ដោយៈ ប៊ី
ភ្នំពេញៈ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំកិច្ចប្រជុំដើម្បីស្វែងយល់និងផ្តល់ធាតុចូលបន្ថែម លើរបាយការណ៍សង្ខេបស្តីពី ការសិក្សាសមិទ្ធិលទ្ធភាពពេញលេញ សម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋានមណ្ឌលគិរីថ្មី។
លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣០ មិនាកន្លងមក ដោយបានផ្តល់អនុសាសន៍២ចំណុច ដើម្បីឱ្យរបាយការណ៍នេះកាន់តែប្រសើរឡើង ដូចជា ទី១ ត្រូវយកចិត្តទុក្ខដាក់បញ្ចូលបន្ថែម នូវសកម្មភាពអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចតំបន់ស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍។
ទី២ ត្រូវរកវិធីសាស្ត្រថ្មីៗ ដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ ឱ្យធ្វើការហោះហើរទៅតំបន់នោះ ដូចជា ផលិតផលទេសចរណ៍ថ្មីៗ សកម្មភាពសេដ្ឋកិច្ច និងវិនិយោគថ្មី។
បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ និងធាតុចូលបន្ថែមពីសំណាក់ លោករដ្ឋ មន្ត្រីរួចមក អ្នកពិគ្រោះយោបល់ Consultant នឹងខិតខំសិក្សានូវធាតុចូលបន្ថែមទៀតទៅក្នុងរបាយកាណ៍នេះ។
រាជរដ្ឋាភិបាល បានសម្រេចជ្រើសរើសក្រុមហ៊ុនចិន Powerchina International Group ឱ្យសិក្សា និងអភិវឌ្ឍន៍លើគម្រោងសាងសង់ អាកាសយានដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី និងអនុញ្ញាត្តឱ្យរដ្ឋលេខាធិការដ្ឋានអាកាចរស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនអភិវឌ្ឍន៍។
តាមការឱ្យដឹងថា អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គ្រោងចំណាយទុនវិនិយោគប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីសាងសង់ជាប្រភេទ 4C លើផ្ទៃដីទំហំប្រមាណជាង៣០០ហិកតា។ បច្ចុប្បន្នក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនចិន បានកំពុងសិក្សានិងចរចារួមគ្នា មុនឈានដល់ការដំណើរការសាងសង់ អាចឈានទៅដល់ចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ។
រដ្ឋាភិបាលកម្ពុជាបានអនុម័ត គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះខេត្តមណ្ឌលគិរី ជូនដល់ក្រុមហ៊ុន Power China Group ដើម្បីវិនិយោគសាងសង់ និងរៀបចំព្រលានយន្តហោះអន្តរជាតិនេះឲ្យដំណើរការដោយរលូន និងជោគជ័យ៕