បណ្តាក្រុមអាជីវករនៅតាមបណ្តាផ្សារទំនើបកំពុងប្រឈមនឹងការខាតបង់ច្រើន

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ទីផ្សារលក់រាយនៅតាមបណ្តាទំនើបនៅកម្ពុជា ដែលកំពុងទទួលរងនូវ ផលប៉ះពាល់ពីវិបត្តិកូវីដ១៩ នៅពេលបច្ចុប្បន្នបានជះឥទ្ធិពលបន្ត ទៅដល់បណ្តាអាជីករដែលជួលទីតាំងលក់រាយ រហូតមានអ្នកខ្លះបានសម្រេចចិត្តបិទទ្វារ ផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយសារមិនអាចទប់ទល់នឹងការខាតបង់ជាប់ជាប្រចាំបាន។

អ្នកនា កែវ រស្មី ដែលជាម្ចាស់ក្រុមហ៊ុននាំចូលសម្លៀកបំពាក់ម៉ាក់ល្បីផ្តាច់មុខមកពីប្រទេសសិង្ហបុរី និងកំពុងជួលស្តង់ទីតាំងលក់រាយនៅផ្សារទំនើបចំនួន៤ ក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះថា បញ្ហានៃវិបត្តិកូវីដ១៩ បានជះឥទ្ធិពលអាក្រក់ដល់បណ្តាអាជីវកម្មលក់ដូរ ស្ទើរគ្រប់ប្រភេទនៅក្នុងផ្សរទំនើប ដោយសារតែមនុស្សភាគច្រើនបាត់បង់ចំណូល និងមិនសូវចេញដើរច្រើនដូចពេលមុន។

អ្នកនាងបានបន្តថា “វិបត្តិកូវីដ១៩កាលពីឆ្នាំ២០២០ ហាក់មានភាពធូរស្រាលជាងនេះដែលយ៉ាងហោចណាស់ ក៏អាចលក់បានដើមទុនខ្លះគ្រាន់បង្វិល និងចំណាយថ្លៃជួលបុគ្គលិក”។អ្នកនាងបន្តថា “ប៉ុន្តែចាប់តាំងពីដើមឆ្នាំ២០២១ ជាពិសេសនៅត្រឹមពាក់ក ណ្តាលខែកុម្ភៈ ការលក់បានធ្លាក់ចុះស្ទើរដល់ចំណុចសូន្យតែម្ដង”។

អ្នកនាងបន្តថា “ខ្ញុំមានស្ដង់លក់នៅក្នុងផ្សារទំនើបចំនួន៤ មាននៅក្នុងផ្សារទំនើប AEON1 ផ្សារAEON2 ផ្សារ OLYMPIA និងផ្សារ PANCIAL ប៉ុន្តែបើបូកចំណូលពីការលក់ទាំង៤ ទីតាំងបញ្ចូលគ្នាស្ទើរមិនស្មើចំណូល១ ទីតាំងកាលពីមិនទាន់ផ្ទុះកូវីដនោះផង”។

អ្នកនាង រស្មី បានបញ្ជាក់ ពេលនេះមានផ្សារខ្លះ គាត់បានផ្អាកមិនយកថ្លៃជួលស្តង់នោះទេ ហើយផ្សារខ្លះគាត់បញ្ចុះតម្លៃជួល៣០ភាគរយ ប៉ុន្តែទោះជាយកថ្លៃជួលស្ដង់ក៏នៅតែខាងបង់ជាប់ជាប្រចាំដែរ ព្រោះយ៉ាងហោចណាស់ ក៏ត្រូវចំណាយទៅលើថ្លៃប្រាក់ខែបុគ្គលិកដែលប្រចាំការលក់នៅស្ដង់ ការចំណាយទៅលើថ្លៃភ្លើង និងការចំណាយទៅលើថ្លៃអនាម័យជាដើម ហើយសម្លៀកបំពាក់ទៀតសោតក៏ហួសសម័យកាល ដែលជាទូទៅទីផ្សារលក់ត្រូវផ្លាស់ប្ដូរយ៉ាងយូរ៣ខែម្ដង ដូច្នេះវាជាការខាតបង់ផ្ទួនៗលើគ្នាតែម្ដង។

ពាក់ព័ន្ធទៅនឹងស្ថានការណ៍ដែលកំពុងប្រឈម និងការផ្គត់ផ្គង់ផ្សារទំនើបនៅពេ​លបច្ចុប្បន្ននេះ អ្នកជំនាញបានអះអាងថា ផ្សារទំនើបនៅពេលនេះកំពុងតែជួបនឹងភាពលើស ហើយតម្រូវការជាក់ស្ដែងមានឱនភាព។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍បង្ហាញពីក្ដីបារម្ភថា ប្រសិនបើស្ថានភាពនៅតែបន្តដូចពេលបច្ចុ​ប្បន្ន ហើយបន្ថែមថ្មីនូវចំណែកទីតាំងលក់រាយ រហូតដល់ប្រមាណ១៨ម៉ឺនម៉ែត្រការ៉េ នាដំណាច់ឆ្នាំ២០២១ នោះការផ្គត់ផ្គង់នៅក្នុងវិស័យមួយនេះនឹងលើសតម្រូវការ។

លោកស្រីបញ្ជាក់ថា “បច្ចុប្បន្ននេះការដាក់បញ្ចូលទីតាំងលក់រាយ នៅក្នុងផ្សារទំនើបនៅកម្ពុជា កំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសប្រភេទផ្សារទំនើបបែបសហគមន៍ នៅតាមតំបន់ទីប្រជុំជនមួយចំនួនក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងអគារពាណិជ្ជកម្មផងដែរ”។ លោកស្រីបន្តថា “កំណើននៃការដាក់បញ្ចូលថ្មីបន្ថែមទាំងនេះកំពុងតែប្រឈមទៅនឹងវិបត្តិ នៃការផ្គត់ផ្គង់លើសពីតម្រូវការ ខណៈដែលបច្ចុប្បន្នអតិថិជនមួយចំនួន ដែលនិយមទិញសម្ភារៈប្រើប្រាស់ ឬចំណីអាហារនៅតាមបណ្តាផ្សារទំនើបបានផ្លាស់ប្ដូរបែបបទ និងទម្លាប់របស់ខ្លួនដោយការទិញតាមអនឡាញ ដែលមានសេវាដឹកជញ្ជូនដល់លំនៅដ្ឋានវិញម្ដងនៅក្នុងដំណាក់កាលនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here