ខ័ណ្ឌចំនួន៣នៅជាយរាជធានីភ្នំពេញទទួលបានថាមពលអគ្គិសនីពីខ្សែ បញ្ជូនតង់ស្យុងខ្ពស់ថ្មី

0

បញ្ជូនតង់ស្យុងខ្ពស់ថ្មី

        ដោយៈរតនៈ

ភ្នំពេញៈ ខ័ណ្ឌថ្មីចំនួន៣នីរាជធានីភ្នំពេញ បានទទួលថាមពលអគ្គិសនីមានកម្រិតង់ស្យុងខ្ពស់ដល់ទៅ១១៥ គីឡូវ៉ុលចាប់ពីអនុស្ថានីយអគ្គិសនីទី៣ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទៅកាន់អនុស្ថានីយអគ្គិសនីពោធិ៍ចិនតុង ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដើម្បីផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋ នៅខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងមួយផ្នែកនៃខណ្ឌសែនសុខ។

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ឲ្យដឹងថា អគ្គិសនីកម្ពុជាបានបញ្ចប់ការសាងសង់ និងបានដាក់ឲ្យដំណើរការអនុស្ថានីយអគ្គិសនីតង់ស្យុងខ្ពស់ ១១៥/២២ គីឡូវ៉ុល កម្លាំង ៧៥ មេហ្កាវ៉ុលអាំពែរ ដែលមានទីតាំងស្ថិតក្នុងបរិវេណបញ្ជាការដ្ឋានការពារអាកាស និងខ្សែបញ្ជូនអគ្គិសនីអាកាស និងកប់ដីតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុល បែកខ្នែងចេញពីផ្លូវ Northbridge ប្រវែងប្រមាណ២គីឡូមែ ត្រ។

លោកបានបន្តថា “អនុស្ថានីយថ្មីនេះ បានដាក់ឲ្យដំណើរការនៅដើមរដូវប្រាំងខាងមុខនេះ ដែលជាពេលវេលាដ៏ល្អសមស្របមួយ ដើម្បីផ្គត់ផ្គង់បន្ទុកប្រើប្រាស់ដែលកំពុងកើនឡើងខ្លាំងក្នុងតំបន់នេះ ព្រមទាំងជួយសម្រាលការប្រើប្រាស់ ចេញពីអនុស្ថានីយជុំវិញ ដែលកំពុងលើសបន្ទុក និងបង្កើនប្រសិទ្ធភាពនៃការផ្គត់ផ្គង់ជូនរាជធានីភ្នំពេញ”។

អនុស្ថានីយនេះដែរ ស្ថិតក្នុងតំបន់ដែលកំពុងមានសកម្មភាព អភិវឌ្ឍន៍រីកដុះដាលច្រើនរបស់ប្រជាពលរដ្ឋ ក៏ដូចជាអគារពាណិជ្ជកម្មប៊ូយ៉ុងថោន អគារអ៊ែតវូត អគារពាណិ​ជ្ជកម្ម ផ្សារទំនើប ជាពិសេសសម្រាប់ត្រៀមបំពេញតម្រូវការ ប្រើប្រាស់របស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងត្រលប់មកដំណើរការជាប្រក្រតីឡើងវិញ បន្ទាប់ពីស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩ បានធូរស្រាល។

លោកកែវ រតនៈ បានបញ្ជាក់បន្ថែមថា “ទីតាំងដីអនុស្ថានីយនេះជាអំណោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានផ្ទេរឲ្យមកអគ្គិសនីកម្ពុជា ដែលជាក្រុមហ៊ុនរបស់រដ្ឋនូវទំហំដី ៣,៣៧៥ ម៉ែត្រការ៉េ សម្រាប់ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធអគ្គិសនីដ៏សំខាន់នេះ”។

អគ្គិសនីកម្ពុជាគ្រោងបន្ថែមត្រង់ស្វូម៉ាទ័រ៧៥ មេហ្កាវ៉ុលអាំពែរ មួយទៀត ដើម្បីឲ្យមានកម្លាំងសរុបដល់១៥០មេហ្កាវ៉ុលអាំពែរ ដើម្បីធានាវិសាលភាពនៃការផ្គត់ផ្គង់ផង និងបង្កើនស្ថិរភាព និងគុណភាពអគ្គិសនីជូនដល់ប្រជាពលរដ្ឋផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here