ដោយៈ រ៉ាណេត
កំពង់ឆ្នាំងៈ គម្រោងសាសង់រោងចក្រផលិតកអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យដែលមានកម្លាំង៤០មេហ្គាវ៉ាត់ ស្ថិតនៅឧទ្យានថាមពលព្រះអាទិត្យជាតិ ក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានទៅលើក្រុមហ៊ុនជំនាញការរបស់ថៃ បន្ទាប់ពីដាក់ដេញថ្លៃជាសាធារណៈនៅដើមសប្ដាហ៍នេះ។
លោក វិចទ័រ ហ្សូណា អគ្គនាយកថាមពលនៅក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា ដំណើរការដេញថ្លៃត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែក្រោយ បន្ទាប់ពីការដេញថ្លៃក្នុងតំណាក់កាលដំបូងនេះ បានទៅលើក្រុមហ៊ុនជំនាញរបស់ថៃ។ អ្នកឈ្នះគម្រោងថាមពលពន្លឺព្រះអាទិត្យ នឹងទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
គម្រោងថាមពលព្រះអាទិត្យ៤០មេហ្គាវ៉ាត់ ជាគំរោងដំណាក់កាលទី២ នៃឧទ្យានថាមពលព្រះអាទិត្យជាតិកម្ពុជា ហើយវានឹងនាំមកនូវថាមពលកើនឡើងដល់១០០មេហ្គាវ៉ាត់នៅពេលគម្រោងទាំងអស់ត្រូវបានបញ្ចប់។ ដោយឡែកគម្រោង៦០មេហ្កាវ៉ាត់ គឺជាផ្នែកមួយនៃឧទ្យានពន្លឺព្រះអាទិត្យជាតិ១០០មេហ្គាវ៉ាត់ នៅក្នុងខេត្តកំពង់ឆ្នាំងដែលត្រូវបានរៀបចំឡើងជាដៃគូភាពឯកជន-សាធារណៈ។
ទីតាំងស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ៤០មេហ្គាវ៉ាត់ថ្មីនេះ ស្ថិតនៅទីតាំងតែមួយនៃស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យ៦០មេហ្គាវ៉ាត់ វិនិយោគដោយក្រុមហ៊ុន Prime Road Power នៅខេត្តកំពង់ឆ្នាំង។ ការដេញថ្លៃដំណាក់កាលទី១ បានបញ្ចប់ដោយការដេញថ្លៃទាបបំផុតរបស់ Prime Road Option ក្នុងតម្លៃ ០,៣៨៧៧ ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង៕