ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកអន្តរជាតិបានលើកឡើងថា វិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវមើលឃើញថា មានការងើបឡើងវិញនៅដើមឆ្នាំ២០២១នេះ ប៉ុន្តែបន្ទាប់ពីការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ព្រឹត្តិការណ៍២០ កុម្ភៈនេះ បានធ្វើវិនិយោគិនជាតិ និងអន្តរជាតិស្ទាក់ស្ទើក្នុងការមកវិនិយោគនៅកម្ពុជា។
លោក James Hodge អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់នៅល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ថា ការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ព្រឹត្តិការណ៍២០ កុម្ភៈនេះ បានធ្វើឱ្យអ្នកទិញ និងអ្នកជួលមួយចំនួន ប្រកាន់យកនូវយុទ្ធសាស្ត្រ “រង់ចាំនិងមើល” (wait and see) ដែលបានកាត់បន្ថយសកម្មភាពបន្ថែមទៀតនៅលើទីផ្សារ ព្រោះវាទំនងជានឹងនាំឱ្យមានសម្ពាធបន្ថែម លើតម្លៃអចលនទ្រព្យ និងការជួល។
លោកបានថ្លែងថា “ការផ្ទុះឡើងនៃការឆ្លងចូលក្នុងសហគមន៍កាន់តែយូរ ការរំខាននិងផលប៉ះពាល់ដល់វិស័យអចលនទ្រព្យ នឹងមានរយៈពេលកាន់តែយូរខែទៅមុខទៀត។លោកឱ្យដឹងទៀតថា“ទីផ្សារអចលនទ្រព្យនៅក្រៅប្រទេស បានចាប់ផ្តើមងើបឡើងវិញ នៅដើមឆ្នាំ២០២១នេះ ហើយប្រទេសកម្ពុជា មានសញ្ញាងើបឡើងវិញដូចគ្នាដែរ ប៉ុន្តែព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើឱ្យទីផ្សារបាត់បង់នូវទំនុកចិត្តមួយចំនួន និងប៉ះពាលដល់ដំណាក់កាលងើបឡើងវិញ” ។
លោក JAMES បានឱ្យដឹងបន្តថា ប្រសិនបើព្រឹត្តិការណ៍នេះ បន្តអូសបន្លាយរយៈពេលជាច្រើនខែទៅមុខ យើងអាចរំពឹងថា ទីផ្សារអចលនទ្រព្យ នឹងចុះខ្សោយខ្លាំងក្នុងឆ្នាំនេះ ជាងព្យាករណ៍កាលពីពីមុន។
លោកបានបន្តថា “ការអូសបន្លាយនៃបញ្ហានេះ បានបណ្តាលឱ្យមានការព្រួយបារម្ភមួយចំនួន ដែលខុសពីការព្យាករណ៍លើកដំបូង។ ជាមួយគ្នានេះដែរ វាទាមទារឱ្យមានទំនុកចិត្តនៅក្នុងទីផ្សារ ដើម្បីជំរុញសកម្មភាពគ្រប់កម្រិតនៅក្នុងវិស័យអចលនទ្រព្យ” ។
សកម្មភាពអចលនទ្រព្យមួយចំនួន អាចនឹងត្រឡប់មកវិញ តាមរយៈការប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យាកាន់តែទូលំទូលាយ ក៏ដូចជាពិធីសារសន្តិសុខកាន់តែតឹងរឹងនៅបន្ទប់តាំងបង្ហាញអចលនទ្រព្យ និងការដ្ឋានសាងសង់ ប៉ុន្តែការងារទាំងនេះមិនមានភាពប្រសើរនោះទេ បើប្រៀបធៀបទៅនឹងវិធីសាស្ត្រទីផ្សារ និងការលក់តាមបែបប្រពៃណី នៅពេលអ្នកទិញ និងអ្នកលក់មានទំនុកចិត្ត អំឡុងស្ថានភាពនៃវិស័យសុខាភិបាលល្អប្រសើរ។
ជាមួយគ្នានេះដែរ គម្រោងវិនិយោគថ្មីៗចំនួន៤០ ជាមួយទុនវិនិយោគជាង២,១ពាន់លានដុល្លារ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងត្រីមាសទី១ ឆ្នាំនេះ។
លោក James Hodge បានថ្លែងថា ការវិនិយោគខាងលើនេះ គឺជាសញ្ញាល្អនៃភាពវិជ្ជមានដល់វិស័យអចលនទ្រព្យ។ យើងបានឃើញសកម្មភាពកើនឡើង នៅក្នុងត្រីមាសចុងក្រោយ ឆ្នាំ២០២០ និងប៉ុន្មានសប្តាហ៍ដំបូង នៃឆ្នាំ២០២១ ជាពិសេសក្រុមហ៊ុនសាជីវកម្ម និងវិនិយោគិនបរទេសជាច្រើន បានរៀបចំផែនការរយៈពេលវែង ក្នុងការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕