រដ្ឋាភិបាលចេញសេចក្តីណែនាំប្រជាពលរដ្ឋជាច្រើនចំណុចពីការការពារជំងឺកូវីដ១៩ កំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

0

ដោយៈគង់ សូរិយា

        ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំមួយ ស្តីពីការការពារការចម្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃខាងមុខនេះ។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនៅឆ្នាំនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខណៈដែលកម្ពុជា ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចេញសារាចរ ណែនាំជំរុញឱ្យការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះដែរ ខណៈដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករនិយោជិត ឈប់សម្រាកពីការងារ។

តាមសេចក្តីណែនាំដែលបណ្តាញព័ត៌មានទទួលបាន ក្រសួងសុខាភិបាល បានជំរុ​ញឱ្យប្រជាពលរដ្ឋទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជូន និងគ្រប់ៗគ្នានូវវិធានការ «៣ការពារ» (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាត) និង «៣កុំ» (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នាកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។

សូមអានសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here