រដ្ឋាភិបាលជំរុញឱ្យបង្កើតតំបន់ឧស្សាហកម្មរណបអាកាសយានដ្ឋានខេត្តមណ្ឌលគីរី

0

ដោយៈ រ៉ាណេត

មណ្ឌលគីរីៈ ជាមួយនឹងដំណើរការយ៉ាងមមាញឹក ក្នុងកិច្ចសិក្សាលម្អិតទៅលើលទ្ធភាព និងការអភិវឌ្ឍបង្កើតព្រលានយន្តហោះ ខ្នាតតំបន់ក្នុងខេត្តមណ្ឌលគីរី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការអាកាសចរស៊ីវិល បានជំរុញឱ្យស្វែងយល់បន្ថែមពីលទ្ធភាពក្នុងបង្កើតតំបន់ឧស្សាហកម្មរណប អាកាសយានដ្ឋានបន្ថែមមួយទៀតផងដែរ។

រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះបានដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់ និងផ្តល់ធាតុចូលបន្ថែម ទៅលើរបាយការណ៍សង្ខេបស្តីពី ការសិក្សាសមិទ្ធិលទ្ធភាពពេញលេញសម្រាប់ការអភិវឌ្ឍន៍ អាកាសយានដ្ឋានមណ្ឌលគិរីថ្មី រួមជាមួយនឹងការអភិវឌ្ឍតំបន់ឧស្សាហកម្មរណបអាកាសយានដ្ឋាន។

លោកបណ្ឌិតរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “មានចំណុចសំខាន់ៗចំនួន២ ដែលអាចធ្វើឱ្យការសិក្សា និងរបាយការណ៍កាន់តែមានភាពប្រសើរឡើង រួមមានទី១-ត្រូវយកចិត្តទុកដាក់បញ្ចូលបន្ថែម នូវសកម្មភាពអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចតំបន់ស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍។ ទី២-ត្រូវរកវិធីសាស្ត្រថ្មីៗ ដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ ឱ្យធ្វើការហោះហើរទៅតំបន់នោះ ក៏ដូចជាផលិតផលទេស​ចរណ៍ថ្មីៗ សកម្មភាពសេដ្ឋកិច្ច និងការវិនិយោគថ្មីៗផងដែរ”។

លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកអភិវឌ្ឍន៍ និងបានបណ្តាក់ទុនរាប់លានដុល្លារ ក្នុងការសាងសង់លំនៅដ្ឋានបែបលំហែរ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរីបានមានប្រសាសន៍ថា គ្រប់ផែនការ និងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យអនុវត្តន៍រហូតមកដល់ពេលនេះ ដូចជា មិនទាន់មានគម្រោងណាមួយ ដែលធ្វើមិនបាននោះទេ ផ្ទុយទៅវិញគឺមានតែការអនុវត្តលឿន និងបញ្ចប់មុនផែនការ។

លោកឧកញ៉ាបានបន្តថា“ក្នុងយុទ្ធសាស្ត្រចតុកោណរបស់សម្ដេចតេជោហ៊ុន សែន គឺតែងទទួលបាននូវភាពជោគជ័យ ជាមួយលទ្ធផលផ្លែផ្កាគួរជាទីមោទន ស្ទើរគ្រប់ផ្នែក ដែលក្នុងនោះមិនថាការបង្កើតក្រវាត់ក្រុង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្តក្រុងនៅទូទាំងប្រទេស ក៏ដូចជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ”។

លោកឧកញ៉ានួន រិទ្ធី បានមានប្រសាសន៍បន្តថា នៅត្រឹមដំណាក់កាលនាពេលនេះ យើងឃើញមានវិស័យឯកជន បានបណ្តាក់ទុនយ៉ាងសន្ឋឹកសន្ធាប់ ទៅលើការវិនិយោគក្នុងវិស័យទេសចរណ៍ ដូចជា ការបង្កើតតំបន់កម្សាន្ត ការបង្កើតជាបឹងហ្គាឡូជាដើម ដើម្បីផ្គត់ផ្គង់តម្រូវការទេសចរ ដែលកើនឡើងយ៉ាងគំហុកនៅក្នុងខេត្តមួយនេះ ហើយទាំងអស់នេះ ក៏ជាផ្នែកមួយស្ថិតនៅក្នុងផែនការមេ របស់ក្រសួងទេសចរណ៍រួចជាស្រេច។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដឹកនាំសម្របសម្រួល និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះថ្មី ខ្នាតតំបន់នៅក្នុងខេត្តមណ្ឌលគីរី ដែលត្រូវបានទទួលសិទ្ធិអភិវឌ្ឍ និងវិនិយោគដោយក្រុមហ៊ុន Power China International Group ។

គណៈកម្មការដែលត្រូវបានបង្កើត ដើម្បីជំរុញការអនុវត្តគម្រោងសាងសង់ព្រលានយន្ដហោះថ្មីខ្នាតតំបន់ ដែលស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគីរីនេះ មានសមាសភាពសំខាន់ៗចំនួន១៣រូប ដោយមានលោកម៉ៅហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេ​ខាធិការដ្ឋានអាកាសចរស៊ីវិលជាប្រធានដឹកនាំ។

នៅក្នុងសេចក្ដីសម្រេច ដែលត្រូវបានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានបញ្ជាក់ គណៈកម្មការខាងលើនេះនឹងត្រូវដឹកនាំ និងចរចាលើការរៀបកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ជាមួយក្រុមហ៊ុនPower China International Group ដើម្បីអនុវត្តន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មី ខេត្តមណ្ឌលគីរី ព្រមទាំងដឹកនាំ ត្រួតពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍លើការសិក្សាទាំងឡាយណា ដែលពាក់ព័ន្ធដល់គម្រោ​ងហេដ្ឋារចនាសម្ព័ន្ធ ដោយសហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។

បន្ថែមពីនេះ គណៈកម្មការក៏ត្រូវដឹកនាំ និងចរចាលើការរៀបចំកិច្ចសន្យា ភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រួតពិនិត្យ វាយតម្លៃ ជំរុញ និងតាមដានកាតព្វកិច្ច សមិទ្ធកម្ម និងវឌ្ឍនភាពនៃការអនុវត្តន៍ គម្រោងការសាងសងហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋានរបស់ក្រុមហ៊ុន Power China International Group រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តពាក់ព័ន្ធរហូតគម្រោងនេះត្រូវបានបញ្ចប់ជាស្ថាពរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here