អាជ្ញាធរខេត្តកំពង់ចាមរៀបចំស្ថាបនាច្រាំងទន្លេរហូតដល់ពីរគីឡូម៉ែត្រនៅស្រុក ចំនួនពីរតាមដងទន្លេមេគង្គ

0

ដោយៈគង់ សូរិយា

        ភ្នំពេញៈ រដ្ឋបាលខេត្តកំពង់ចាមបាននិងកំពុងស្ថាបនា ច្រាំងទន្លេប្រវែងវែងមួយ នៅតាមបណ្តោយដងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្រ្តស្រុកចំនួនពីរ ដើម្បីកាត់បន្ថយការប្រាក់ច្រាំងទន្លេ នៅរដូវទឹកជំនន់។

អភិ​បាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពន្លឿនក្នុងការសាងសង់ច្រាំងទន្លេប្រវែង២,០០០ម៉ែត្រ នៅក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស ដោយមានការអញ្ចើញចូលរួមពីមន្ទីរ អង្កភាពពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសរបស់ក្រុមហ៊ុន រីវើសាយ ឌីវេឡុបម៉ិន ឯ.ក។

បន្ទាប់ពីកិច្ចពិភាក្សាលើវឌ្ឍនភាព នៃគម្រោងរៀបបាវខ្សាច់(Geo-textile) ទប់ការពារការបាក់-ស្រុតច្រាំងទន្លេ ប្រវែង២.០០០ម៉ែត្រ នៅឃុំឬស្សីស្រុក ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ និងឃុំសូរគង ស្រុកកងមាស។

លោកអភិបាលខេត្ត បានឯកភាពទៅលើគំរូប្លង់ ដែលក្រុមហ៊ុនបានស្នើឡើង និងស្នើឲ្យក្រុមហ៊ុនទទួលការសាងសង់ពន្លឿនការងារ ខណៈរដូវវស្សានឹងជិតចូលមកដល់នាពេលខាងមុខ។ ជាមួយគ្នានេះក្រុមហ៊ុន ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ក្នុងការបូមដីកោះដុះថ្មី និងដីខ្សាច់ តម្រង់ចរន្តទឹកហូរ នៅតំបន់កោះតូច ចន្លោះរវាងស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីបញ្ជៀសការបាក់-ស្រុតច្រាំងទន្លេ។

តាមការបញ្ជាក់ពីអ្នកបច្ចេកទេស របស់ក្រុមហ៊ុន រីវើសាយឌីវេឡុបម៉ិន ឯ.ក បានធ្វើបទបង្ហាញ អំពីគម្រោងប្លង់បច្ចេកទេស រៀបចំបាវខ្សាច់(Geo-textile) ដើម្បីទប់ច្រាំងទន្លេ ប្រវែង២០០០ ម៉ែត្រ ដោយចាប់ផ្តើម បូមខ្សាច់ធ្វើបាតជាបណ្តើរៗ ចាប់ពីដើមខែមេសានេះតទៅហើយ ក្នុងជំហានទី១ ឲ្យបានកំពស់ ០៤ម៉ែត្រ និងចាប់រៀបចំបាវខ្សាច់ បន្តក្នុងជំហានទី២ ឲ្យបាន៨,៥ ម៉ែត្រ ស្មើនឹង៥០% នៃកំពស់ច្រាំងទន្លេ រួចត្រូវបន្តធ្វើជំហានទី៣ ទៀត រហូតដល់កំពស់ ១២ ម៉ែត្រ បញ្ចប់ គម្រោង ដែលស្មើនឹង៧៥% នៃកំពស់ច្រាំងទន្លេ។ ក្រុមហ៊ុន បានប្រើប្រាស់ទន្និន័យមូលដ្ឋានអំពីកំពស់ទឹកទន្លេ ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងទិន្នន័យ ផែនទីបាតទន្លេ ពីវេបសាយ របស់គណៈកម្មាធិការទន្លេមេគង្គ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here