ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានលើកឡើងថា វិស័យខុនដូ នៅតែជាវិស័យលំនៅដ្ឋានបែបថ្មី សម្រាប់ប្រជាជនកម្ពុជា ទោះបីជាវិស័យនេះបានលេចឡើង នៅកម្ពុជាយូរហើយមកក៏ដោយ។
លោកស្រីអាន សុធីតា អគ្គនាយកាក្រុមហ៊ុន CBRE Cambodia បានថ្លែងកាលពីថ្មីៗនេះថា វិស័យខុនដូនៅតែជាវិស័យមួយដ៏ល្អ ដែលជាវិស័យលំនៅដ្ឋានបែបថ្មី សម្រាប់ផ្ដល់ជូនប្រជាជនកម្ពុជា ក្នុងការរស់នៅបែបទំនើប។ លោកស្រីលើកឡើងបែបនេះ ដោយសារតែតម្លៃក្នុងវិស័យខុនដូនៅមានតម្លៃសមរម្យ បើប្រៀបធៀបជាមួយនឹងគម្រោងលំនៅដ្ឋានផ្ទាល់ដី ហើយការរស់នៅក្នុងអគារខុនដូ មានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់។
លោកស្រីបានថ្លែងថា “វិស័យខុនដូ នៅតែជាវិស័យមួយដែលល្អ ជាវិស័យលំនៅ ដ្ឋានបែបថ្មី សម្រាប់ផ្ដល់ជូនប្រជាជនកម្ពុជា ទោះបីជាវិស័យនេះថ្មី សម្រាប់ក្នុងរយៈពេល៥ឆ្នាំនេះក៏ដោយ” ។
លោកស្រីអាន សុធីតា បានបន្ដថា ដោយសារតែតម្លៃមានភាពសមរម្យ បើប្រៀបធៀបជាមួយ នឹងគម្រោងលំនៅដ្ឋានផ្ទាល់ដី និងធ្វើឲ្យការរស់នៅ របស់ប្រជាជនខ្មែរ មានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ជាពិសេសងាយស្រួលក្នុងការថែទាំ។
ក្នុងបរិបទ និងនិន្នាការថ្មីនេះ វិស័យខុនដូរនៅតែឈរជំហមុខគេ ជាពិសេសអគារខុនដូ ដែលមានទីតាំងក្នុងកណ្ដាលរាជធានីភ្នំពេញ។ ចំពោះបញ្ហាកូវីដ-១៩ ត្រូវបានលោកស្រីយល់ឃើញថា ប្រាកដជាមានដំណោះស្រាយ ឲ្យរួចផុតពីផលប៉ះពាល់នេះ ហើយលោកស្រី ក៏បានស្នើឲ្យត្រូវរួបរួមគ្នា ការពារដើម្បីឲ្យគេចផុតពីបញ្ហា ដែលយើងកំពុងតែប្រឈមមុខ។
លោកស្រីឱ្យដឹងដឹងថា បើប្រៀបធៀបប្រទេសកម្ពុជា ជាមួយបណ្ដាប្រទេសជឿនលឿន នៅក្នុងតំបន់អាស៊ី ពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ ឃើញថា ប្រទេសកម្ពុជានៅតែឈរក្នុងចំណាត់ថ្នាក់ល្អជាងគេ ទាក់ទងទៅនឹងលំនៅដ្ឋានពិសេសខុនដូ។
គិតរហូតមកដល់បច្ចុប្បន្ននេះ អគារខុនដូ នៅក្នុងរាជធានីភ្នំពេញ មានប្រហែលចន្លោះពី១០០ ទៅ១៥០អគារ។ នេះបើយោងតាមការលើកឡើងរបស់លោកស្រីអាន សុធីតា។
លោកស្រីបានឲ្យដឹងទៀតថា បើក្រឡេកមើលពីស្ថានភាព លើវិស័យខុនដូនៅកម្ពុជា ឃើញថា បើប្រៀបធៀបពីចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១នេះ ការធ្លាក់ចុះក្នុងវិស័យខុនដូនេះមានចន្លោះពី៥០-៦០ភាគរយ លើចំនួនការលក់សរុបទាំងអស់។ ការធ្លាក់ចុះនេះដោយសារតែជំងឺកូវីដ១៩ ។
លោកស្រីថា “ខុនដូត្រូវបានគេចាប់ថ្នាក់ ជាផ្នែកលំនៅដ្ឋាន នៃវិស័យអចលនទ្រព្យ ដូច្នេះចំពោះផ្នែកលំនៅដ្ឋាន គឺមិនសូវជាមានការប៉ះពាល់ ជាមួយកូវីដ១៩នោះទេ ប្រសិនបើប្រៀបធៀប ជាមួយវិស័យផ្សេង” ៕