វែងរកប្រភពចំណូល និងបង្កបង្កើនផលបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានានា ឱ្យមានភាពល្អប្រសើរឡើងជាជាងយកដីទៅដាក់បញ្ចាំនៅធនាគារឯកជន ឬលក់ទៅឱ្យវិស័យឯកជន ដែលអាចទទួលបានចំណូលតែមួយពេល ហើយបាត់បង់ទៅវិញអស់នោះទេ”៕