សហរដ្ឋអាមេរិក ជប៉ុន និងឥណ្ឌូនេស៊ី រួមគ្នាដាក់សម្ពាធលើមហាយក្សចិនកាន់តែខ្លាំងជុំវិញបញ្ហាសមុទ្រចិនខាងត្បូង

0

ដោយៈសុខុម

អាមេរិកៈ សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងប្រទេសឥណ្ឌូនេស៊ី បានរួមគ្នាដាក់សម្ពាធលើមហាយក្សចិនកាន់តែខ្លាំងឡើង ក្រោយសកម្មភាពយោធាចិន នៅសមុទ្រចិនខាងត្បូង (South China Sea) ត្រូវបានបែកធ្លាយជាសាធារណៈកាលពីសប្តាហ៍មុន ខណៈជម្លោះជាមួយប្រទេសហ្វីលីពីន ជុំវិញតំបន់ថ្មប៉ប្រះទឹកមួយដោះស្រាយមិនទាន់ចប់។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៩ មីនា។

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសរសេរបង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គមTwitter នៅព្រឹកថ្ងៃច័ន្ទកន្លងមកថា សហរដ្ឋអាមេរិក “ក្រោកឈរប្រកៀកស្មាជាមួយប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់យើង” ដើម្បីប្រឆាំងនឹង “ការប្រមូលផ្ដុំកម្លាំងយោធាចិន” នៅតំបន់ថ្មប៉ប្រះទឹក Whitsun Reef នៃប្រជុំកោះ Spratly Islands។

លោកបានសរសេរថា “យើងនឹងក្រោកឈរប្រកៀកស្មា ជាមួយបណ្ដាសម្ព័ន្ធមិត្តរបស់យើងជានិច្ច ហើយក្រោកឈរឡើង ដើម្បីការពារសណ្ដាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់”។

ទន្ទឹមនេះ រដ្ឋមន្រ្តីការពារជាតិជប៉ុន និងឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅដើម្បីបញ្ជូនសារថា ប្រទេសរបស់ពួកលោកនឹងប្រឆាំងដាច់ខាត ចំពោះរាល់សកម្មភាពណាមួយរបស់មហាយក្សចិន ដែលអាចបង្កើនភាពតានតឹងនៅផ្លូវសមុទ្រ ក្នុងតំបន់ដែលមានជម្លោះ។

លោក Nobuo Kishi រដ្ឋមន្ត្រីការពារជាតិជប៉ុនបានឱ្យដឹងថា ការព្រមព្រៀងនេះនឹងរួមបញ្ចូលទាំងការជំរុញ កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសមយុទ្ធហ្វឹកហ្វឺនរួមគ្នាមួយនៅសមុទ្រចិនខាងត្បូងផងដែរ។

ការដាក់សម្ពាធកាន់តែខ្លាំងនេះធ្វើឡើង ក្រោយរដ្ឋាភិបាលក្រុងម៉ានីលបានផ្ញើកំ​ណត់ទូតផ្លូវការមួយទៅរដ្ឋាភិបាលក្រុងប៉េកាំង កាលពីសប្ដាហ៍មុនដើម្បីប្ដឹងថានាវានេសា​ទចិនជាង២០០ គ្រឿងដែលខ្លួនជឿថាមានយោធានៅលើនោះ បានឈប់សំចតនៅតំបន់ថ្មប៉ប្រះទឹកនោះចាប់តាំងពីថ្ងៃទី៧ មីនា។

ប៉ុន្តែជាការឆ្លើយតប រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធថាគ្មានវត្តមានយោធាដូចការចោទប្រកាន់នោះឡើយ ប៉ុន្តែនៅតែអះអាងថា តំបន់ថ្មប៉ប្រះទឹកនោះជាកម្មសិទ្ធិរបស់ប្រទេសចិន។

តាមរយៈសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ លោក Delfin Lorenzana រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីន បានបញ្ជាក់ថា ហ្វីលីពីន នឹងបញ្ជូនយន្តហោះ ទៅឃ្លាំមើលស្ថានការណ៍ប្រចាំថ្ងៃ ហើងទាហានជើងទឹកក៏នឹងបង្កើនវត្តមានរបស់ខ្លួនផងដែរនៅក្នុង “ការល្បាតដែនអធិបតេយ្យ” ដើម្បីការពារសុវត្ថិភាពរបស់អ្នកនេសាទហ្វីលីពីន។

តំបន់ថ្មប៉ប្រះទឹកនេះ ក៏ត្រូវបានអះអាងសិទ្ធកាន់កាប់ ដោយប្រទេសវៀតណាម ផងដែរ ដោយវៀតណាមហៅឈ្មោះវាថា Da Ba Dau។ រដ្ឋាភិបាលក្រុងហាណូយ និយាយថា នាវារបស់ចិន កំពុងរំលោភអធិបតេយ្យភាពរបស់ខ្លួន។

សាលាក្តីអន្តរជាតិមួយនៅទីក្រុងឡាអេ ក្នុងឆ្នាំ២០១៦ បានគាំទ្រការអះអាងសិទ្ធិកាន់កាប់របស់ប្រទេសហ្វីលីពីន លើតំបន់ថ្មប៉ប្រះទឹកនេះ ដែលជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ដូចបានកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ។ ទោះជាយ៉ាងណា សេចក្តីសម្រេចនោះ ត្រូវបានច្រានចោលដោយរដ្ឋាភិបាលក្រុងប៉េកាំង ដែលអះអាងសិទ្ធិកាន់កាប់ជាង ៩០% នៃសមុទ្រចិនខាងត្បូង។

យ៉ាងហោចណាស់ ពាណិជ្ជកម្មក្នុងទំហំទឹកប្រាក់៣,៤ពាន់លានដុល្លារ ត្រូវឆ្លងកាត់ផ្លូវទឹកដ៏ចម្រូងចម្រាសនេះ ដែលត្រូវបានអះអាងសិទ្ធិកាន់កាប់ ដោយប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ ចិនដីគោក និងវៀតណាម។

ប្រទេសជប៉ុន មិនអះអាងសិទ្ធិកាន់កាប់នៅសមុទ្រចិនខាងត្បូងនោះទេ ប៉ុន្តែរដ្ឋាភិបាលក្រុងតូក្យូ ក៏មានជម្លោះស្រដៀងគ្នាជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ផងដែរនៅសមុទ្រចិនខាងកើត (East China Sea) ហើយបានបង្ហាញការព្រួយបារម្ភអំពីច្បាប់ថ្មី ដែលផ្តល់សិទ្ធិអាជ្ញាសឹកឱ្យឆ្មាំឆ្នេរសមុទ្រចិន បាញ់កម្ទេចនាវាណាដែលទន្ទ្រាន ចូលក្នុងដែនសមុទ្រដែលខ្លួនយល់ថាជារបស់ខ្លួន។

តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ បានចេញក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ទៅកាន់ប្រទេសជប៉ុន កាលពីពាក់កណ្តាលខែមីនា សហរដ្ឋអាមេរិក និងជប៉ុន បានលើកឡើងថា ពួកគេជំទាស់នឹងការអះអាងរបស់ប្រទេសចិន នូវសិទ្ធិកាន់កាប់ដែនសមុទ្រ “ដែលមិនត្រឹមត្រូវតាមច្បាប់” នៅសមុទ្រចិនខាងត្បូង ហើយបានគូសបញ្ជាក់ពីសារៈសំខាន់ នៃស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ជាបញ្ហាមួយដែលរដ្ឋាភិបាលក្រុងប៉េកាំង និយាយថាបានឆ្លងខ្សែបន្ទាត់ក្រហម។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាតំបន់ស្វយ័តស៊ីនជាំង (Xinjiang) និងបញ្ហាក្រុងហុងកុង ដែលមហាយក្សចិន និយាយថាជាកិច្ចការផ្ទៃក្នុងរបស់ខ្លួនផងដែរ។

លោក Kang Lin អនុប្រធានវិទ្យាស្ថានជាតិ ដើម្បីការសិក្សាអំពីសមុទ្រចិនខាងត្បូង (National Institute for South China Sea Studies) របស់ប្រទេសចិន បាននិយាយថា សម្ពាធលើរដ្ឋាភិបាលក្រុងប៉េកាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង នឹងបន្តកើនឡើង នៅពេលសហរដ្ឋអាមេរិកប្រឹងប្រែងរឹតបន្តឹងទំនាក់ទំនង ជាមួយបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ឡើងវិញ ក្រោមការដឹកនាំរបស់ប្រធានាធិបតីចូ បៃឌិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here