គម្រោង​ផ្សារ​ទំនើប AEON3 នៅ​ផ្លូវ ៦០ម៉ែត្រ បន្ត​ការសាងសង់​យ៉ាងសកម្ម និង​ឈានទៅ​សម្រេច​ដំណាក់​ដំបូង

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គ​ម្រា​ង​សាងសង់​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ AEON3 ស្ថិតនៅ​ផ្លូវ៦០ម៉ែត្រ កំពុងតែបន្ត​ការសាងសង់​យ៉ាងសកម្ម ដែល​ស្ថិតនៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការបុក​គ្រឹះ និង​ឈានទៅដល់​ដំណាក់កាល​បន្ទាប់​នៃ​ការចាប់​ក្រវាត់​នៃ​សរសរ​គ្រឹះ។

ផ្អែក​តាម​ការ​ឱ្យដឹងពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​គម្រោង​សាងសង់​ផ្សារ​ទំនើប​ជប៉ុន AEON3 ដែលមាន​ទីតាំង ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សម្ដេច​តេ​ជោ​ហ៊ុន សែន មិនបាន​បង្អាក់ ឬ​ផ្អាក់​ប្រតិបត្តិការ​របស់ខ្លួន​ឡើយ ផ្ទុយទៅវិញ​គម្រោង​មួយ​នេះ​កំពុងតែ​មមាញឹក​ក្នុងការ​បុកគ្រឹះ​សាងសង់​គ្រោង​សំណង់​របស់ខ្លួន ដោយ​គ្មាន​ការរាំងស្ទះ​នោះទេ។

ប្រភព​ដដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ទៀតថា បច្ចុប្បន្ននេះ​បើទោះជា​មាន​បញ្ហា​នៃ​វិបត្តិ​កូ​វីដ១៩ ប៉ុន្តែ​ផែនការ​នៃ​គម្រោង​មិន​ប៉ះពាល់​នោះទេ។ ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​ទុនបម្រុង​រួចជាស្រេច និង​គ្រប់គ្រាន់​មិន​ពឹងផ្អែក ទៅលើ​ទុន​ខាងក្រៅ​នោះទេ គេ​ដើរ​តាម​ផែនការ​នៃ​ការអភិវឌ្ឍន៍ ដូច្នេះ​បើទោះជា​មាន​បញ្ហា ដែល​កំពុង​កើតមាន​នៅពេលនេះ ក៏​មិន​ជះឥទ្ធិពល​ទៅលើ​គម្រោង​នោះដែរ។

គម្រោង​របស់​ក្រុមហ៊ុន គឺ​ត្រូវ​ប​ណ្ច​ប់​នៅត្រឹម​ឆ្នាំ២០២៣ ដូច្នេះ​ពេលនេះ​បើទោះជា​មាន​បញ្ហា​សេដ្ឋកិច្ច​ផ្ទៃក្នុង ប៉ុន្តែ​មិន​ជះឥទ្ធិពល​ដល់​គម្រោង​នោះទេ ពួកគេ​នៅតែ​បន្ត និង​ជំរុញ​ការសាងសង់ លុះ​នៅពេល​ចប់​វិបត្តិ គម្រោង​ទាំងមូល​ក៏ត្រូវ​បញ្ចប់ ដូច្នេះ​ទីផ្សារ​ដែល​អាច​ទទួលយក​បាន គឺមាន​វិសាលភាព​ធំ​ទូលាយ​ជាង​ពេលបច្ចុប្បន្ន​ជាក់​ជាមិនខាន។

គម្រោង​សាងសង់​ផ្សារ​ទំនើប​ដ៏​ធំ AEON3 ត្រូវបាន​ធ្វើឡើង​នៅលើ​ផ្ទៃដី​ទំហំ​ជាង១៧ហិកតា ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្បែរ​ស្ពានថ្ម ជិត​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​ទំនើប និង​ប្រណីតភាព​របស់​បុរី​ប៉េង​ហួត ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី នៃ​រាជធានី​ភ្នំពេញ ដោយមាន​ផ្ទៃក្រឡា​សរុប​រហូតដល់​ទៅ១៧៤,០០០ម៉ែត្រការ៉េ ដែល​ធំ​ជាង​ផលបូក​ផ្ទៃក្រឡា​ផ្សារ​ទំនើប AEON 1 (៦៨០០០ ម៉ែត្រការ៉េ) និង​ផ្សារ​ទំនើប AEON 2 ខណ្ឌ​សែន​សុខ (១០០០០០ ម៉ែត្រការ៉េ)។

ជាមួយនឹង​វត្តមាន​របស់​ផ្សារ​ទំនើប AEON3 គេ​ជឿជាក់ថា នឹងមាន​ភាពល្អប្រសើរ​ច្រើនជាង​បញ្ហា​ប្រឈម ដោយសារតែ​ផ្សារ​ទំនើប​AEON បាន​ផ្តោត​សំខាន់​ទៅលើ​អតិថិជន​កម្រិត​មធ្យម ដែ​អាច​ប្រមូល​ចំណែក​ទីផ្សារ មកពី​តំបន់​ជិតខាង​បន្ថែមទៀត ដែល​ខុសប្លែក​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​មួយចំនួនទៀត ដែល​នឹង​បង្ហាញខ្លួន​ជិតគ្នា​បានជ្រើសរើស​អតិថិជន​កម្រិត​ខ្ពស់ ឬ​កម្រិត​អភិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here