ទីក្រុង​ឌូ​បៃ​អនុម័ត​កញ្ចប់​ថវិកា ១៥,៥ពាន់​លាន​ដុល្លារ​សម្រាប់​ស្តារ​សេដ្ឋកិច្ច​នៅ​ឆ្នាំនេះ

0

ដោយៈ​វ​ឌ្ឈ​នៈ

ឌូ​បៃ:  ក្រុង​ឌូ​បៃ ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ នៃ​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បានអនុម័ត​កញ្ចប់​ថ​វិកា​រហូតដល់​ទៅ ៥៧,១ពាន់​លាន Dirham (១៥,៥៥ ពាន់​លាន​ដុល្លារ​អាមេរិក) សម្រាប់​ឆ្នាំ២០២១ នៅពេល​ឃើញ​សញ្ញា​ថា​សេដ្ឋកិច្ច នឹង​ងើបឡើង​ពី​ការធ្លាក់ចុះ​នៅ​ឆ្នាំនេះ។ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​មេដឹកនាំ​ក្រុង​នេះ​កាលពីពេលថ្មីៗនេះ ។

សេចក្ដីថ្លែងការណ៍​នេះ មិនបាន​ផ្ដល់​ការប្រៀបធៀប​គ្នា ទៅនឹង​ការចំណាយ​ជាក់ស្ដែង​ក្នុង​ឆ្នាំ២០២០នោះទេ ប៉ុន្តែ​បង្ហាញថា វា​ខ្ពស់ជាង​តិចតួច​បើ​ធៀប​នឹង​តួលេខ​ចំណាយ៥៦,១៦ ពាន់​លាន Dirham ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដកស្រង់​កាលពី​ខែសីហា។

ទោះជា​យ៉ាងណា ទំហំ​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ២០២១ នេះ​ទាប​ជាង១៤% បើ​ធៀប​ទៅនឹង​កញ្ចប់​ថវិកា ៦៦,៤ពាន់​លាន Dirhams ដែល​រដ្ឋាភិបាល​បាន​គ្រោងទុក​សម្រាប់​ឆ្នាំ២០២០ ។ ភ្លាមៗក្រុមមន្ត្រី​ក្រុង​ឌូ​បៃ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​ជុំវិញ​រឿងនេះ។

កញ្ចប់​ថវិកា​ចំណាយ​សម្រាប់​ឆ្នាំនេះ បានរួម​បញ្ចូល​ទាំង​ភាគលាភ​សេដ្ឋកិច្ច (economic dividend) ដែល​បាន​ពី​ពិព័រណ៍​ក្រុង​ឌូ​បៃ ឆ្នាំ២០២០ (Expo 2020 Dubai) ជា​ព្រឹត្តិការណ៍​រយៈពេល៦ខែ ដែល​គ្រោង​ចាប់ផ្តើម​ក្នុង​ខែតុលា ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​មួយឆ្នាំ​ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ។

កញ្ចប់​ថវិកា​ចំណាយ​សម្រាប់​ឆ្នាំ២០២១ ដែល​ត្រូវ​បានអនុម័ត​ដោយ​មេដឹកនាំ​ក្រុង​ឌូ​បៃ Sheikh Mohammed bin Rashid Al Maktoum នេះ​បាន​គិតគូរ​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ឆ្នាំសារពើពន្ធ២០២០ និង​ផលវិបាក​នៃ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ដែល​ជះ​មកលើ​សេដ្ឋកិច្ច​សកលលោក។

ក្រុង​ឌូ​បៃ ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សម្បូរបែប និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និ​យ បាន​រង​ផលប៉ះពាល់​ខ្លាំង ដោយសារ​វិធាន​ការហាម​ពលរដ្ឋ​មិនឱ្យ​ចេញ​ក្រៅ និង​ការផ្អាក​ជើងហោះហើរ​កាល​ពី​ដើម​ឆ្នាំនេះ។  សេដ្ឋកិច្ច​ប្រទេស​នេះ ត្រូវបាន​រំពឹងថា នឹង​ធ្លាក់ចុះ៦,២% ក្នុង​ឆ្នាំ២០២០ មុននឹង​ទទួលបាន​កំណើន៤% ក្នុង​ឆ្នាំ២០២១ ដោយសារតែ​ការបន្ត​ងើបឡើង​វិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច​នានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here