ល្បឿនបម្រើជូនសាធារណៈ
ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយសុច្ចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័តក៏ដូចជា សេវាអ៊ីនធឺណេត រដ្ឋាភិបាលបានតម្រូវឱ្យក្រុមហ៊ុន ក៏ដូចជានិយ័តកត្រូវមានភាពទទួលខុសត្រូវខ្ពស់ និងបង្កើនគុណភាពរបស់ខ្លួនឱ្យបានប្រសើរ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្ដីពី វិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅកម្ពុជា ទៅដល់បណ្តាក្រុមហ៊ុន ក៏ដូចជា នីយ័តកទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នក្រុមមន្ត្រីជំនាញបាន និងកំពុងខិតខំបញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការពិន័យអន្តរការណ៍ និងទណ្ឌកម្មផ្សេងៗ ចំពោះប្រតិបត្តិករទូរគមនាគមន៍ ដែលមិនគោរពច្បាប់ស្តីពីទូរគមនាគមន៍ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគោលការណ៍ នៃការផ្តល់សេវាប្រកបដោយគុណភាព។
ទន្ទឹមនឹងនេះ ក.ប.ទបាននិងកំពុងវាស់ស្ទង់គុណភាព សេវាទូរគមនាគមន៍នៅតាមតំបន់នីមួយៗ ដើម្បីកំណត់ចំណុចខ្សោយ ឬបញ្ហានានាពាក់ព័ន្ធនឹងគុណភាពសេវា និងដាក់ចេញនូវវិធានការជាក់ស្តែង។ បន្ថែមលើនេះ ក.ប.ទ នឹងតម្រូវឱ្យប្រតិបត្តិករទូរគមនាគមន៍វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដោយក្រសួងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលឱ្យមានប្រសិទ្ធភាពខ្ពស់។ ការងារទាំងអស់ខាងលើនេះ គឺជាសកម្មភាពអាទិភាពបំផុត នៃកម្មវិធីកំណែទម្រង់វិស័យទូរគមនាគមន៍របស់ក្រសួង។
ជាមួយគ្នានេះ ប្រតិបត្តិករទូរគមនាគមន៍ត្រូវគោរពច្បាប់ស្តីពី ទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យបានខ្ជាប់ខ្លួន ត្រូវសិក្សា និងធ្វើបច្ចុប្បន្នភាពផែនការសាងសង់ស្ថានីយអង់តែន ឆ្លើយតបនឹងការប្រើប្រាស់ ចំនួនអ្នកប្រើប្រាស់ និងទីតាំងភូមិសាស្ត្រ ដោយត្រូវផ្តល់ផែនការនេះ មកនិយ័តករទូរគមនាគមន៍កម្ពុជា មុនសាងសង់ស្ថានីយអង់តែន និងបណ្តាញទូរគមនាគមន៍ ស្របតាមមាត្រា១៤ និង១៧ នៃច្បាប់ស្តីពីទូរគមនាគមន៍ រួមជាមួយនឹងការគោរព និងអនុវត្តឱ្យស្របទៅនឹងបទបញ្ញត្តិដែលបានចែង។
ដោយឡែក ក្នុងនាមជាអ្នកប្រើប្រាស់សេវាទូរគមនាគមន៍ ត្រូវសហការរាយការណ៍ពីបាតុភាពនានាពាក់ព័ន្ធនឹង គុណភាពសេវា មានជាអាទិ៍ ភាពមិនគ្រប់គ្រាន់នៃវិសាលភាពគ្របដណ្តប់ភាពយឺតនល្បឿនអឺនធឺណិត ឬភាពរអាក់រអួលនៃការហៅចេញ និងការទទួលទូរសព្ទនៅតាមទីតាំងនានា ទៅកាន់ភ្នាក់ងារបម្រើ សេវាអតិថិជនរបស់បណ្តាប្រតិបត្តិករទូរគមនាគមន៍ តាមរយៈលេខទូរសព្ទដូចមានក្នុងបញ្ជីជូនភ្ជាប់ជាមួយ។
សម្រាប់ព័ត៌មានបន្ថែម អ្នកប្រើប្រាស់សេវាទូរគមនាគមន៍ អាចទាក់ទងមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខ១២៧២ នៅរៀងរាល់ម៉ោងធ្វើការដោយឥតគិត ថ្លៃ។
ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញភាគច្រើន បានរអ៊ូរទាំពីសេវាកម្មរបស់ក្រុមហ៊ុនInternetនៅកម្ពុជា ដែលភាគច្រើនសេវាកម្មរបស់ពួកគេមិនបានគោរពស្តង់ដាវិជ្ជាជីវៈ និងខសេវាអ៊ីនធើណេតមានភាពយឺតយ៉ាវ ដែលពិបាកក្នុងការប្រើប្រាស់លើអាជីវកម្មរបស់ពួកគេ៕