ក្រុមហ៊ុនSmartគ្រោងបោះទុនជាង៩០លានដុល្លារលើគម្រោងពង្រីកបណ្ដាញទំនាក់ទំនងដ៏ធំសម្បើមនៅកម្ពុជា

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Smart Axiata បានប្រកាសថា ក្រុមហ៊ុននឹងវិនិយោគទឹកប្រាក់លើសពី៩០លានដុល្លា លើហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ទូរស័ព្ទចល័តរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២១នេះ។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ដែលគេហទំព័រ Cambodiafinancialtimes.com ទទួលបាននៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

គម្រោងនេះនឹងពង្រីក និងធ្វើឲ្យប្រសើរឡើងនូវបណ្តាញ ទំនាក់ទំនងរបស់ខ្លួន ដើម្បីធានាឲ្យបាននូវស្ថេរភាព និងល្បឿននៃបណ្ដាញអ៊ិនធឺណិត  សម្រាប់អតិថិជនក្រុមហ៊ុន Smart រាប់លាននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ចំណុចសំខាន់នៃកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទំនាក់ទំនងឆ្នាំ២០២១ នឹងពង្រឹងបណ្តាញប្រព័ន្ធ 4G LTE សម្រាប់អ្នកប្រើប្រាស់ទូទាំងប្រទេស ព្រមទាំងធានា  ឲ្យបានថា បណ្ដាញទំនាក់ទំនងបានត្រៀមរួចរាល់ ពេលរៀបចំតំឡើងប្រព័ន្ធ 5G ដ៏ធំមួយ នៅខណៈពេលដែលរាជរដ្ឋាភិបាល ផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់បច្ចេកវិទ្យាដ៏ថ្មីបំផុតនេះ ដែលនឹងផ្ដល់គុណភាពនៃល្បឿនអ៊ីនធឺណិតកាន់តែប្រសើរ។

ប្រព័ន្ធទូរគនាគមន៍ចល័ត​ ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដើម្បីឆ្ពាះទៅកាន់យុគសម័យឌីជីថល។ ការប្រើប្រាស់ប្រព័ន្ធ4G មានសារៈសំខាន់សម្រាប់អតិថិជនរបស់យើង ព្រោះវាអាចផ្ដល់ឲ្យពួកគេនូវព័ត៌មានថ្មីៗអំពីជំងឺកូវីដ១៩ ជួយដំណើរប្រតិ្តបតិ្តការអាជីវកម្មរបស់ពួកគេ ការសិក្សាតាមអនឡាញ  ធ្វើប្រតិបត្តិការទូទាត់លើទូរស័ព្ទចល័ត និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។

បច្ចុប្បន្នក្រុមហ៊ុន Smart មានស្ថាននីយ៍បណ្តាញចំនួន៣.០០០ជាងទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យអតិថិជនចំនួន៨លាននាក់ ទទួលបានបទពិសោធន៍ឌីជីថល ពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន៩១,៥% នៃចំនួនប្រជាជន។

ត្រឹមចុងឆ្នាំ២០២១ ក្រុមហ៊ុន Smart Axiata គ្រោងសាងសង់ស្ថានីយ៍បណ្តាញចំនួន៣៥០កន្លែងបន្ថែមទៀត  ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់សេវាអ៊ីនធឺណិតចល័តដែលកំពុងកើនឡើងយ៉ាងខ្លាំង ក្នុងការភ្ជាប់ទំនាក់ទំនង។ លើសពីការសាងសង់ស្ថាននីយ៍បណ្តាញថ្មី ក្រុមហ៊ុនក៏មានបំណងអភិវឌ្ឍស្ថានីយ៍បណ្តាញ ដែលមានស្រាប់ហើយដើម្បីឲ្យដំណើរការកាន់តែប្រសើរ។

ក្នុងខណៈពេលដែលអតិថិជនSmart បានផ្ដើមការប្រើប្រាស់ 4G យ៉ាងឆាប់រហ័ស ក្រុមហ៊ុនSmart  ក៏នឹងមានគម្រោងបញ្ឈប់បណ្ដាញសេវា3G របស់ខ្លួននៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ដែលសល់ពីបណ្ដាញសេវា 3G ទៅជា 4G។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការធ្វើឲ្យប្រសើឡើងនូវសេវាកម្មរបស់ក្រុមហ៊ុនជាប្រចាំ សម្រាប់អតិថិជនរបស់ពួកយើង តែងតែជាគោលសំខាន់ នៃប្រតិបត្តិការអាជីកម្មរបស់ក្រុមហ៊ុនSmart នៅកម្ពុជា”។លោកបន្តថា “ឆ្នាំនេះមិនខុសប្លែកពីឆ្នាំមុនៗឡើយ ថ្វីត្បិតជាមានបញ្ហាប្រឈមជាមួយជំងឺកូវីដ១៩ក៏ដោយ។ បញ្ហាប្រឈមទាំងនេះ ក៏ជំរុញឱ្យយើងធានាឲ្យបានថា អតិថិជនរបស់យើងអាចពឹងផ្អែកលើបណ្តាញទំនាក់ទំនងរបស់យើង ដើម្បីរក្សាទំនាក់ទំនងយ៉ាងសកម្ម ជាមួយអ្នកដទៃ ទោះបីពួកគេកំពុងអនុវត្តវិធានការ រក្សាគម្លាតសុវត្ថិភាពក្នុងគ្រាលំបាកនេះក៏ដោយ”។

លោកបានបន្ថែមទៀតថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត អតិថិជននឹងឃើ​ញមានការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅក្នុងបណ្តាញទំនាក់ទំនងរបស់ពួកយើង ហើយក្រុមហ៊ុន នឹងអាចផ្តល់ជូនបទពិសោធន៍ អ៊ិនធឺណិតកាន់តែប្រសើជាងមុន សម្រាប់ការសិក្សាតាមអនឡាញ ការលេងហ្គេម វីដេអូ និងតន្រ្តី”។

ក្រុមហ៊ុន Smart មិនត្រឹមតែវិនិយោគក្នុងការពង្រីកបណ្តាញ ទំនាក់ទំនងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានវិនិយោគ ក្នុងការផលិតថាមពលមិនប៉ះពាល់ដល់បរិស្ថាន (Clean energy) ដើម្បីធ្វើប្រតិ្តបតិ្តការបណ្តាញទំនាក់ទំនងរបស់ខ្លួន ជាមួយការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ (solar power)។

ដោយតាំងខ្លួនជាម្ចាស់ជើងឯកឌីជីថលនៅកម្ពុជា និងជាក្រុមហ៊ុនដែលធ្វើប្រតិបត្តិការតាមស្ដង់ដារសីលធម៌ខ្ពស់បំផុត ក្រុមហ៊ុនSmart បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់កំណើន ដល់សេដ្ឋកិច្ចសង្គមនៅកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

គិតត្រឹមចុងឆ្នាំ២០២០ ក្រុមហ៊ុន Smart បានវិនិយោគទឹកប្រាក់ចំនួន១,៨៨ពាន់លានដុល្លារនៅកម្ពុជា ខណៈពេលដែលក្រុមហ៊ុន ក៏បានបានបង់ពន្ធចំនួន៥៦២លានដុល្លារលើពន្ធអាករ និងកម្រៃនិយ័តកម្មដល់រតនាគារកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here