ឆ្នាំ២០២១ ខេត្ត​ចំនួន៦ នឹង​បន្ត​មាន​ភាពលេច​ធ្លោ​ជាងគេ ទោះជា​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​ជាច្រើន សុ​ទ្ឋ​តែ​លើកឡើង​ពី​សក្តានុពល​លើ​បណ្តា​ខេត្ត​ទាំងនេះ នៅ​ឆ្នាំ២០២១នេះ ដែល​វា​មិនមែនជា​ការព្យាករណ៍ ឬ​ចេះតែ​លើកឡើង ដោយ​គ្មាន​មូលដ្ឋាន​នោះទេ។

ខេត្តកំពត ព្រះសីហនុ សៀមរាប កណ្តាល កំពង់ស្ពឺ មណ្ឌលគិរី សុ​ទ្ឋ​តែ​ជា​តំបន់​ដែលមាន​សក្តានុពល ដែល​បាននិងកំពុង​លេចឡើង​អ្នកជំនាញ ក្នុងស្រុក​ជាច្រើន​បាន​អះអាងថា នឹងមាន​ការរីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ។

មូលដ្ឋាន​នៃ​ការអះអាង​ទាំងនេះ ជា​មូលដ្ឋាន​បែប​វិទ្យាសាស្ត្រ ដោយសារតែ​ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល និង​ការវិនិយោគ​ពី​វិស័យ​ឯកជន​ជាតិ និង​អន្តរជាតិ។

ខេត្តកណ្តាល

រដ្ឋាភិបាល​កំពុង​វិនិយោគ លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​យ៉ាង​ខ្វាត់ខ្វែង ដូចជា​ផ្លូវជាតិ​លេខ២កំពុង​ត្រូវ​ពង្រីក ផ្លូវជាតិ​លេខ៣កំពុង​ពង្រីក ការសាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ ស្ពាន​ឆ្លងកាត់​តំបន់​កោះអន្លង់ចិន មកកាន់​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ពិសេស​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​បាននិងកំពុង​សាងសង់ និង​គ្រោង​បញ្ចប់​ដំណាក់កាល​ទី១ នៅ​ឆ្នាំ២០២៣ខាងមុខនេះ។

ខេត្ត​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​ចាត់ទុកជា​តំបន់​ក្បាល​នាគ ហើយ​ក្នុង​គោលនយោបាយ អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល បានរៀបចំ​ខេត្ត​ព្រះ

សីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង ដែល​ធ្វើ​ឲ្យ​ខេត្ត​នេះ​មានការ​រីកចម្រើន​ស្ទើរ​មិនគួរ​ឲ្យ​ជឿ។ ជាក់ស្តែង​គ្រាន់តែ​ទុនវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ ខេត្ត​នេះ​ទាក់ទាញ​បាន​លំហូរ​ទុនវិនិយោគ ៨០០០លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល៤ឆ្នាំ​កន្លងមកនេះ។

ខេត្ត​ព្រះសីហនុ ក៏​ជា​តំបន់​ស្ថិតនៅក្នុង​គោលនយោបាយ​ផ្លូវ​សូត្រ ឬ​ខ្សែក្រវ៉ាត់១ ផ្លូវ១របស់​ប្រទេស​ចិន។

អ្វី​កាន់តែ​ពិសេស​រដ្ឋាភិបាល​បាន និង​កំពុង​ត្រៀម​បញ្ចប់​ការសាងសង់​ផ្លូវ​ចំនួន៤៦ខ្សែ នៅក្នុង​ក្រុងព្រះសីហនុ ដែល​វា​នឹង​លើក​មុខមាត់​ទីក្រុង​នេះ ទៅកាន់​លំដាប់​អន្តរជាតិ ដែល​នឹង​ទាក់ទាញ​ការវិនិយោគ កាន់តែច្រើន​ថែមទៀត​នាពេល​អនាគត បន្ទាប់ពី​ជំងឺ​កូ​វីត​បញ្ចប់​ជាមួយនឹង​វត្តមាន​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ ដែល​នឹង​មកដល់​នៅ​ខែកុម្ភៈ​ខាងមុខ។

ខេត្តកំពត

មាន​ចម្ងាយ១៤៨គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ខេត្តកំពត​ក៏មាន​សក្តានុពល​សម្បើម​ផងដែរ ដែល​វា​នឹង​ជម្រុញ​ល្បឿន​នៃ​ការអភិវឌ្ឍ​នៅ​ខេត្ត​ជាប់​តំបន់ឆ្នេរ​នេះ ជាមួយនឹង​ការបញ្ចប់​ការស្ថាបនា និង​ពង្រីក​ផ្លូវជាតិ​លេខ៣ ការបញ្ចប់​កំពង់ផែ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​លើកដំបូង​របស់​ខេត្ត ពិសេស​កំពង់ផែ​ទេសចរណ៍​ដ៏​ស្រស់ស្អាត ដែល​អាច​ទាក់ទាញ​ភ្ញៀ​បវ​ទេសចរណ៍​ពី​ក្នុង​តំបន់ នឹង​លើក​កំពស់​សក្តានុពល​ទេសចរណ៍ នៅក្នុង​ខេត្ត​នេះ​កាន់តែច្រើន​នាពេល​អនាគត។

ជាមួយនឹង​សក្តានុពល​ភ្នំ​បូកគោ ដែល​ទាក់ទាញ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ រដ្ឋាភិបាល​ក៏​បាននិងកំពុង​រៀបចំ​ទីក្រុង​ឆ្លាត​វៃ​ថ្មី នៅ​ជើងភ្នំ​បូកគោ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Sokha Group ផងដែរ។

ធនធានធម្មជាតិ​នៅជាប់​មាត់​ព្រែក​កំពត កំពុង​ធ្វើ​ឲ្យ​ខេត្ត​នេះ​មាន​ភាពរសរវើក​រួច​ទៅហើយ ខណៈ​អាគារ​ពាណិជ្ជកម្ម​ភ្លោះ​កំពស់៤៥ជាន់​ថ្មី​មួយ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ថៃ ប៊ុន​រ៉ុង​គ្រុប​កំពុង​សាងសង់។ វា​នឹង​ក្លាយជា Landmark ថ្មី​មួយ​សម្រាប់​ផ្លាស់ប្តូរ​មុខមាត់​របស់​ខេត្ត​នេះ​នាពេលខាងមុខ។

ខេត្តមណ្ឌលគិរី

មណ្ឌលគិរី ដែលមាន​ចម្ងាយ​ផ្លូវគោក​ជិត៥០០គីឡូម៉ែត្រ នឹង​លែង​ជា​បញ្ហា​លើ​ការធ្វើដំណើរ​ទៀតហើយ ដោយសារ​រដ្ឋាភិបាល​បាន​អនុ​ញ្ញា​ត្ត ឲ្យ​ក្រុមហ៊ុន Powerchina Group វិនិយោគ​នៅក្នុង​ខេត្ត​នេះ ដែល​បច្ចុប្បន្ន​ខេត្ត​នេះ​កំពុងមាន​ភាព​រីកចម្រើន និង​ទាក់ទាញ​លំហូរ​ទុនវិនិយោគ​យ៉ាង​សម្បើម ពិសេស​អ្នកវិនិយោគ​ក្នុងស្រុក ដែល​មើលឃើញ​ផលចំណេញ​ពី​ការកើនឡើង​តម្លៃ​ដីធ្លី និង​កំនើន​ទេសចរណ៍​នាពេល​អនាគត។

ខេត្ត​នេះ​ត្រូវបាន​ក្រសួងទេសចរណ៍ ឬ​រាជរដ្ឋាភិបាល​កម្ពុជា​រៀបចំ​អភិវឌ្ឍន៍​ជា​តំបន់ឧស្សាហកម្ម និង​សេដ្ឋកិច្ច​បែប​ពហុ​បំណង​ផងដែរ ពិសេស​ក្រសួងទេសចរណ៍​រៀបចំ​ផែនការមេ​ដាំ​ផ្កា ដើម្បី​ទាក់ទាញ​ទេសចរណ៍ និង​ដាំ​បន្លែ​ដើម្បី​ផ្គត់ផ្គង់​មូលដ្ឋាន​ទេសចរណ៍​នានា​នៅ​ទូទាំងប្រទេស។

សៀមរាប

ជា​គ្រាប់​គុជ​ទេសចរណ៍ និង​រតនៈសម្បត្តិ​រប​ស់​ពិភពលោក ខេត្តសៀមរាប​កំពុង​ត្រៀម​បញ្ចេញ​ពន្លឺ​ចែងចាំង​ជាថ្មី ក្រោយ​វិបត្តិ​កូ​វីត១៩ ដែល​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​រៀបចំ​ស្ថាបនា​ឡើងវិញ​នូវ​ផ្លូវ​ចំនួន៣៤ខ្សែ​ទូទាំង​ខេត្ត ការកែលំអរ​ដងស្ទឹង​សៀមរាប ក៏​បាននិងកំពុង​លើក​កំពស់​មុខមាត់ និង​កិត្យានុភាព​ខេត្ត​នេះ​កាន់​តែមាន​ភាពស្រស់​បំព្រង និង​ចា​មូលដ្ឋាន​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មួយផ្នែក​ផងដែរ។

ក្រុមហ៊ុន​លំដាប់​យក្ស Naga Corp កំពុង​រៀបចំ​បោះទុន​វិនិយោគ ៣៥០លាន​ដុល្លារ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​កាន់តែ​សម្បូរបែប ដូចជា​ទីក្រុង​ចិន​ឬ China Town តំបន់​ជិះទូក​កំសាន្ត និង​សេវាកម្ម​បដិសណ្ឋារកិច្ច​ជាច្រើន​ទៀត។

ក្រុមហ៊ុន​ចិន​ដ៏​ធំ ក៏​បាននិងកំពុង​វិនិយោគ ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ថ្មី ដែល​ព្រលាន​នេះ នឹង​បញ្ចប់​ការ​សាសង​សង់​នា​ឆ្នាំ២០២៣ខាងមុខ ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍ និង​អាកាសចរណ៍​ដែល​ហោះ​ឆ្លង​ទ្វីប​បាន។

ខេត្តកំពង់ស្ពឺ

ដោយសារ​មាន​ភូមិសាស្ត្រ​កៀក​នឹង​រាជធានី​ភ្នំពេញ ពិសេស​ជា​តំបន់​ដែល​រដ្ឋាភិបាល​បានដាក់​ទិសដៅ​រៀបចំ​ជា​តំបន់ឧស្សាហកម្ម ខេត្ត​នេះ​កំពុង​ទាក់ទាញ​ការវិនិយោគ​ពី​អ្នកវិនិយោគ​ជាតិ​អន្តរជាតិ លើ​រោងចក្រ ឧស្សាហកម្ម លំនៅដ្ឋាន និង​សកម្មភាព​ពុះ​ដីឡូត៍​យ៉ាង​គគ្រឹកគគ្រេង។

ផ្លូវជាតិ​លេខ៤១ ផ្លូវជាតិ​លេខ៥១ ផ្លូវជាតិ​លេខ៤ ដែល​កំពុង​ពង្រីក​និង​កែលំអរ​ដោយ​រដ្ឋាភិបាល បាននិងកំពុង​ធ្វើ​ឲ្យ​ខេត្ត​នេះ​កាន់តែ​ពង្រីក​មូលដ្ឋាន​នៃ​ការរីកចម្រើន​របស់ខ្លួន​កាន់តែច្រើន​ថែមទៀត​នាពេល​អនាគត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here