ការដាក់ចេញនូវយុទ្ឋសាស្រ្តបង្កើនល្បឿននៃការចាក់វ៉ាក់សាំងរបស់សម្តេចតេជោត្រូវបានអ្នកជំនាញថានឹងធ្វើឲ្យស្ថានភាពកូវីដវិលមករកភាពប្រក្រតីលឿន

0

          ដោយស៊ីវ ម៉េង

          ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាថ្លែងថា យុទ្ឋសាស្រ្តនៃការបង្កើនល្បឿនលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើឲ្យស្ថានភាពជំងឺកូវីដវិលមករកភាពប្រក្រតីលឿន ហើយព្រឹត្តិការណ៍២០កុម្ភៈនឹងបញ្ចប់លឿន។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី២៩ មិនាកន្លងមកបានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានប្រមាណ១លានដូសក្នុងរយៈពេលមួយខែ។

សម្តេចតេជោបានបញ្ជាក់ដូច្នេះថា យើងត្រូវខិតខំចាក់ក្នុងកម្រិត១លាននាក់ក្នុងមួយខែ។ ប្រសិនបើវ៉ាក់សាំងមកច្រើនជាងនេះ យើងអាចចាក់លើសពីនេះ

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីរការរៀបចំ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះផងដែរ។ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ សម្តេចនឹងបញ្ជូនក្រុមគ្រូពេទ្យពីថ្នាក់ជាតិ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនក្រុមផង ចុះជួយអន្តរាគមន៍ និងជួយការចាក់នៅតាមបណ្តាខេត្ត។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៣០ មិនានេះថា យើងគាំទ្រនូវយុទ្ឋសាស្រ្តរបស់សម្តេចប្រមុខរដ្ឋាភិបាល ដែលពន្លឿនល្បឿននៃការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ឲ្យបាន១លានដូសក្នុងមួយខែ ប៉ុន្តែយ៉ាងណាក៏ោដោយប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តន៍តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុវត្តន៍នូវការណែនាំ ៣កុំ និងបីការពារ។

លោកឧកញ៉ាបានបន្តថា “ប្រសិនជាកម្ពុជាទទួលបានវ៉ាក់សាំងទាន់ពេលវេលា និងចាក់ជូនប្រជាពលរដ្ឋបាន១លានដូស តាមអ្វីដែលជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល យើងនឹងឈានទៅបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈបានលឿន”។លោកបន្តថា “ស្ថានភាពជំងឺកូវីដនឹងវិលមករកភាពប្រក្រតី ហើយសេដ្ឋកិច្ចយើងនឹងវិលមករកភាពល្អប្រសើរឡើងវិញ”។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងក៏បានស្នើក្រសួងពាក់ព័ន្ឋដាក់ពិន័យឲ្យបានធ្ងន់ធ្ងរលើអ្នកជាប់ចត្តាឡីស័កហើយ និងពិន័យអ្នកគេចវេសមិនធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់និងគ្រប់គ្រងបញ្ហានេះបានមានប្រសិទ្ឋភាព។

ជាមួយគ្នានេះ លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា លោកពិតជាគាំទ្រប្រសាសន៍និងការដាក់ចេញយុទ្ឋសាស្រ្ត​របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ព្រោះបើយើងអាចចាក់វ៉ាក់សាំងបានគ្របដណ្តប់ប្រជាជនភាគច្រើន យើងនឹងអាចទប់ស្កាត់ និងកាត់បន្ថយការឆ្លងជំងឺនេះក្នុងសហគមន៍បានលឿន ហេតុនេះ ការចាក់វ៉ាក់សាំងបាន១លានដូសស្មើមនុស្សកន្លះលាននាក់ ក្នុងមួយខែពិតជាមានភាពប្រសើរណាស់។

ជាមួយគ្នានេះ លោកបានស្នើសុំរដ្ឋាភិបាលគួរពង្រឹង និងពង្រីកការប្រើប្រាស់ប្រព័ន្ឋ​QR Codeលើអ្នកពាក់ព័ន្ឋ អ្នកធ្លាប់កើតជំងឺនេះ ដើម្បីធ្វើឲ្យប្រាកដថា អ្នកពាក់ព័ន្ឋនឹងព្រឹត្តិការណ៍នេះ ស្ថិតក្រោមការគ្រប់គ្រងបានច្បាស់លាស់។

លើសពីនេះកាលពីថ្ងៃម្សិលម៉ិញ សម្តេចតេជោ ក៏បានណែនាំឱ្យខេត្តនីមួយៗរកគ្រូពេទ្យ ដែលមិនជាប់ភារកិច្ចរឿងព្យាបាលជំងឺទូទៅ ក៏ដូចជាគ្រូពេទ្យស្ម័គ្រចិត្តនៅតាមពេទ្យឯកជននានា មកហ្វឹកហាត់ ដើម្បីជួយការងារចាក់វ៉ាក់សាំងនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អភិបាលខេត្តទាំងអស់ ឱ្យរ៉ាប់រងការស្នាក់នៅរបស់គ្រូពេទ្យ ដោយស្វែងរកកិច្ចសហការជាមួយម្ចាស់សណ្ឋាគារ និងផ្ទះសំណា​ក់ជាដើម។ ដោយឡែកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ទទួលបន្ទុកចំណាយលើការធ្វើដំណើរ និងហូបចុក។

ការប្រកាសដាក់ចេញផែនការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ របស់សម្តេចតេជោហ៊ុន សែន បានធ្វើឡើងក្រោយពេលកម្ពុជា ទិញបានវ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ១.៥លានដូស ដែលដឹកនាំមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ។ នៅថ្ងៃទី៣១ ខែមីនា កម្ពុជា នឹងទទួលវ៉ាក់សាំងស៊ីណូហ្វាម៧០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here