ដោយៈវឌ្ឈនៈ
ភ្នំពេញៈ តំបន់ជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ ប៉ែកខាងជើងរាជធានីភ្នំពេញ ហាក់កំពុងទទួលបានការវិនិយោគជាបន្តបន្តាប់ ជាពិសេសទៅលើគម្រោងថ្មីៗ រួមមានលំនៅឋាន កីឡដ្ឋាន និងមជ្ឈមណ្ឌលកម្សាន្តជាដើម ក្នុងនោះគេឃើញមានគម្រោងលេចធ្លោមួយចំនួនក៏ស្ថិតនៅតំបន់ជុំវិញ ពហុកីឡដ្ឋានជាតិមរតកតេជោដែរនេះដែរ។
បើក្រលេកទៅមើលគម្រោងវិនិយោគនៅជុំវិញ តំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ គេមើលឃើញគម្រោងធំៗជាច្រើនរួមមាន សួនសត្វ សាហ្វារី សួនដាយណូស័រ គម្រោងអភិវឌ្ឍន៍លំនៅឋានរបស់វិនយោគិនក្នុង និងក្រៅស្រុកជាច្រើន ក្នុងនោះដែរ គម្រោងថ្មីមួយ ដែលទើបប្រកាសអភិវឌ្ឍន៍នៅតំបន់នេះ ក៏បានបង្ហាញពីសក្ដានុពលវិនិយោគអចលនទ្រព្យនៅតំបន់នោះផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអភិវឌ្ឍន៍ភូមិកីឡដ្ឋាន World Bridge ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ទំនើបដំបូងគេបង្អស់ មួយនឹងផុសរូបរាងឡើង នៅក្នុងទីក្រុងនាគ សម្តេចតេជោសែន ភាគខាងជើង រាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះហើយ ។
គម្រោងនេះ នឹងធ្វើការសាងសង់ សម្រាប់ការប្រកួតកីឡា ប្រជាជាតិ អាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដី អច្ឆរិយៈ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា តំបន់ណាមានគម្រោងអភិវឌ្ឍន៍របស់រដ្ឋទីនោះនឹងទទួលបានការវិនិយោគបន្ថែមពីឯកជន។
លោកស្រីGrace Rachny Fongនាយិកាក្រុមហ៊ុនCentury21 Cambodiaបានមានប្រសាសន៍ថា តំបន់នៅតាមផ្លូវជាតិលេខ៦អា បាននិងកំពុងទាក់ទាញការវិនិយោគជាច្រើនពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដោយបច្ចុប្បន្នបុរី លំនៅដ្ឋានជាច្រើនបាននិងកំពុងសាងសង់នៅតំបន់នេះ។
លោកស្រីបន្តថា “អ្នកវិនិយោគជាច្រើនបានស្វែងរកការទិញដីនៅតំបន់នេះ ដើម្បីចាប់ផ្តើមគំរោងរបស់ពួគកេ ដោយសារតំបន់នេះ មានសក្តានុពលជាច្រើនទាំងហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ គម្រោហស្តាតមរតកសម្តេចតេជោជាដើម”។
លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាសមាគមអ្នកជំនាញអចលនទ្រព្យ បានឱ្យដឹងថា នៅពេលគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ចាប់ផ្ដើមអភិវឌ្ឍ តំបន់នោះ នឹងត្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ ហើយដែលធ្វើឱ្យវិស័យឯកជនសម្លឹងទៅលើការអភិវឌ្ឍតំបន់ទាំងនោះ៕