ដោយៈរតនៈ
ភ្នំពេញៈ បើទោះជាកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា បានធ្លាក់ចុះបន្តិចដោយសារជំងឺកូវីតវាយលុកក្តី ប៉ុន្តែអ្នកជំនាញក្នុងប្រទេសកម្ពុជាអះអាងថា ស្ថិរភាពតម្លៃអចលនទ្រព្យនៅកម្ពុជា ស្ថិតនៅក្នុងលំដាប់ថ្នាក់ល្អទី៣ឬទី៤ ក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។
ឧកញ៉ាឃាង ពុទ្ធីប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានប្រាប់ Propertyarea កាលពីថ្ងៃទី៥ មេសាកន្លងមកថា កាលពីឆ្នាំ២០២០កន្លងទៅប្រទេសសិង្ហបុរី គឺមានការឆ្លងជំងឺកូវីត១៩ខ្លាំង តែដោយសារតែវិធានការការពាររបស់ប្រទេសជាសមាជិកអាស៊ានមួយនេះធ្វើបានល្អ ធ្វើឲ្យប្រទេសនេះបានធូរស្បើយពីជំងឺមួយនេះ ហើយតម្លៃអចលនទ្រព្យក៏កើនឡើងវិញផងដែរ។
លោកបន្តថា “សម្រាប់ស្ថិរភាពអចលនទ្រព្យកម្ពុជា គីស្ថិតក្នុងលំដាប់ថ្នាក់ទី៣នៃប្រទេសទាំង១១ក្នុងអាស៊ាន” ។ លោកបានបង្ហាញពីចំណុចខ្លាំង របស់ប្រទេសកម្ពុជាគីតម្លៃអចលនទ្រព្យនៅកម្ពុជាហាក់នៅទាប កម្ពុជាស្ថិរភាពនយោបាយ និងមានទីតាំងភូមិសាស្ត្រកម្ពុជាល្អ។
យ៉ាងណាក៏ដោយលោកបានមានប្រសាសន៍ថា កម្ពុជាក៏មានចំនុចខ្សោយមួយផងដែរ គឺការអប់រំរបស់ប្រជាពលរដ្ឋខ្មែរនៅមានកម្រិតទាប។
ជាមួយគ្នានេះ លោកស្រី អាន សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យក៏អះអាងថាដែរថា វីស័យអចលនទ្រព្យនៅកម្ពុជាមានភាពរីកចម្រើន ក្នុងរង្វង់រយៈពេល៥ឆ្នាំចុងក្រោយ ហើយក៏មានសក្ដានុពលខ្ពស់ បើប្រៀបធៀបជាមួយប្រទេសជិតខាង និងតម្លៃអចលនទ្រព្យ នៅទាបបើប្រៀបធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន ។
លោកស្រីបន្តថា “បើប្រៀបធៀបពីផលប៉ះពាល់ពីកូវីត កម្ពុជាមានផលប៉ះពាល់តិច ជាងប្រទេសក្នុងតំបន់ បើទោះជាពេលនេះអ្នកផ្ទុក និងអ្នកស្លាប់ដោយសារកូវីត១៩ ហាក់កើនឡើងបន្តិចក្តី” ។ លោកស្រីមើលឃើញថា វៀតណាមទីផ្សារអចលនទ្រព្យមានស្ថិរភាពតម្លៃទី១ក្នុងតំបន់អាស៊ាន ហើយកម្ពុជាអាចស្ថិតក្នុងលំដាប់ថ្នាក់លេខ៣ ឬលេខ៤ ក្នុងចំណោមប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន” ។
ប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មាន១០ប្រទេស គឺ កម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងហ្វីលីពីន។
ស្របពេលដែលជំងឺកូវិត១៩ បានវាយលុកទូទាំងសកលលោក ហើយបានធ្វើស្ថានភាពសេដ្ឋកិច្ចប្រែប្រួលនោះ អត្រាកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក៏ធ្លាក់ចុះពីជាង៧ភាគរយ មកដល់កម្រិតដក៣,៥ភាគរយកាលពីឆ្នាំមុន ប៉ុន្តែនឹងកើនត្រលប់មកត្រឹមរង្វង់៤ភាគរយនៅឆ្នាំនេះ។ នេះបើតាមការវិភាគ និងព្យាករណ៍ដោយស្ថាប័នអន្តរជាតិធំៗដូចជា IMF, World Bank, ADB, AMRO ជាដើម៕