ដោយៈដែន បុរី
ភ្នំពេញៈ មនុសជាច្រើនតែងយល់ថា ការចូលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យដោយផ្តើមចេញពីការងារជាភ្នាក់ងារលក់ អាចនឹងមានឱកាសរីកចម្រើន និងកើនទ្រព្យក្លាយជាអ្នកមានស្តុកស្តម្ភក្នុងរយៈពេលដ៏ខ្លី។
ប្រការនេះ លោកបណ្ឌិតគឹម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា កុំសង្ឃឹមខ្លាំងពេកអី ព្រោះភាពជោគជ័យ នៅក្នុងវិស័យនេះបានមកមិនងាយស្រួលនោះទេ។ លោកបណ្ឌិតបន្តថា ភាពមានបានដូចដែលមនុស្សទូទៅចង់បានគ្រប់គ្នា មិនមែនសុទ្ធតែអាចដើរផ្លូវកាត់ទាំងអស់នោះទេ ដែលវាចាំបាច់ត្រូវការបំពេញបន្ថែមនូវចំណេះដឹង ចំណេះធ្វើ ឬជំនាញ បទពិសោធន៍ រួមនឹងពេលវេលាផងដែរ។
លោកបញ្ជាក់ថា “យុវជនដែលមានទំនោរចិត្ត និងស្រឡាញ់ក្នុងដីធ្លី ហើយចង់ចូលប្រឡូកនៅក្នុងទីផ្សារមួយនេះ ជាជំហ៊ានដំបូង គួរតែស្វែងរកក្រុមហ៊ុនអចលនទ្រព្យផ្លូវការមួយណា ដែលមានអាជ្ញាបណ្ណស្របច្បាប់ត្រឹមត្រូវ និងមានគោលការណ៍ចក្ខុវិស័យច្បាស់លាស់” ។ លោកបន្តថា “សុំគេចូលធ្វើការដោយសន្សំចំណេះដឹងបន្ថែម និងមានបទពិសោធន៍ចាប់ពី២-៣ឆ្នាំឡើងទៅ ហើយបើចង់បញ្ចប់កិច្ចការងារឱ្យគេ និងចង់ចេញរកស៊ីដោយខ្លួនឯង ក៏វាមិនទាន់យឺតពេល ប៉ុន្តែកុំចង់ដើរផ្លូវកាត់ដោយត្រឹម១-២ អាចក្លាយជាអ្នកមាន វាជារឿងមិនអាចនោះទេ” ។
លោកឧកញ៉ាបន្តថា “ខ្ញុំធ្លាប់ឃើញមនុស្សមួយចំនួនអះអាងថា អាចមានលទ្ធភាពបង្រៀនមនុស្សផ្សេងទៀត ឱ្យចេះរកលុយរហូតដល់១លានដុល្លារ ក្នុងរយៈពេលត្រឹម១ឆ្នាំ ឬ២ឆ្នាំ ដោយសូម្បីតែខ្លួនឯងជាអ្នកបង្រៀន មិនទាំងមានលុយផងនោះ ”។ លោកបន្ថែមថា “ជាទូទៅមានការបំផុសនៅតាមបណ្តាលទំនាក់ទំនង ការធ្វើសិក្ខាសាលាក្រោមខ្លឹមសារចំណាយពេលរៀនតិច ប៉ុន្តែអាចមានឱកាសរកមានលុយច្រើន និងក្លាយជាអ្នកមានក្នុងពេលដ៏ខ្លី។ នេះគឺជាក្ដីបារម្ភរបស់ខ្ញុំ” ។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា គឹម ហ៊ាង ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនឯងផងដែរថា លោកបានដឹងថា ពួកគាត់ដែលជាអ្នកបង្រៀនទាំងនោះ មានវិធីសាស្ត្រអាចរកលុយបានពិតប្រាកដមែន ប៉ុន្តែបានមកតាមរយៈបង្រៀននេះឯង ដែលវាមិនមែនជាការចេញរកស៊ីដោយផ្ទាល់ ហើយប្រមូលលុយចំណេញពីការរកស៊ីនោះទេ។
លោកបណ្ឌិតបន្តថា “យុវជនគួរតែគិតលើចំណុចនេះ ហើយកុំចំណាយពេល ចំណាយថវិកា ហើយគ្មានលទ្ធផល។ លើលោកនេះគ្មានលុយណាធ្លាក់ពីលើមេឃនោះទេ ប៉ុន្តែបានមកពីការសន្សំ។ លោកបន្តថា “មានមនុស្សធ្លាប់សួរខ្ញុំថា ធ្វើយ៉ាងណាអាចរកលុយបាន១លានដុល្លារ ខ្ញុំប្រាប់គាត់ថា បើចង់បាន១លាន ប្អូនត្រូវទៅខំរកលុយឱ្យបាន១ពាន់ដុល្លារ នៅខែក្រោយហើយមកជួបខ្ញុំ” ។
លោកបន្តថា លោកនឹងប្រាប់គាត់ទៀតថា ត្រូវខំរកលុយឱ្យបាន១ម៉ឺនដុល្លារនៅខែក្រោយហើយមកជួបលោក ហើយព្យាយាមខិតខំរកស៊ីឱ្យបាន១០ម៉ឺន -២០ម៉ឺន-៥០ម៉ឺន លុះពេលបន្ទាប់ទៀតលុយ ១លានដុល្លារ ដែលប្រាថ្នានោះវានឹងអាចទទួលបាន។
លោកបន្ថែមថា “មានន័យថាគាត់បានពីការព្យាយាមសន្សំ ចាប់ពីចំណុចតូចរហូតដល់ចំណុចធំកំពូល។ នេះជារឿងពិតនៃការរកស៊ី និងសន្សំធ្វើជាអ្នកមាន” ៕