ដោយៈរតនៈ
ភ្នំពេញៈ លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិតម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈអាចចប់ក្នុងពេលដ៏ឆាប់ គឺប្រជាពលរដ្ឋត្រូវបន្ដរួមគ្នា ប្រកាន់ខ្ជាប់នូវគោលការណ៍៣ការពារ ៣កុំ បូកនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយមិនចេញពីផ្ទះបើមិនចាំបាច់។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ដូចនេះក្នុងឱកាសអញ្ជើញចុះមកពិនិត្យ ម៉ាស៊ីនតេស្ដសំណាករកមេរោគកូវីដ១៩ នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នាថ្ងៃទី៥ ខែមេសា ។
លោកសាស្ត្រាចារ្យបន្តថា “បើមិនចាំបាច់ទេ សូមប្រជាពលរដ្ឋនៅផ្ទះ ព្រោះការនៅផ្ទះមិនមានប៉ះពាល់ជាមួយអ្នកដទៃ ដែលធ្វើឲ្យគ្មានហានិភ័យឆ្លងជំងឺកូវីដ១៩ ពីគេមកខ្លួននិងចម្លងមកគ្រួសារ លើកលែងតែយើងមានភារកិច្ចចាំបាច់ តែត្រូវប្រកាន់ខ្ជាប់៣ការពារ និង៣កុំ”។
កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន២៧៥២នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២២២២នាក់ អ្នកជាសះស្បើយចំនួន១៧៤៧នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន៩៧៩នាក់ អ្នកស្លាប់ចំនួន ២១នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន៥នាក់។
របាយការណ៍នេះ គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ៕