ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តកោះកុង លោកជំទាវភូថង មិថុនា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ កាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះក្នុងភូមិសាស្ត្រជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំកាលពីថ្ងៃទី២៩ មិនាកន្លងមក លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ កាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះក្នុងភូមិសាស្ត្រខេត្តកោះកុង។ ការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុងនេះ គឺដើម្បីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផលជាក់ស្តែងយូឆ្នាំ និង ទុកជាដីបម្រុងរបស់ខេត្ត។
លោករស់ វីរ៉ាវុធប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកោះកុងបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនារសៀលថ្ងៃទី៣០ មិនានេះថា ក្រុមមន្រ្តីសូរិយោដីនៅតាមបណ្តាស្រុកនានា កំពុងចុះវាស់វែងដីគំរបព្រៃឈើ ដើម្បីឆ្វៀលនិងកាត់ចេញតាមអនុក្រិតរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ប៉ុន្តែទំហំដីដែលត្រូវឆ្វៀលចេញនេះ មិនត្រូវបានបញ្ជាក់ឲ្យដឹងនៅឡើយ។
លោកបន្តថា “បន្ទាប់ពីចុះវាស់វែងរួច អាជ្ញាធរនឹងសម្រេចថាត្រូវបន្តអនុវត្តន៍តាម និតិវិធីបែបណាទៀត អាស្រ័យលើការសម្រេចរបស់អភិបាលខេត្តជាក់ស្តែង និងធ្វើឡើងតាមអនុក្រិតដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាល”៕