ទីក្រុងបាវិតសម្ងំយ៉ាងស្ងៀមស្ងាត់ ខណៈផែនការសាងសង់ផ្លូវល្បឿនលឿនកំពុងឆ្ពោះទៅមុខ

0

ដោយៈ គង់ សូរិយា

ភ្នំពេញ អចលនទ្រព្យទីក្រុងបាវិត ខេត្តស្វាយរៀងបាននិងកំពុងកំរើកឡើងបណ្តើរហើយ ខណៈផែនការមេនៃការសាងសង់ផ្លូវល្បឿនលឿន កំពុងវិវត្តន៍ទៅមុខជាមួយនឹងសកម្មភាពសេដ្ឋកិច្ចនឹងរើបឡើងវិញនៅចុងឆ្នាំនេះ។

ក្រុមហ៊ុនអភិវឌ្ឍន៍គំរោងដ៏ធំមួយ  ដែលមានមូលដ្ឋាននៅប្រទេសចិនបាននិងកំពុងកសាងទីតំបន់ឧស្សាហកម្មបៃតង គម្រោងអាគារពាណិជ្ជកម្ម កាស៊ីណូបាននិងកំពុងត្រៀមបើកទ្វារឡើងវិញ នៅពេលវិបត្តិជំងឺកូវីដ១៩បញ្ចប់នាពេលខាងមុខ។

ក្រុមហ៊ុនChina Road and Bridgeរបស់ប្រទេសចិនកាលពីពេលថ្មីៗនេះ បានបង្ហាញពីលទ្ឋផល នៃការសិក្សាផ្លូវល្បឿនលឿន ជូនថ្នាក់ដឹកនាំក្រសួងសាធារណៈការ និង​ដឹកជញ្ជូនរួចហើយ ដោយផ្តល់ជំរើសចំនួន៣ដល់រដ្ឋាភិបាលពិនិត្យ និងសម្រេចយកជំរើសណាមួយ។

លោកសោម កែវម៉ាលីដាអ្នកជំនាញអចលនទ្រព្យប្រចាំក្រុងបាវិត និងជាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិមួយរូប បានមានប្រសាសន៍ថា ទីក្រុងបាវិតស្ថិតក្នុងផែនការមេអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដើម្បីប្រែក្លាយទីក្រុងនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្ម ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សា​ហកម្ម។

លោកបន្តថា“វាជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន៣ ដែលបានដាក់បញ្ចូលក្នុងគោលនយោបាយនេះ ហើយជាលទ្ឋផលទីក្រុងទាំងនេះ ទទួលបានភាពរីកចម្រើនយ៉ាងឆាប់រហ័ស”។

ទីក្រុងចំនួនបី ដែលបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ រួមមាន ទីក្រុងបាវិត ទីក្រុងប៉ោយប៉ែត និងក្រុងព្រះសីហនុ។

លោកម៉ាលីដាបានបន្តថា “ទីក្រុងបាវិតប្រៀបដូចជាកូនក្រមុំស្រស់ស្អាតម្នាក់កំពុងចូលម្លប់ ដែលចាប់ផ្តើមបង្ហាញសម្រស់បណ្តើរៗ ព្រោះទីក្រុងនេះស្ថិតនៅក្នុងផែនការអភិវឌ្ឈត្បូងៗរបស់អាស៊ាន និងប្រទេសក្នុងតំបន់”។លោកបន្តថា “លក្ខខ័ណ្ឌអំ ណោយផលនៃភូមិសាស្រ្ត ក្នុងការសម្រួលដល់លំហូរពាណិជ្ជកម្ម ជាមួយប្រទេសវៀតណាម និងក្រុងភ្នំពេញមានចម្ងាយជិត និងមានសក្តានុពលខ្លាំង បើធៀបនឹងទីក្រុងប៉ោយប៉ែត”។

យោងតាមឯកសាររបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថាគម្រោ ងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway)ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

យោងតាមរបាយការណ៍សិក្សា របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គ.ម និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល៨៥,៨ គ.ម។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន៧កន្លែង កន្លែងឈប់សម្រាក៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន១ផងដែរ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងកំពុងស្ថិតក្នុង ដំណាក់កាលពិភាក្សាលើតម្លៃនៃគម្រោង និងប្រភពថវិកា។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម ក៏បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញការសិក្សា និងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ រួចរាល់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here