ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនបានមានប្រសាសន៍ ឲ្យដឹងថា ក្រសួងកំពុងស្នើគណកម្មការចំពោះកិច្ច ដើម្បីចាក់វ៉ាក់សាំងជូន បុគ្គលិក និយោជិត ក្នុងឧស្សាហកម្មទេសចរណ៍ទាំងអស់នាពេលខាងមុខ។
លោកបណ្ឌិតថោង ខុនបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមកាលពីថ្ងៃទី៥ មេសាកន្លងមកថា ការស្នើសុំនេះ ដើម្បីឲ្យមានការចាក់វ៉ាក់សាំងនេះ តាមគោលដៅទេសចរណ៍សំខាន់ៗជាមុន ពិសេសគោលដៅទេសចរណ៍ណា ដែលគ្រប់គ្រងសហគមន៍បានល្អ និងល្បឿននៃការចាក់វ៉ាក់សាំង ជូនប្រជាជនក៏បានលឿនល្អ និងអាចចាក់វ៉ាក់សាំងជូនបុគ្គលិកឧស្សាហកម្មបានល្អ វាជាអំណោយផលដើម្បីជាមូលដ្ឋាន ដើម្បីក្រសួងពិចារណាជាមួយក្រសួងសុខាភិបាល ក្នុងការស្នើសុំរាជរដ្ឋាភិបាលពិនិត្យ និងបើកគោលដៅទេសចរណ៍នោះជាមុន។
លោកបណ្ឌិតបានបន្តថា “ដូចករណីខេត្តសៀមរាប បើខេត្តនេះគ្រប់គ្រងសភាពការណ៍នៅក្នុងសហគមន៍បានល្អហើយ ចាក់វ៉ាក់សាំងជូនប្រជាជនបានល្អហើយ និងចាក់ទៅជូនអ្នកជួរមុខក្នុងឧស្សាហកម្មនេះបានល្អហើយ យើងអាចពិចារណាបើកគោលដៅទេសចរណ៍ខេត្តសៀមរាបមុន ប៉ុន្តែក៏ត្រូវអនុវត្តន៍តាមគោលការណ៍ របស់ក្រសួងសុខាភិបាល ដែលយើងនឹងត្រូវជជែកគ្នាបន្តទៀត” ។
លោករដ្ឋមន្ត្រីបានបន្តថា “យ៉ាងណាក៏ដោយរដ្ឋាភិបាលប្រទេសនិមួយៗ តែងតែគិតគូជាចម្បង លើអាយុជីវិតប្រជាពលរដ្ឋជាមុន និងជាអាទិភាព ព្រោះហេតុនេះទើបយើងបន្តធ្វើការយ៉ាងជិតស្និទ្ឋ ជាមួយក្រសួងសុខាភិបាលលើការងារនេះ ដើម្បីធ្វើយ៉ាងណាឲ្យអ្វីៗមានភាពសមស្របតាមសភាពការណ៍ជាក់ស្តែង” ។
លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍គាំទ្រ នូវការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឲ្យមានការចាក់វ៉ាក់សាំងដលើក្រុមជួរមុខនៅក្នុងវិស័យនេះ។ លោកស្រីបន្តថា ការបើកតំបន់ណាមួយឡើងវិញក្នុងខេត្តសៀមរាប ស្ថិតក្នុងការពិចារណារបស់ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល ដោយយើងក្នុងនាមជាវិស័យឯកជននឹងអនុវត្តន៍តាម ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕