Thai Boonrong Twin Tower កាន់តែ​អស់សង្ឃឹម ខណៈ​ការដ្ឋាន​សាងសង់​បាន​ផ្អាក

0

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ​កប់​ពពក ខ្ពស់​ជាងគេ​លើ​ពិភពលោក(បើ​គិតតែ​អាគារ​ភ្លោះ) ហាក់​ស្ថិតក្នុង​សភាព​អស់សង្ឃឹម ខណៈ​ការដ្ឋាន​សាងសង់​អាគារ​នេះ​មិនឃើញ​មាន​សកម្មភាព​អ្វី​នោះឡើយ។

គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​កំពស់ ១៣៣ជាន់ ស្មើនឹង ៥៦៨ម៉ែត្រ​នេះ​គ្រោង​សាងសង់​បញ្ចប់​នៅ​ឆ្នាំ២០២៣ និង​គ្រោង​ចំណាយ​ទុនវិនិយោគ ៣០០០លាន​ដុល្លារ (គិតតែ​សំណង់​អាគារ) ប៉ុន្តែ​ការស្ថាបនា​ជាក់ស្តែង​រហូតមកទល់​ពេលនេះ មិនមាន​ល​ទ្ឋ​ផល​ជា​ដុំកំភួន​ណាមួយ​ឡើយ ដោយ​គ្រាន់តែ​ការសាងសង់​ជញ្ជាំង​ទប់​ដី​ជុំវិញ​គំរោង មិនទាន់បាន​សាងសង់​បញ្ចប់​នោះទេ។

ទោះជា​យ៉ាងណា លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន ដែលជា​ស្ថាបត្យករ​អាស៊ាន និង​ជា​អ្នក​ក​ចូលរួម​គូរ​ប្លង់​ស្ថាបត្យកម្ម​ដ៏​អា​ស្ចា​រ្យ​នេះ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​ឆ្នាំមុន​ថា គំរោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ មិនបាន​ផ្អាក​នោះឡើយ គឺ​សកម្មភាព​នៅតែ​សាងសង់ ពិសេស​ការសាងសង់​កំពុង​បន្តធ្វើ​ជញ្ជាំង​ទប់​ដី។

លោក​ធ្លាប់បាន​លើក​ហេតុផល​ថា “ការសាងសង់​គម្រោង​នេះ​យឺត ដោយសារ​ការសិក្សា​រប​ស់​អ្នកជំនាញ​អន្តរជាតិ​បានធ្វើ​យ៉ាង​លំអិត ម្តង​ហើយ​ម្តងទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​អាគារ​កប់​ពពក​នេះ​មាន​ភាព​រ៉ឹង​មាំ” ។ លោក​បន្តថា “ការសាងសង់​អាគារ​ខ្ពស់​បែបនេះ ត្រូវ​បំពាក់​គ្រឿង​បង្គុំ និង​សម្ភារៈ​សំណង់​ពិសេស​បំផុត រ៉ឹង​មាំ​បំផុត ព្រោះ​មិនអាច​ប្រើ​សម្ភារៈ​សំណង់​ធម្មតា​នោះទេ” ។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​ប្រកាស​ឲ្យ​រង្វាន់​ដល់​ក្រុមហ៊ុន​ណា ដែល​អាច​សាងសង់​អាគារ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ហើយ​ស​ម្តេចក៏​ធ្លាប់បាន​លើកឡើង​ពី​គំរោង​នេះ​ផងដែរ។

មើល​ផែនការ​លំអិត​របស់​គំរោង​នេះ

យោងតាម​វីដេអូ​នៃ​គំរោង​នេះ​បាន​ឲ្យ​ដឹងថា គំរោង​នេះ​មាន​អនុមាត​ក្បាលដី​ទំហំ៥០,០០០ម៉ែត្រការ៉េ ដែលមាន​ទំហំ​អាគារ​សរុប១,៥២លាន​ម៉ែត្រការ៉េ ដោយ​បែងចែក​ពី​ជា​ន់ទី១ ដល់​ជាន់​ទី១០ ជាទី​តាំង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ។ ការិយាល័យ​លំដាប់ 5A សណ្ឋាគារ​លំដាប់​ផ្កាយ៥ អា​ផាត​ម៉ិ​ន និង​លំនៅដ្ឋាន​យ៉ាង​ប្រណីត។ ក្នុងចំណោម​ជាន់​ទាំង១០ផ្នែក​ខាងក្រោម គឺ​ពី​ជាន់​ទី១ដល់​ជាន់​ទី៤អា​គឺជា​ហាង​លក់ទំនិញ ដែលមាន​ទំហំ១៦៣,០០០ម៉ែត្រការ៉េ ដែលមាន​ផ្លូវ​ថ្មើ​ជើង ដែល​ផ្តល់​ម្លប់​សម្រាប់​អតិថិជន​អាច​សម្រាក និង​ទទួលបាន​ផាសុខភាព។

នៅ​ពីលើ​ហាង​លក់ទំនិញ គឺជា​ច្រកចូល​សំខាន់​ដែលមាន​ការបំពាក់​អេក្រង់ LED ដ៏​ធំ ដែល​អាច​ផ្សាយពាណិជ្ជកម្ម​បាន​គ្រប់​សណ្ឋាន។

ជាមួយគ្នានេះ មជ្ឈមណ្ឌល​លំដាប់​ពិភពលោក​នេះ ក៏មាន​រានហាល​ចំនួន១១ជាន់ ដែលមាន​សួនច្បារ ហាង​អាហារ សកម្មភាព​កំសាន្ត។ នៅលើ​ជាន់​ទី១២មាន​លំនៅដ្ឋាន​ដ៏​ប្រណីត​ដែលមាន​ផ្ទះ៨០០យូ​នី​ត និង​មាន​ទំហំ ២៥០,០០០ម៉ែត្រការ៉េ ដោយ​ផ្ទះ​មាន​ទំហំ​ចាប់ពី៦០ដល់ ២៦៨ម៉ែត្រការ៉េ។ លំនៅដ្ឋាន​នេះ មានការ​រចនា​យ៉ាង​ពិសេស​សំរាប់​មនុស្ស​លំដាប់​ខ្ពស់ និង​ឥស្សរជន​នានា។

ចាប់ពី​ជាន់​ទី១២ ដល់​ជាន់​ទី២១ គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ការទិញ​លក់​ភាគហ៊ុន ការជួញដូរ​ភាគហ៊ុន​លំដាប់​ពិភពលោក។ ជា​ការិយាល័យ​ស្នាក់ការ​កណ្តាល​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បានធ្វើ​ឲ្យ​ពិភពលោក​សម្លឹង​មក​កម្ពុជា​កាន់តែ​ច្រើនជាង​មុន និង​ច្បាស់​ជាង​មុន។  អាគារ​នេះ​ក៏មាន​សាលប្រជុំ ទីតាំង​រៀបចំ​ពិធ​នានា​ដែល​អាច​ទទួលភ្ញៀវ បាន​ចាប់ពី១០០០ដល់៣០០០នាក់​ជាដើម។

វីដេអូ​ដដែល​បានបង្ហាញ​ទៀតថា ចាប់ពី​ជាន់​ទី២៣ ដល់​ជាន់​ទី៦០ជាទី​តាំង​ការិយាល័យ ដែលមាន​កម្រិត​5A ដែល​ក្នុង​មួយ​ជាន់​មាន​ទំហំ​ជាង៣៨០០ម៉ែត្រការ៉េ ដែលមាន​ការបំពាក់​ស​ម្ភា​រៈ​ការិយាល័យ​ប្រណីត​លំដាប់​កំពូល និង​វា​ក្លាយជា​ទីតាំង​ការិយាល័យ​ប្រកប​ផាសុខភាព និង​ការគ្រប់គ្រង​លំដាប់​អន្តរជាតិ។

ជាន់​ទី៦១ដល់​ជាន់​ទី១០០ គឺជា​ទីតាំង​សម្រាប់​អា​ផាត​ម៉ិ​ន​លំដាប់​ផ្កាយ៥ ដែលមាន​ការគ្រប់គ្រង​សេវាកម្ម​បែប​សណ្ឋាគារ សម្រាប់​អតិថិជន​តាម​ចំណង់​ចំណូលចិត្ត និង​យូ​នី​ត​និមួយៗមាន​គ្រប់​ទំហំ ដើម្បី​ឆ្លើយតប​តម្រូវ​ការបស់​អតិថិជន​លំដាប់​ខ្ពស់។

ចាប់ពី​ជាន់​ទី១០១ ដល់​ជាន់១៣២ ជាទី​តាំង​សណ្ឋាគារ​លំដាប់​ផ្កាយ៥  ដែលមាន​ការ​រចនា​យ៉ាង​ពិសេស និង​អាច​គយគន់​ទិដ្ឋភាព​ក្រុងភ្នំពេញ បាន​យ៉ាង​ប្រណីត និង​ជាន់​ទី១៣៣ ជាទី​តាំង​សម្រាប់​គយគន់​ទេសភាព​ក្រុងភ្នំពេញ និង​បើក​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​អាច​ទស្សនា​បាន។

ពិសេស​ជាង​នេះ គឺ​សណ្ឋាគារ​ដែលមាន​ការបែងចែកខុសៗគ្នា គឺជា​សណ្ឋាគារ​សម្រាប់​ទ​ទួល​ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង​ឥស្សរជន​លំដាប់​ខ្ពស់​មកពី​ជុំវិញ​ពិភពលោក។

អ្វី​កាន់តែ​ពិសេស​គឺជា​ន់​កំពូល នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នេះ អាច​ចត​ឧ​ទ្ឋ​ម្ភា​ចក្រ​អាច​ចុះចត​បាន ដែលមាន​ច្រកចេញចូល​យ៉ាង​ងាយស្រួល និង​សុវត្ថិភាព​បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here