ដោយៈយិន លាងគង់ស្ថាបនិកនិងអគ្គនាយកគេហទំព័រPropertyarea.asia
ភ្នំពេញៈ ព្រះអាទិត្យកំពុងលិចនៅប្រទេសភូមា រដ្ឋដែលកំពុងចលាចលនេះ កំពុងស្ថិតក្នុងភាពងងឹត និងរកច្រកចេញមិនទាន់រួចនៅឡើយ។
តើអ្នកណាជាអ្នកដោះស្រាយបញ្ហារបស់ប្រទេសនេះបាន? តើពេលពេលវិបត្តិនេះនឹងបញ្ចប់? ហើយឈាមលែងហូរចេញពីប្រជាជាតិ ដែលតាំងខ្លួនឯងជាអ្នកគោរពពុទ្ឋសាសនានេះ។
ដំណោះស្រាយពីអន្តរជាតិ
ដំណោះស្រាយជាអន្តរជាតិលើវិបត្តិភូមា ដែលបានអូសបន្លាយរហូតមកទល់ពេលនេះមានរយៈពេលពីរខែហើយ មិនឃើញមានអ្វីក្រៅពីការដាក់ទ័ណ្ឌកម្មពីមហាអំណាចនានា ពិសេសសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងបណ្តាប្រទេសសម្ព័ន្ឋមិត្តរបស់ពួកគេឡើយ ប៉ុន្តែជាលទ្ឋផលនៃការដាក់ទ័ណ្ឌកម្ម គឺធ្វើឲ្យប្រជាជនភូមារងគ្រោះកាន់តែខ្លាំង ប្រជាជនភូមាឈឺចាប់កាន់តែខ្លាំងទៅវិញទេ។
បណ្តាទ័ណ្ឌកម្ម ដែលបានដាក់ចេញដោយមហាអំណាច ដែលតែងតែលើកយក លទ្ឋិប្រជាធិបតេយ្យ និងសិទ្ឋមនុស្សមកធ្វើជាខែល ប៉ុន្តែមិនបានធ្វើឲ្យមេទ័ពភូមា ឬមីយ៉ាន់ម៉ាខ្លាចញញើត ឬរាថយនោះឡើយ។
ស្ថានភាពបច្ចុប្បន្ន ប្រជាជនភូមាកាន់តែច្រើនកំពុងរងទុក្ខ និងស្លាប់បាត់បង់ជីវិត ហើយស្ថានភាពនេះ នឹងបន្តអូសបន្លាញរយៈពេលវែង បើសិនជាប្រជាជាតិនេះនៅតែស្រែករកជំនួយ ជាជាងដោះស្រាយបញ្ហានេះដោយខ្លួនឯង។
អង្គការសហប្រជាជាតិ
អង្គការកំពូលពិភពលោកនេះ បាននិងកំពុងវិវត្តន៍ជា “ខ្លាក្រដាស” ដោយសារមិនអាចធ្វើអ្វីបាន និងកំពុងជ្រកក្រោមឥទ្ឋិពល របស់មហាអំណាចមួយលើពិភពលោក ជាជាងបាន និងកំពុងដើរតួនាទទីឯករាជ្យពេញលេញ ដើម្បីផលប្រយោជន៍មនុស្សជាតិដូចដែលបេសកកម្ម ឬចក្ខុវិស័យស្នូល ដែលបានចែងនៅពេលបង្កើតអង្គការនេះពីដំបូងឡើយ។
ទោះជាយ៉ាងណា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នឹងរៀបចំកិច្ចប្រជុំស្តីវិបត្តិនៅមីយ៉ាន់ម៉ា ក្នុងថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ក្រោយការបង្ក្រាបបាតុកម្មដ៏សាហាវនៅមីយ៉ាន់់ម៉ា កាលពីចុងសប្តាហ៍កន្លងទៅ ដែលបានបណ្តាលឲ្យបាតុករជាង១០០នាក់ស្លាប់ ក្នុងនោះមានទាំងកុមារផងដែរ។
សម័យប្រជុំបិទទ្វារនៃប្រទេសជាសមាជិកUNSC ទាំង១៥ខាងលើនេះ ត្រូវបាន រៀបចំឡើង តបតាមការអំពាវនាវរបស់ចក្រភពអង់គ្លេស។
លោកស្រី គ្រីស្ទីន ស្ក្រាណឺ ប៊ឺជែណឺ (Christine Schraner Burgener) តំណាងពិសេសអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកបញ្ហានៅមីយ៉ាន់ម៉ាបានអះអាងថា “កិច្ចប្រជុំខាងលើនេះ ក៏នឹងធ្វើការរៀបរាប់សង្ខេប អំពីស្ថានការណ៍ដែលបាននិងកំពុងកើតឡើងផងដែរ”។
ទោះជាយ៉ាងណា ក្រុមអ្នកតាមអន្តរជាតិមិនទាន់ច្បាស់នៅឡើយទេថា តើក្រុមប្រឹក្សាសន្តិសុខUN អាចចេញនូវសេចក្តីថ្លែងការណ៍រួមមួយ នៅក្រោយបញ្ចប់កិច្ចប្រជុំដែរ ឬមួយក៏យ៉ាងណានោះ ព្រោះវានឹងតម្រូវឲ្យការឯកភាពគ្នាទាំងស្រុង រវាងប្រទេសជាសមាជិកទាំង១៥។
កាលពីថ្ងៃទី១០ ខែមីនា កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាសន្តិសុខ UN ក៏បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសធ្ងន់ៗជាលើកដំបូងផងដែរ ចំពោះការបង្ក្រាបដោយហិង្សាពីសំណាក់ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករដែលគ្មានអាវុធក្នុងដៃ ក្នុងនោះរួមមានទាំងស្ត្រី និងកុមារ។
បើប្រជាជនភូមាពឹងផ្អែកសម្លេងអំពាវនាវ ទ័ណ្ឌកម្មពីអន្តរជាតិ គឺបានត្រឹមតែអស់ សង្ឃឹមប៉ុណ្ណោះ មិនអាចដោះស្រាយអ្វីបានឡើយ។ នេះជាយុទ្ឋសាស្រ្តនិងសមរភូមិកាទូតអន្តរជាតិ។
ភូមិសាស្រ្តនយោបាយ
បញ្ហាភូមិសាស្រ្តនយោបាយ បានក្លាយជារឿងដ៏ក្តៅគគុក ក្នុងពិភពលោកនាសតវត្សរ៍ទី២១នេះ ដោយសារតែការរះឡើងដ៏ចែងចាំងរបស់ចិន ធ្វើឲ្យលោកខាងលិចភ័យស្លន់ស្លោ ហើយព្យាយាមចងសម្ព័ន្ឋមិត្តជាមួយបណ្តាប្រទេសនានា ដើម្បីដាក់គំនាបលើមហាមិត្តចិន។
តើរដ្ឋប្រហារនៅប្រទេសភូមា នាថ្ងៃទី១ កុម្ភៈ ដែលបានធ្វើឲ្យពិភពលោកស្រឡាំងកាំងនេះ មានជាប់ទាក់ទងយ៉ាងដូចម្តេច នឹងបញ្ហាភូមិសាស្រ្តនយោបាយ? តើវាជាសង្រ្គាមចិត្តសាស្រ្តមួយ របស់មហាអំណាចពិភពលោកទាំងពីរ ឬជាការធ្វើតេស្តរបស់មហាមិត្តចិន លើនយោបាយការបរទេសរបស់រដ្ឋបាលលោកJoe Biden?។
ចម្លើយ? ជាការធ្វើតេស្ត ឬមិនមែនជាការធ្វើតេស្ត។ បើជាការធ្វើតេស្ត គឺអាចដោយសារ ទី១ ប្រទេសចិនអាចសាកល្បងធ្វើតេស្ត រដ្ឋបាលលោកJoe Bidenថា មានដំណោះស្រាយដូចម្តេចលើបញ្ហានេះ និងលោកJoe Biden មានកម្រិតវិជ្ជាជីវៈប៉ុណ្ណាក្នុងការដោះស្រាយបញ្ហាលើវិបត្តិនេះ?។
ទី២ តើសម្ព័ន្ឋមិត្តេរបស់អាមេរិក មានដំណោះស្រាយអ្វីលើបញ្ហាភូមា ក្រៅពីការដាក់ទ័ណ្ឌកម្ម? ទី៣ តើនយោបាយការបរទេស និងភាពចាស់ទុំខាងនយោបាយរបស់Joe Biden ពិតជាមានភាពឆ្លៀវឆ្លាត ឬបានត្រឹមតែទុកឲ្យបញ្ហានេះកាន់តែទុំជោរ ហើយអ្នករងនូវសោកនាដកម្មពិតប្រាកដជាប្រជាជនភូមាទៅវិញ។
មិនមែនជាការធ្វើតេស្ត
ផ្ទុយទៅវិញវិបត្តិនៅភូមា អាចមិនមែនជាការធ្វើតេស្តរបស់មហាយក្សចិននោះទេ ដោយសារទី១ មហាយក្សចិនហាក់មិនចំណេញអ្វីពីវិបត្តិនេះច្រើនឡើយ ប៉ុន្តែជាការខាតបង់ទៅវិញទេ ដោយសារអាចជាការបាក់មុខមាត់របស់ចិន និងធ្វើឲ្យលំហូរពាណិជ្ជកម្មរវាងចិន និងភូមាជាប់គាំង ទី២ អាចជាបញ្ហាផ្ទៃក្នុងរបស់ភូមាច្រើនជាង ព្រោះវាជាការដណ្តើមអំណាចផ្ទៃក្នុងរវាងមេដឹកនាំយោធាភូមា ដែលមានចេតនាដឹកនាំប្រទេសតាមបែបយោធាឡើងវិញ ជាជាងឲ្យរដ្ឋបាលស៊ីវិលដឹកនាំប្រទេស ដែលកំពុងស៊ីរូងប្រជាប្រិយភាពរបស់យោធាភូមា និងធ្វើឲ្យឥទ្ឋិពលយោធាភូមាកាន់តែថមថយពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រជាជនភូមាខ្លួនឯងជាអ្នកបញ្ចប់វិបត្តិនេះ
ប្រជាជនភូមា ដែលគោរពលទ្ឋិព្រះពុទ្ឋសាសនាដ៏ជ្រាលជ្រៅនេះ (លទ្ឋិអញនិយម) បានស្រែកដង្ហោយហៅអន្តរជាតិ ឲ្យជួយរកដំណោះស្រាយសម្រាប់ប្រទេសរបស់ខ្លួន ជាជាងរកវិធីសាស្រ្តដោះស្រាយបញ្ហាប្រទេសរបស់ខ្លួនដោយខ្លួនឯង។
ការបន្តបាតុកម្ម កុបកម្ម និងមានការវាយប្រហារគ្នារវាងយោធាការ៉ែន និងពួកយោធាភូមា បានធ្វើឲ្យមនុស្សរាប់រយនាក់បាត់បងជីវិតនេះ មិនមែនជាដំណោះស្រាយនោះទេ ហើយក៏គ្មានប្រទេសណាមួយ ហ៊ានលូកដៃជ្រៅចូលក្នុងប្រទេសរបស់ខ្លួននោះទេ ក្រៅពីការអំពាវនាវ ការថ្កោលទោស និងការដាក់ទ័ណ្ឌកម្ម ហើយសហគមន៍អាស៊ាន ក៏មិនអាចជួយអ្វីបាននោះទេ ព្រោះរដ្ឋធម្មនុញ្ញាអាស៊ាន គឺមិនលូកលាន់ចូលកិច្ចការផ្ទៃក្នងរបស់ប្រទេសណាមួយទេ មានតែការសម្របសម្រួលប៉ុណ្ណោះ។
ការបន្តបាតុកម្ម កុបកម្ម មានតែការបង្ហូរឈាម និងការស្លាប់ប៉ុណ្ណោះ វាមិនបានចំណេញអ្វីដល់ប្រជាជាតិនេះនេះទេ ក្រៅតែពីការរងទុក្ខវេទនា និរាសព្រាត់ប្រាស់សាច់ញាតិ និងសារលោហិតរបស់ខ្លួន។
ការវិលទៅផ្ទះវិញ ហើយចូលបំពេញការងារនៅតាមស្ថាប័នរបស់ខ្លួនធ្វើការ នឹង ផ្តល់ឲ្យប្រជាជនភូមា នូវដំណោះស្រាយល្អៗជាច្រើន ដូចជា ទី១ អាចធ្វើឲ្យជីវភាពរបស់ខ្លួនវិលមករកភាពប្រសើរឡើងវិញ ទី២ អាចធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនដំណើរការឡើងវិញ ទោះមិនបានល្អប្រសើរតាមខ្លួនចង់បានក្តី ទី៣ អាចចូលរួមបោះឆ្នោតឡើងវិញ ដោយមេដឹកនាំយោធា សន្យាប្រគល់អំណាចឲ្យអ្នកឈ្នះ។
ផ្ទុយទៅវិញប្រសិនជាយោធាមិនព្រមប្រគល់អំណាច ហើយចង់ដឹកនាំប្រទេសឡើងវិញ ក៏ជាការល្អជាជាងទុកស្ថានភាពប្រទេស ក្នុងវិបត្តិកលយុគបែបនេះដែរ ទី៤ មេដឹកនាំភូមា ដែលជាប់ឆ្នោតក្រោយ អាចនឹងអនុវត្តន៍គោលនយោបាយបើកចំហសេដ្ឋកិច្ច និងនយោបាយឡើងវិញ(ដូចជំនាន់រដ្ឋបាលលោកថេន សេន)។
ហេតុនេះប្រជាជនភូមា ជាកូនសោគន្លឹះ ជាអ្នកបើកជើងមេឃថ្មីសម្រាប់ខ្លួនឯង និងផ្តល់សេរីភាពឲ្យខ្លួនឯង ដើម្បីធ្វើឲ្យព្រះអាទិត្យ នៅប្រទេសរបស់ខ្លួនរះឡើងវវិញ៕