រដ្ឋមន្រ្តីក្រសួងទេសចរណ៍អះអាងថាក្រសួងកំពុងធ្វើការជាមួយស្ថាប័នពាក់ព័ន្ឋដើម្បីឈានទៅពិភាក្សាជាមួយស្ថានទូតចិនលើការធ្វើដំណើរទៅវិញទៅមក

0

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកបណ្ឌិតថោង ខុនបានមានប្រសាសន៍ថា ក្រសួងនឹងជួបពិភាក្សាជាមួយសក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ឋ ដើម្បីឈានទៅពិភាក្សាជាមួយស្ថានទូតចិននាពេលខាងមុខ លើការធ្វើដំណើរចេញចូលរវាងប្រទេសទាំងពីរ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៥ មេសានេះថា ការៀបចំផែនទីចង្អុលបង្ហាញផ្លូវ ទាក់ទងនឹងការធ្វើដំណើរឡើងវិញ ដែលមិនខុសពីការវិវត្តរបស់កម្ពុជា  និងបណ្តាប្រទេសនានានៅក្នុងពិភពលោកនោះទេ ដែលសម្តេចតេជោ និងបណ្តាប្រទេសនានា កំពុងជំរុញល្បឿននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ហើយកម្ពុជានៅតែជំរុញការអនុវត្តន៍នូវគោលការណ៍ណែនាំ៣កុំ និង៣ការពារ ដែលនេះជាយន្តការធំបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះ។

លោកបន្តថា “រហូតមកទល់ពេលនេះ យើងមិនទាន់បានជួបពិភាក្សាជាមួយស្ថានទូតចិននៅឡើយទេ ដោយសារយើងត្រូវធ្វើការ ជាមួយក្រសួងពាក់ព័ន្ឋទាំងអស់សិន ពិសេសក្រសួងសុខាភិបាល”។ លោកបន្តថា “ខ្ញុំធ្លាប់បានធ្វើការងារលើការរៀបចំការធ្វើដំណើរចេញចូលឡើងវិញជាមួយស្ថានទូតចិន ជប៉ុន កូរ៉េ រួចហើយ ប៉ុន្តែត្រូវបានផ្អាកវិញ ដោយសារព្រឹត្តិការណ៍២០កុម្ភៈ”។

លោកថោង ខុនបានបន្តថា ប្រសិនជាការល្បឿននៃការចាក់វ៉ាក់សាំងបានលឿន ដូចអ្វីជាការចង់បានរបស់សម្តេចតេជោ ចុងឆ្នាំនេះយើងអាចចាប់ផ្តើមការធ្វើដំណើរប  ណ្តើរៗហើយ”។​ ចំពោះប្រទេសថៃ បានរៀបចំកញ្ចប់ទស្សនកិច្ច សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងងរួចហើយ ប៉ុន្តែនៅតែចាំបាច់ ត្រូវតតែធ្វើចត្តាឡីស័ករយៈពេលពីមួយសប្តាហ៍ទៅរយៈពេល១០ថ្ងៃ និងធ្វើតេស្តរកមេរោគកូវីដ(PCR)ចំនួនពីរដង ក្នុងកំឡុងពេលធ្វើចត្តាឡីស័កនេះ ដែលប្រការនេះ កម្ពុជាក៏ចាំបាច់ពិគ្រោះពិភាក្សាគ្នា ដើម្បីធ្វើយ៉ាងណាឲ្យមានភាពសមស្របតាម សភាពការណ៍ជាក់ស្តែងរបស់យើង ព្រោះប្រទេសនិមួយៗធ្វើអ្វីក៏ដោយតែងតែគិតដល់សុខភាពប្រជាជនជាចម្បង។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ឲ្យដឹងផងដែរថា អ្វីដែលត្រូវផ្តោតបច្ចុប្បន្ននេះ គឺគិតពីសុវត្ថិភាពជាមុន ធ្វើយ៉ាងណាឲ្យអស់ជំងឺកូវីដ១៩ចេញពីផែនដី ហើយមានតែការចាក់វ៉ាក់សាំងទេទើបអាចបំបាត់ជំងឺនេះបាន ហេតុនេះមិនមែនត្រូវតែចាក់នៅកម្ពុជានោះទេ តែប្រជាជនលើពិភពលោកក៏ត្រូវចាក់ដែរ ទើបអាចធ្វើដំណើរបាន។

លោកស្រីបន្តថា “បើយើងបានចាក់គ្រប់គ្នា ហើយវ៉ាក់សាំងបានមកដល់ទាន់ពេល​វេលា យើងអាចស្តារឡើងវិញបានលឿនពីវិបត្តិនេះ”។ លោកស្រីបន្ថែមថា “នៅពេលស្ថានភាពប្រសើរឡើង យើងនឹងចាប់ផ្តើមធ្វើការ ជាមួយ​ប្រទេសជិតខាងយើងជាមុន ពិសេសប្រទេសចិន ដែលមានទីផ្សារធំ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here