ដោយៈសុខុម
សិង្ហបុរី: លោក Ong Ye Kung រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសសិង្ហបុរី បានលើកឡើងកាលពីថ្ងៃច័ន្ទ ទី២៩ មីនា ថា ពេលនេះប្រទេសសិង្ហបុរី កំពុងសិក្សាសំណើពីក្រុងហុងកុង ដែលសុំឱ្យបើកព្រំដែនឡើងវិញប្រកបដោយសុវត្ថិភាព។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី៣០ មីនា នេះ។
រដ្ឋមន្ត្រីរូបនេះលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា “យើងពិតជាសប្បាយចិត្តណាស់ដែលក្រុងហុងកុង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គ្រប់គ្រងការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានល្អ”។ លោកបន្តថា “យើងទទួលបានសំណើមួយពីក្រុងហុងកុង ដែលសុំឱ្យបើកព្រំដែនឡើងវិញប្រកបដោយសុវត្ថិភាព។ យើងកំពុងសិក្សាសំណើនេះ ហើយនឹងឆ្លើយតបទៅក្រុងហុងកុងក្នុងពេលឆាប់ៗនេះ”។
លោក Edward Yau រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងហុងកុង បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅព្រឹកថ្ងៃច័ន្ទ នេះថា មានលក្ខខណ្ឌ២សម្រាប់ការចាប់ផ្តើមឡើងវិញនូវ “ច្រករបៀងធ្វើដំណើរតាមផ្លូវអាកាស” (Air Travel Corridor) ជាមួយប្រទេសសិង្ហបុរី។
លក្ខខណ្ឌទាំងនេះ រួមបញ្ចូលទាំងការធ្វើតេស្តរកវីរុសកូវីដ-១៩ផងដែរ ទាំងមុនពេលចេញដំណើរ និងក្រោយពេលមកដល់ផងដែរ។
ប្រទេសសិង្ហបុរី និងក្រុងហុងកុង គ្រោងបើក”ច្រករបៀងធ្វើដំណើរតាមផ្លូវអាកាស” កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែត្រូវបានលើកពេលវិញ ក្រោយពីករណីឆ្លងវីរុសកូវីដ-១៩ នៅក្រុងហុងកុងកើនឡើងខ្លាំង។ គម្រោងបើក “ច្រករបៀងធ្វើដំណើរតាមផ្លូវអាកាស” នេះត្រូវបានលើកពេលមកធ្វើនៅក្នុងឆ្នាំ២០២១ នេះដែលកាលវិភាគចាប់ផ្ដើមជាក់លាក់មិនទាន់កំណត់នៅឡើយ។
ក្រោមកិច្ចព្រមព្រៀង “ច្រករបៀងធ្វើដំណើរតាមផ្លូវអាកាស” នេះអ្នកដំណើរដែលធ្វើដំណើរទៅមករវាងប្រទេសសិង្ហបុរី និងក្រុងហុងកុង នឹងត្រូវឆ្លងកាត់ការធ្វើតេស្តរកវីរុសកូវីដ-១៩ ជំនួសឱ្យការធ្វើចត្តាឡីស័ក ឬដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ហើយក៏គ្មានការរឹតបន្តឹងលើគោលបំណងនៃការធ្វើដំណើរនោះដែរ។
អាជ្ញាធរក្រុងហុងកុង ក៏បានប្រកាសនៅថ្ងៃច័ន្ទ នេះដែរថា ក្រុងហុងកុង នឹងបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន នៅក្នុងវិធានការទប់ស្កាត់ ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ នៅពេលដែលចំនួនអ្នកឆ្លងក្នុងស្រុកធ្លាក់ចុះខ្លាំង ក្រោយពីផ្ទុះការឆ្លងខ្លាំងនៅដើមខែនេះដែលបានបង្ខំឱ្យមនុស្សរាប់ពាន់នាក់ធ្វើចត្តាឡីស័ក។
ការធ្វើចត្តាឡីស័ក សម្រាប់ការធ្វើដំណើរមកដល់ពីប្រទេសនានា ដែលគេចាត់ទុកថាមានហានិភ័យពីទាប ទៅមធ្យមដូចជាប្រទេសសិង្ហបុរី ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ជាដើមក៏នឹងត្រូវកាត់បន្ថយពី២១ថ្ងៃ មកនៅត្រឹម១៤ថ្ងៃវិញផងដែរ៕