ដោយៈ ប៊ី
ភ្នំពេញៈ សេវាកម្មគ្រប់គ្រងអចលនទ្រព្យដែលមានគុណភាព នឹងមានតម្រូវការខ្ពស់នៅកម្ពុជា ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ត្រូវបានផុតរលត់ក្តី ខណៈគម្រោងអចលនទ្រព្យជាច្រើនបាននិងកំពុងដំណើរការសាងសង់។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia។
ឆ្នាំ២០២១ ត្រូវបានមើលឃើញថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងការផ្គត់ផ្គង់ នាពេល១២ខែខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងចំនួន២៧៩ កំពុងដំណើរការសាងសង់នៅក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុន CBRE បានឱ្យដឹងថា វិបត្តិកូវីដ១៩ នឹងធ្វើឱ្យមានតម្រូវការលើការសំអាតកាន់តែខ្លាំង សន្តិសុខកាន់តែតឹងរឹង ការធ្វើអនាម័យជាប្រចាំលើគម្រោងអចលនទ្រព្យ និងបង្កើនការគ្រប់គ្រងភ្ញៀវ និងនីតិវិធីរដ្ឋបាលជាដើម។
ការកើនឡើងនូវតម្រូវការទាំងនេះបង្កើតបានជាបញ្ហាប្រឈមសម្រាប់វិស័យនេះ ជាពិសេសការផ្គត់ផ្គង់កម្លាំងពលកម្ម និងធនធានដើម្បីគ្រប់គ្រងអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ និងថ្លៃដើមសមរម្យ។
លោកស្រី Shivali Chaman ប្រធានផ្នែកគ្រប់គ្រងអចលនទ្រព្យរបស់ក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍ថា យើងពិតជាមើលឃើពីការផ្លាស់ប្តូរខ្លាំងនូវតម្រូវការការគ្រប់គ្រងអចលនទ្រព្យ។
អ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគយល់ដឹងច្បាស់ពីផលប្រយោជន៍ នៃការគ្រប់គ្រងអចលនទ្រព្យដែលមានគុណភាពអាចរក្សាបាននូវអ្នកជួលអចលនទ្រព្យ និងថែរក្សាគម្រោងអចលនទ្រព្យរបស់ពួកគេ។
លោកស្រីបានឱ្យដឹងថា ការសិក្សារបស់យើងបានបង្ហាញថា អ្នកជួលគិតថា ការគ្រប់គ្រងអចលនទ្រព្យបានល្អប្រសើរគឺជាហេតុផល ដែលពួកគេនឹងជ្រើសរើសជួលគម្រោងដែលមានការគ្រប់គ្រងអចលនទ្រព្យមានគុណភាព។លោកស្រីបានថ្លែងថា ការគ្រប់គ្រងអចលនទ្រព្យគឺធានាឱ្យបានធា សូម្បីតែបង្គន់គឺត្រូវតែស្អាត និងសន្តិសុខត្រូវបានពេល។
ប្រាកដណាស់ មិនមានអ្នកគ្រប់គ្រងណាមួយអាចភ្លេចការងារមូលដ្ឋាននេះបានទេ ប៉ុន្តែសេវាកម្មគ្រប់គ្រងអចលនទ្រព្យចាំបាច់ត្រូវតែពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងបរិវេណគម្រោងអចលនទ្រព្យ បច្ចេកវិទ្យាគ្រប់គ្រងអចលនទ្រព្យ ឬបម្រើសេវាកម្មដល់អតិថិជននូវបទពិសោធន៍គ្រប់គ្រងអចលនទ្រព្យ ដូចនឹងសេវាកម្មសណ្ឋាគារ។
លោកស្រីបានថ្លែងទៀតថា គោលដៅនៃការគ្រប់គ្រងអចលនទ្រព្យបែបនេះគឺថានឹងជួយឱ្យវិនិយោគិនទទួលបានជោគជ័យក្នុងការវិនិយោគលើគម្រោងរបស់ពួកគេ។ ការវិនិយោគលើធនធានមនុស្សពិតជាមានសារៈសំខាន់ក្នុងការធានាថា សេវាកម្មដ៏ប្រសើរនឹងផ្តល់អតិថិជននៅប្រទេសកម្ពុជា៕