ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុម័តរួចហើយ នូវគម្រោងបង្កើតទីក្រុងGrand City Siem Reap ដែលមានទីតាំងជិតព្រលានយន្តហោះអ្តរជាតិថ្មី នៃខេត្តសៀមរាប។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៥ មេសានេះថា Master Planរបស់ទីក្រុងថ្មីនេះ ត្រូវបានសម្តេចតេជោអនុម័តរួចហើយ ស្របពេលក្រសួងបាននិងកំពុងផ្ញើរឯកសារ និងផែនការអភិវឌ្ឍន៍ទីក្រុងនេះ ទៅកាន់ស្ថាប័នពាក់ព័ន្ឋពិនិត្យ ព្រោះការងារនេះត្រូវធ្វើជាអន្តរក្រសួង។លោកបន្តថា ទីក្រុងថ្មីនេះ មានទីតាំងនៅក្បែរព្រលានយន្តហោះថ្មី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាតំបន់មិនស្ថិតក្រោមការការពាររបស់់អាជ្ញាធរអប្សរានោះទេ។
លោកបន្តថា “រហូតមកទល់ពេលនេះ ទីក្រុងថ្មីនេះមិនទាន់មានសកម្មភាពអភិវឌ្ឍន៍ជាដុំកំភួនអ្វីនៅឡើយទេ ខណៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីផែនការនេះត្រូវបានផ្អាក ដោយសារវិបត្តិកូវីដ១៩”។ លោកបន្តថា “ទោះជាយ៉ាងណា យើងមិនទាន់អាចបញ្ជាក់ពីទំហំផ្ទៃដី និងផែនការលំអិតរបស់ទីក្រុងនេះបាននៅឡើយទេ ប៉ុន្តែអ្វីៗបានរៀបចំរួចរាល់ហើយ ព្រោះសម្តេចបានអនុម័តរួចហើយ”។
លោករដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្នការងារស្ថាបនាផ្លូវចំនួន៣៨ខ្សែ នៅក្នុងទីក្រុងសៀមរាប បាននិងកំពុងជម្រុញយ៉ាងសកម្ម ដើម្បីលើកកំពស់សោភ័ណភាពក្រុង ទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ។
រដ្ឋាភិបាលបាន និងកំពុងសហការជាមួយក្រុមហ៊ុនយូណាន មានមូលដ្ឋាននៅប្រទេសចិន ដើម្បីដំណើរការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិ នៅក្នុងស្រុកសូទ្រនិគម ដែលស្ថិតនៅលើផ្ទៃដី៧០០ហិកតា និងគ្រោងបោះទុនវិនិយោគប្រមាណ៩០០លានដុល្លារអាមេរិក។ តាមផែនការព្រលានយន្តហោះនេះ នឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៣ខាងមុខនេះ៕