ទីក្រុង​ឌូ​បៃ​រំលេច​នូវ​ស្ថាបត្យកម្ម​មជ្ឈមណ្ឌល​នវានុវត្តន៍​សូ​ឡា​ដ៏​អស្ចារ្យ Solar Innovation Centre មួយទៀត

0

ដោយៈ​សុខុម

ឌូ​បៃ: ពេល​និយាយ​ដល់​អគារខ្ពស់ៗកប់​ពពក អ្នក​ប្រាកដជា​នឹកឃើញ​ដល់​ក្រុង​ឌូ​បៃមុន​គេ ព្រោះ​នៅ​ទីនោះ សម្បូរ​ទៅដោយ​អគារខ្ពស់ៗកប់​ពពក ឬ​អាច​និយាយបានថា​អគារ​អណ្ដែត​លើ​ផ្ទៃ​ពពក ដ៏​សែន​ស្រស់ស្អាត​ប្រៀប​នឹង​ឋានសួគ៌។

សម្រាប់​អាគារ​ដ៏​ស្រស់ស្អាត និង​ទាក់ទាញ​នេះ ក៏​ស្ថិតនៅក្នុង​ក្រុង​ឌូ​បៃ​ដែរ។ ថ្វីដ្បិតតែ​អគារ​មជ្ឈមណ្ឌល នវានុវត្តន៍​សូ​ឡា Solar Innovation Centre នេះ​មិនមែនជា​អគារ​ខ្ពស់កប់ពពក​ក្ដី ក៏​វា​ជា​អគារ​ដ៏​អស្ចារ្យ​មួយ ដែល​ល្បីល្បាញ​ពាសពេញ​ពិភពលោក​ជាមួយនឹង​រចនាប័ទ្ម​រាងរមួលៗ ដូច​ស្ករ​ទាញ​តាំងពី​ក្រោម​រហូត ដល់​កំពូល​គួរឱ្យភ្ញាក់ផ្អើល។

ឌី​ហ្សា​ញ​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម Kettle Collective  និង​ទទួល​សាងសង់​ដោយ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ Hadeed Emirates Contracting Company អគារ​នេះ​ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ២០១។

អគារ​នេះ​មាន៤ជាន់ កម្ពស់៨៨ម៉ែត្រ និង​មាន​ផ្ទៃក្រឡា​សរុប៤.៣៥៥ម៉ែត្រការ៉េ។ នៅ​ជាន់​ខាងក្រោម​ជា​កន្លែង​ទទួលភ្ញៀវ ជាន់​ទី១ ជា​សារមន្ទីរ​របស់​រដ្ឋាក​រ​ទឹក និង​អគ្គិសនី​ក្រុង​ឌូ​បៃ (DEWA) ព្រមទាំង​សាលប្រជុំ។ ចំណែកឯ​ជាន់​ទី២ មាន​បន្ទប់​សម្រាប់ធ្វើ​បាឋកថា មជ្ឈមណ្ឌល​ចែករំលែក​ចំណេះដឹង បន្ទប់ពិសោធន៍ បន្ទប់​បណ្ដុះបណ្ដាល។

នៅ​ជា​ន់ទី៣ គឺជា​ភោជនីយដ្ឋាន និង​កន្លែង​អង្គុយលេង ចំណែកឯ​ជាន់​ទី៤ គឺជា​កន្លែង​គយគន់​ទេសភាព​ក្នុង​ឧទ្យាន​សូ​ឡា​ទាំងមូល។

អគារ​នេះ​ស្ថិតក្នុង​ដំណាក់កាល​ទី៣ នៃ​គម្រោង​អភិវឌ្ឍន៍​ឧទ្យាន​សូ​ឡា Mohammed bin Rashid Al Maktoum Solar Park ដែលជា​ឧទ្យាន​សូ​ឡា​ដ៏​ធំ​ធំ​បំផុត​ក្នុង​ពិភពលោក។ឧទ្យាន​សូ​ឡា​នេះ មាន​គម្រោង​ផលិត​ថាមពល​អគ្គិសនី ឱ្យបាន៥.០០០មេ​ហ្គា​វ៉ា​ត់​នៅត្រឹម​ឆ្នាំ២០៣០ ជាមួយនឹង​ទំហំ​វិនិយោគ​រហូត ដល់​ទៅ១៣,៦ពាន់​លាន​ដុល្លារ​អាមេរិក។

អគារ​នេះ ពិតជា​បាន​ជួយ​ពង្រឹងសមត្ថភាព របស់​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ដែលមាន​ប្រជាជន​ប្រមាណ៩,៩៩លាន​នាក់ នៅក្នុង​ការប្រកួតប្រជែង​លើ​វិស័យ​ថាមពល​កកើត​ឡើងវិញ។ ទន្ទឹមនេះ វា​ក៏បាន​ជួយ​គាំទ្រ​ដល់​យុទ្ធសាស្ត្រ ថាមពល​កកើត​ឡើងវិញ​របស់​ក្រុង​ឌូ​បៃ ដែល​មានបំណង​ផ្គត់ផ្គង់​ឱ្យបាន៧៥% នៃ​ការផ្គត់ផ្គង់​ថាមពល​សរុប​ក្នុង​ក្រុង ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ៣,៣៨លាន​នាក់​មួយ​នេះ​នៅត្រឹម​ឆ្នាំ២០៥០ផងដែរ។

អគារ​សូ​ឡា​ដ៏​ធំ​បែបនេះ គឺជា​អគារ​ដំបូង​មិន​ធ្លាប់មាន នៅ​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង។

បច្ចុប្បន្ន អគារ​នេះ​បាន​ក្លាយជា​តំបន់​ទេសចរណ៍ ដ៏​ពេញនិយម​មួយ​ដែល​បើកទទួល​ស្វាគមន៍​ភ្ញៀវ​គ្រប់​វ័យ​រួមមាន​សិស្ស​និស្សិត គ្រួសារ ពាណិជ្ជករ និង​អ្នក​អាជីព។ ពេលទៅដល់​ទីនោះ ក្រុមការងារ​នឹង​ជូន​អ្នកដើរ​ទស្សនា ហើយ​អ្នកនឹង​ទទួលបាន​ឱកាស​សិក្សា​រៀនសូត្រ និង​យល់ដឹង​អំពី​សារៈសំខាន់ នៃ​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here