ខេត្ត​កែប​ត្រៀម​ស្វាគមន៍៍​ផ្សារ​រាត្រី​ជា​លើកដំបូង ខណៈ​ការសាងសង់​សម្រេចបាន ៧០ភាគរយ

0

ដោយៈ​រតនៈ

ភ្នំពេញៈ ជា​ខេត្ត​តូច​ច្រឡឹង​នៅ​តំបន់ឆ្នេរ ខេត្ត​កែប​បាននិងកំពុង​ធ្វើ​ឲ្យ​រាត្រី​ក្នុង​ខេត្ត​នេះ​មាន​សកម្មភាព តាមរយៈ​ការសាងសង់​ផ្សារ​រាត្រី​ជា​លើកដំបូង ខណៈ​ខេត្ត​នេះ​ពីមុនមក​មិន​ដែលមាន​សកម្មភាព​កំសាន្ត ឬ​លក់ដូរ​ច្រើន​នៅពេល​រាត្រី​នោះទេ។

បច្ចុប្បន្ន​អាជ្ញាធរខេត្ត កំពុង​ជម្រុញ​ការសាងសង់​ផ្សារ​រាត្រី​ខេត្ត​កែប ដែល​រហូត​មកទល់ពេលនេះ ការសាងសង់​សម្រេចបាន៧០ភាគរយ​ហើយ ខណៈដែល​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​កំពុងតែ​អភិវឌ្ឍន៍។

អភិបាលខេត្ត កែប  លោក  សោម ពិសិដ្ឋ បាន​ប្រាប់​គេហទំព័រ Propertyarea កាលពី​ថ្ងៃទី២ មេសា​កន្លងមក​ថា ផ្សារ​រាត្រី​នេះ​នឹង​ក្លាយជា​កន្លែង ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សំខាន់​មួយ​របស់​ខេត្ត។ លោក​បន្តថា ការសាងសង់​ក៏​ជួប​ឧបសគ្គ​ខ្លះ​ផងដែរ ដោយសារតែ​ជំងឺ​កូ​វីត​ព្រោះថា​ជាង និង​កម្មករ​មួយចំនួន​បាន​ឈប់ ហើយ​អាជ្ញាធរ​មិន​ហ៊ាន​យក​ថ្មី​មក​ព្រោះ​បារម្ភ​ពី​ជំ​ងឹ​កូ​វីត​នេះ។

ផ្សារ​រាត្រី​ខេត្ត​កែប មាន​ប្រវែង៥៣១ម៉ែត្រ​ទីតាំង ស្ថិតនៅ​ជិត​ផ្សារ​ក្ដាម ក្នុង​សង្កាត់​ព្រៃធំ សាង​សាង់​តាម​តាម​លិខិត​លេខ១៣៤២ សហវ.អ​ទច ចុះ​ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​ចំណាយ​ទុន​ជិត៧០ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក ដោយ​បែង​ចែកជា​ស្តង់​លក់​ម្ហូប ស្តង់​លក់​សម្លៀកបំពាក់ និង​ស្តង់​លក់​វត្ថុ​អនុស្សាវរីយ៍។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​មានប្រសាសន៍ថា ការសាងសង់​ផ្សារ​រាត្រី​ក្នុង​ខេត្ត ជាប់មាត់​សមុទ្រ​មួយ​នេះ​គឺជា​កត្តា​ជំរុញ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​កាន់តែច្រើន ព្រោះ​ក្រៅពី​មកលេង​សមុទ្រ និង​ទ​ទូល​ទាន​ក្ដាម​ដ៏​ល្បី​របស់​ខេត្ត​នេះហើយ ផ្សារ​រាត្រី​ក៏​ជា​គោលដៅ​មួយ​សម្រាប់​ភ្ញៀវ​ផងដែរ។

ទោះយ៉ាងណា​លោក​ថា អាជ្ញាធរខេត្ត​ត្រូវ​រៀបចំ​ឲ្យ​ផ្សារ​មួយ​នេះ ជា​ផ្សារ​ទោល​ពោល​គឺមាន​តែមួយ ដើម្បី​ងាយស្រួល​ដល់​អតិថិជន និង​ងាយស្រួល​ដល់​អាជ្ញាធរ​ខ្លួនឯង​ក្នុងការ​គ្រប់គ្រង ជាពិសេស​គឺ​បញ្ហា​សន្តិសុខ​ព្រោះ​ផ្សារ​រាត្រី​បើក​នៅពេល​យប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here