ដោយ: គង់ សូរិយា
ភ្នំពេញ: ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការចុះបញ្ជីម៉ាកពាណិជ្ជកម្ម រួមទាំងការចុះបញ្ជីម៉ាក ជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធម៉ាឌ្រីដ នៅក្រសួងពាណិជ្ជកម្ម បានកើនឡើងរហូត៣០ភាគរយកាលពីឆ្នាំ២០២០ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០១៩។ នេះបើតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្ម។
យោងតាមរបាយការណ៍បូកសរុប លទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២០ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២១ របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញឲ្យដឹងទៀតថា គិតចាប់ពីខែមករា រហូតខែធ្នូ ឆ្នាំ២០២០ ការងារចុះបញ្ជីម៉ាកពាណិជ្ជកម្មទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសមានចំនួន៧ ៩៩៧ កើនឡើង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០១៩ ដែលមានចំនួន៦១៧៥ ក្នុងនោះការចុះបញ្ជីម៉ាកក្រុមហ៊ុនក្នុងស្រុក៥ ៦២៨ និងក្រុមហ៊ុនបរទេស៤ ២៧៣។
ទាក់ទងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៅក្នុងប្រទេសកម្ពុជា ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ដែលគ្រោងដាក់សម្ពោធក្នុងខែមេសាឆ្នាំនេះ, ដាក់ពាក្យសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” ជាអន្តរជាតិនៅ ៣២ប្រទេស ក្រោមច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងទីក្រុងលីស្បោន និងបានចុះបញ្ជីជាផ្លូវការកាលពីចុងឆ្នាំ២០២០ កំពុងអនុវត្តគម្រោងចុះបញ្ជីម៉ាក សម្គាល់ភូមិសាស្រ្តទំនិញ “អំបិល និងផ្កាអំបិលកំពត”។
ក្រសួងកំពុងអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះ និងសមត្ថភាពរបស់សមាគម តាមរយៈការជំរុញឲ្យប្រើប្រាស់រូបសញ្ញាជាតិ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” និង “ក្រូចថ្លុងកោះទ្រង់”។ និងសិក្សាស្រាវជ្រាវផលិត អង្ករថ្មគោល និងធុរេនកំពត ដើម្បីត្រៀមចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនា។
ក្រៅពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ កម្ពុជាក៏មានម៉ាកសមូហភាពទៀតដែរ ដែលក្នុងនោះ កំពុងរៀបចំចុះបញ្ជីម៉ាកសមូហភាព “អំបុកកំពង់ធំ” “នំបញ្ចុកសៀមរាប” “ចម្លាក់ប្រាក់-ស្ពាន់ ឃុំកំពង់លួង-កោះចិនខេត្តកណ្តាល” “ស្មូនឆ្នាំងដីខេត្តកំពង់ឆ្នាំង” និង“ពងទាកូនស្រែរនោង-ខេត្តតាកែវ”។ កំពុងសិក្សាស្រាវជ្រាវផលិតផលសក្តានុពល សូត្រខ្មែរ អង្ករសេរីរាង្គព្រះវិហារ ក្រូចពោធិ៍សាត់ អង្ករស្មាច់ស្វាយរៀង ធុរេនសំឡូត មៀនប៉ៃលិន អង្ករនាងអំ ដើម្បីត្រៀមរៀបចំចុះបញ្ជីម៉ាកសមូហភាព៕