វិស័យអចលនទ្រព្យនៅកម្ពុជានឹងរើបឡើងវិញបន្ទាប់ពីមានលិខិតបញ្ជាក់សុខភាពសម្រាប់ការធ្វើដំណើររវាងកម្ពុជា-ចិន

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា វិស័អចលនទ្រព្យនៅកម្ពុជារំពឹងថា ទទួលបានអត្ថប្រយោជន៍ជាច្រើន បន្ទាប់ពីមានការដាក់ឱ្យប្រើប្រាស់លិខិតបញ្ជាក់សុខភាពរវវាងកម្ពុជា-ចិន ដើម្បីជំរុញការធ្វើដំណើរចេញចូល រវាងប្រទេសទាំងពីរ។

លោកឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានប្រាប់គេហទំព័រ Propertyarea.asia នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ថា ការបង្កើតគំនិត  ផ្តួចផ្តើមឱ្យការធ្វើដំណើរឡើងវិញនៅតំបន់អាស៊ាន ក៏ដូចជានៅផ្សេងៗក្រៅពីតំបន់អាស៊ាន តាមរយៈលិខិតបញ្ជាក់ពីការទទួលបានវ៉ាក់សាំងកូវវីដ១៩ គឺគំនិតមួយល្អក្នុងការជំរុញឱ្យ និងលើកទឹកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការចាប់ផ្តើមការវិនិយោគឡើងវិញ។

លោកបានថ្លែងបន្តថា “ការធ្វើដូច្នេះ នឹងបង្កើតឱ្យលំហូរអ្នកវិនិយោគអន្តរជាតិអាចបន្តផែនការ និងគម្រោងវិនិយោគរបស់ពួកគេនៅក្រៅប្រទេស ពេលប្រទេសនីមួយៗចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ក្នុងចំនួនសមស្របណាមួយ នៃចំនួនប្រជាជនរបស់ខ្លួន”។លោកបានថ្លែងថា “កម្ពុជាក៏ទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះដែរ ព្រោះនាពេលបច្ចុប្បន្ន ក្រៅពីវិនិយោគិនក្នុងស្រុក យើងក៏ត្រូវការវិនិយោគិនអន្តរជាតិ ពិសេសវិនិយោគិនជនជាតិចិន ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចបន្ថែម ពិសេសក្នុងវិស័យអចនទ្រព្យ ដោយសារ គម្រោងអចលនទ្រព្យជាច្រើននៅកម្ពុជា វិនិយោគ ដោយជនជាតិចិន”។

លោកឌឹត ចណ្ណាបានឱ្យដឹងទៀតថា វិនិយោគិនក្នុងស្រុកបានក្លាយជាកម្លាំងស្នូលនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាយើង ក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែយើងក៏ត្រូវការវិនិយោគិនអន្តរជាតិដើម្បីជំរុញវិស័យនេះ ឱ្យការរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត។

កាលពីថ្មីៗនេះ កម្ពុជា និងចិនពិចារណាប្រើប្រាស់លិខិតបញ្ជាក់សុខភាព ដើម្បីជំរុញការធ្វើដំណើរចេញចូរវាងប្រទេសទាំងពីរ។

លោកវ៉ាង វិនធានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងកាលពីថ្មីៗនេះថា កម្ពុជា និងប្រទេសចិនបានពិចារណា ក្នុងការដាក់ឱ្យប្រើប្រាស់លិខិតបញ្ជាក់សុខភាពទម្រង់ជា «QR Code» សម្រាប់ការធ្វើដំណើរចេញចូលរវាង ប្រទេសទាំងពីរ។

លោកវ៉ាង វិនធានបានថ្លែងថា ការធ្វើបែបនេះ ដើម្បីពន្លឿនដល់ការស្តារឡើងវិញ នូវទំនាក់ទំនង និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលបានយាយីដោយជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំមកហើយនោះ។

ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិនត្រូវបានគេមើលឃើញមានសកម្មភាពយ៉ាងមមាញឹក នៅមុនពេលកើតមានជំងឺកូវីដ១៩។ ប៉ុន្តែនៅពេលជំងឺកូវីដ​១៩ កើតមាននៅក្នុងប្រទេសចិនកាលពីចុងឆ្នាំ២០១៩ និងកើតមាននៅកម្ពុជាឆ្នាំ២០២០ បានធ្វើឱ្យរាំងស្ទះដល់ការធ្វើទំនាក់ទំនង នៃប្រជាជនប្រទេសទាំងពីរ ក៏ដូចជាប៉ះពាល់ទៅលើវិស័យទេសចរ និងការធ្វើពាណិជ្ជកម្មផងដែរ។

កម្ពុជា និងចិន បានបង្កើតកិច្ចសហប្រតិបត្តិការនឹងគ្នាយ៉ាងជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ជាពិសេសកំពុងបង្កើនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដោយរំពឹងថា វ៉ាក់សាំងនេះធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរអាចវិលរកភាពប្រក្រតីឡើងវិញ។

លោកវ៉ាង វិនធាន បានទម្លាយពីគំនិតផ្តួចផ្តើមរបស់លោក ស៊ី ជិនពីង ប្រធានា​ធិបតីចិន លើការទទួលស្គាល់ទៅវិញទៅមកជាអន្តរជាតិ នូវលិខិតបញ្ជាក់សុខភាពដោយឈរលើមូលដ្ឋានតេស្តរកមេរោគក្រោមទម្រង់ QR Code។

លោកឯកអគ្គរដ្ឋទូតបានបន្តថា យន្តការនេះក៏កំពុងពិចារណាអនុវត្តន៍ រវាងកម្ពុជា និងចិនផងដែរ។

លោក វ៉ាង វិនធាន បានបញ្ជាក់ថា “យើងក៏មានកិច្ចសហការជាមួយប្រទេសកម្ពុជា ក្នុងការគិតពិចារណាធ្វើការងារទ្វេភាគី ដើម្បីជំរុញការធ្វើដំណើរទៅវិញទៅមក មានភាពងាយស្រួលប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់សិស្សនិស្សិត អ្នកវិនិយោគ អ្នកទេសចរ និងបុគ្គលដទៃទៀត”។

លោកឌឹត ចណ្ណាបានថ្លែងថា “កម្ពុជានឹងទទួលបានផលប្រយោជន៍ ពីគំនិតផ្តួចផ្តើម ព្រោះវិនិយោគិនជនជាតិចិន បានបោះទុនជាច្រើននៅកម្ពុជា ពិសេសក្នុងវិស័យអចន​ទ្រព្យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here